ពួកមន្ត្រីនិយាយថា មនុស្សយ៉ាងតិច១៥នាក់ បានស្លាប់នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន នៅពេលពិធីអាពាហ៍ពិពាហ៍មួយត្រូវបានវាយប្រហារដោយរ៉ុក្កែត។
មនុស្សជាង៤០នាក់ទៀត ត្រូវបានរបួសក្នុងនោះរួមមានស្ត្រី និងកូនក្មេងនៅពេលនោះរ៉ុក្កែតបានធ្លាក់ទៅលើផ្ទះមួយដែលគេកំពុងរៀបចំពិធីអាពាហ៍ពិពាហ៍ នៅក្នុងខេត្តហែល ម៉ាន ភាគខាងត្បូង។
ម្ចាស់ផ្ទះនិយាយថា ភ្ញៀវកំពុងជួបជុំគ្នានៅខាងក្រៅផ្ទះ ដើម្បីស្វាគមន៍កូនក្រមុំ ដោយបន្ថែមទៀតថា កូនរបស់លោក៩នាក់កំពុងបាត់ខ្លួន។ ពួកអ្នករបួសត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យ នៅឡាស់កា ហ្កា ដែលជាទីរួមខេត្ត។
ឧប្បត្តិហេតុនោះបានកើតឡើងនៅថ្ងៃពុធ នៅក្នុងអំឡុងពេលការប្រយុទ្ធគ្នាដ៏ខ្លាំងរវាងទាហាន អាហ្វហ្គានីស្ថាន និងពួកសកម្មប្រយុទ្ធតាលីបង់។
វាគឺជាថ្ងៃចុងក្រោយនៃ បេសកកម្មប្រយុទ្ធរបស់សហរដ្ឋអាមេរិក និងអង្គការណាតូនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន។ ចាប់ពីថ្ងៃទី១ ខែមករា ទៅតួនាទីរបស់សម្ព័ន្ធភាពនឹងត្រូវផ្លាស់ប្ដូរទៅជាបេសកកម្មហ្វឹកហាត់ និងគាំទ្រចំពោះកងទ័ព អាហ្វហ្គានីស្ថាន៕
រឹទ្ធ

0 Comments