ប្រភពព័ត៌មាន AFP ពីក្រុងសៀងហៃ ប្រទេសចិនបានឲ្យដឹងថា ការរៀបចំពិធីទទួលអបអរឆ្នាំថ្មីប្រែក្លាយទៅជាសោកនាដកម្មទៅវិញនៅក្នុងប្រទេសចិននៅព្រហស្បតិ៍ដែល ដែលមនុស្ស៣៥នាក់បានបាត់បង់ជីវិតដោយសារការរត់ប្រាសប្រសេចប្រសាចជាន់គ្នាមួយនៅក្រុងសៀងហៃ។
ខណៈពេលដែលនៅទូទាំងពិភពលោកចាប់ផ្ដើមឈានចូលឆ្នាំថ្មី២០១៥ជាមួយទស្សនីយភាពដុតកាំជ្រួចភ្ញីទៀននៅក្នុងទីក្រុងនានាចាប់ពីក្រុងស៊ីដនីរហូតដល់ក្រុងមូស្គូនោះបែរជានៅប្រទេសចិនវិញមានកើតរឿងអាសន្នវឹកវរនៅឯមជ្ឈមណ្ឌលហិរញ្ញវត្ថុក្រុងសៀងហៃ ប្រទេសចិននោះទៅវិញ។
ចលាចលបានកើតមានឡើងនៅក្នុងចំណោមហ្វូងមនុស្សក្នុងមួយរយៈពេលយ៉ាងខ្លី មុនពេលពាក់កណ្ដាលអធ្រាត្រឈានមកដល់ ខណៈពេលដែលហ្វូងមនុស្សនាំគ្នាមកឈរ អង្គុយត្រៀបត្រានៅសង្កាត់ Bund district ដើម្បីស្វាគមន៍ឆ្នាំថ្មីនោះ។ នេះជាការលើកឡើងនៅក្នុងសេចក្ដីថែ្លងមួយរបស់អភិបាលក្រុង។ ក្រៅពីមនុស្សដែលបានស្លាប់នោះក៏នៅមានចំនួន៤២នាក់ទៀតរងរបួសនៅក្នុងគ្រោះថ្នាក់នោះផងដែរ។
មូលហេតុយ៉ាងណានោះក៏ស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយទេ។ បន្ថែមលើពីនេះផងទៀត ថ្នាក់ដឹកនាំនៅក្នុងស្រុកនោះបានអំពាវនាវឲ្យមានការខិតខំប្រឹងប្រែងគ្រប់យ៉ាងដើម្បីថែទាំព្យាបាលបណ្ដាអ្នករងរបួសទាំងឡាយនោះ។
រូបថតមួយនៅលើវេបសាយរបស់កាសែត The Shanghai Daily Newspaper បានបង្ហាញឃើញនូវអ្វីដែលបង្ហាញពីមនុស្សដែលរងរបួស និងស្លាប់ស្ថិតនៅរដូករណែលលើដី រួមជាមួយហ្វូងមនុស្សជាច្រើនថែមទៀតផង។
តាមកាសែតដដែលនោះបានលើកឡើងគឺការរៀបចំពិធីទទួលឆ្នាំថ្មីត្រូវបានលើកទៅធ្វើនៅកន្លែងផ្សេងជំនួសឲ្យទីកន្លែងដែលរងចលាចលជាន់មនុស្សស្លាប់នោះ ប៉ុន្ដែស្ថិតនៅក្នុងសង្កាត់ Bund district ដដែល ពិសេសដោយមិនគិតខ្វល់ខ្វាយអំពីហ្វូងមនុស្សនោះទេ។ គួររំលឹកថា នៅទីនោះកាលពីឆ្នាំមុននាថ្ងៃចូលឆ្នាំសកលក៏មានមនុស្សមកចូលរួមអបអរសាទរស្វាគមន៍ឆ្នាំថ្មីដល់ទៅជិត៣០០,០០០នាក់នោះដែរ៕
ស.ប.ឆ

0 Comments