បន្ទាយមានជ័យ ៖ ក្រុមគ្រូពេទ្យបេសកកម្មអង្គរសហរដ្ឋអាមេរិកបានមកព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យចំនួន៦ថ្ងៃបានជោគជ័យយ៉ាងធំធេង។ ប្រជាពលរដ្ឋទាំងក្មេងចាស់ ប្រុស ស្រី នៅខេត្តបន្ទាយមានជ័យក្នុងមួយថ្ងៃជិត១.០០០នាក់ បាននាំគ្នាសម្រុកមកព្យាបាលជំងឺទូទៅនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណដោយក្រុមគ្រូពេទ្យបេសកកម្មអង្គរសហរដ្ឋអាមេរិកមានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៥ ដោយមិនគិតថ្លៃ។
ក្រុមគ្រូពេទ្យបេសកកម្មអង្គសហរដ្ឋអាមេរិកចំនួន១៧៥នាក់ ដែលដឹកនាំដោយលោក ដានី វង្ស ប្រធានគណៈប្រតិភូសុខាភិបាលបេសកកម្មអង្គរសហរដ្ឋអាមេរិកចុះមកសហការណ៍គ្នាជាមួយក្រុមគ្រូពេទ្យបង្អែកសិរីសោភ័ណ ក្រោមការសម្របសម្រួលពីក្រុមការងារខេត្ត និងមន្ទីរសុខាភិបាលខេត្តបានចុះមកពិនិត្យនិងព្យាបាលជំងឺទូទៅ មនុស្សចាស់ កុមារ ដាក់ដៃសិប្បនិមិត្តជូនជនពិការគ្មានដៃ ជាពិសេសដកធ្មេញជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ។ លោក ដានី វង្ស បាននិយាយថាក្នុងបេសកកម្មរបស់ក្រុមគ្រូពេទ្យអង្គសហរដ្ឋអាមេរិកដែលលោកបានដឹកនាំមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយពុំគិតថ្លៃនោះមានវេជ្ជបណ្ឌិតចម្រុះពូជសាសន៍ចំនួន២០នាក់ គ្រូពេទ្យធម្មតាចំនួន១៥៥នាក់ និងក្រុមយុវជនយុវនារីស្ម័គ្រចិត្តមកពីភ្នំពេញចំនួន៣០នាក់បន្ថែមទៀត។ លោកបានបន្តថា ការមកពិនិត្យព្យាបាលក្នុងរយៈពេល៦ថ្ងៃនេះ ជំងឺទូទៅមាចំនួនជិត៦.០០០ករណី និងប្រជាពលរដ្ឋចូលមកព្យាបាលមានចំនួនជាង៤.០០០នាក់ ហើយថ្ងៃទី៦គឺជាថ្ងៃបញ្ចប់ក្នុងការព្យាបាល។ លោក ដានី វង្សបានបញ្ជាក់ទៀតថា សម្ភារៈយកមកព្យាបាលជូនប្រជាពលរដ្ឋមានថ្នាំពេទ្យគ្រប់មុខជិត២.០០០គីឡូក្រាម និងសម្ភារៈព្យាបាលជំងឺគ្រប់មុខ ថ្លៃសណ្ឋាគារ ថ្លៃហូបចុក និងថ្លៃផ្សេងៗទៀត គឺក្រុមលោកចេញលុយទាំងអស់។ លោកបានបញ្ជាក់ទៀតថា នៅពេលថ្ងៃរសៀលប្រជាពលរដ្ឋខ្លះទីទាល់ក្រគ្មានថវិកាទិញបាយហូបក្រុមគ្រូពេទ្យបេសកកម្មអង្គរសហរដ្ឋអាមេរិកបានទិញនំបុ័ងសាច់ឲ្យហូបទៀតផង។ ហើយក្រុមគ្រូពេទ្យរបស់លោកក្នុង១ឆ្នាំចុះមកពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋក្នុងមួយខេត្តលោកក៏បានធ្វើការសំពះអង្វរដល់ប្រជាពលរដ្ឋខ្លះដែលបានមកហើយ មិនបានចូលព្យាបាល ព្រោះអ្នកជំងឺម្នាក់ៗចង់បានតែមុនលោកថាមិនអាចមើលបានសប់កន្លែងឡើយព្រោះប្រជាពលរដ្ឋច្រើនពេក។ ប្រជាពលរដ្ឋរាប់ពាន់នាក់ដែលបានមកព្យាបាលជម្ងឺគ្រប់មុខដោយមើលឃើញទង្វើរបស់ក្រុមគ្រូពេទ្យបេសកកម្មអង្គសហរដ្ឋអាមេរិកព្យាបាលជម្ងឺរបស់ពួកគាត់ដោយយកចិត្តទុកដាក់ពុំខ្លាចពីការនឿយហត់នោះប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មមនុស្សធម៌របស់អស់លោកមកកាន់ខេត្តបន្ទាយមានជ័យដើម្បីមកព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយកាយវិការមនុស្សធម៌មិនយកកម្រៃសូមឲ្យការព្យាបាលនេះប្រព្រឹត្តទៅដោយសុវត្ថិភាពសុខសប្បាយតាំងពីការព្យាបាលរហូតវិលត្រឡប់ទៅមាតុប្រទេសវិញ៕
គង្គា

0 Comments