ភ្នំពេញ ៖ លោកទូតថ្មី សាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជានឹងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា និងវៀតណាមឲ្យឈានដល់៥.០០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៥នេះ។
លោក Thach Du ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ឲ្យដឹងពីគោលបំណងសំខាន់នៅក្នុងអាណត្តិថ្មីបំពេញការងារបេសកកម្មការទូតនៅកម្ពុជានៅក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម បណ្ឌិតសភាចារ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៥ នាវិមានមិត្តភាពនៃទីស្ដីការគណៈរដ្ឋមន្ត្រី។
លោក ឯក ថា អនុប្រធាននាយកដ្ឋានព័ត៌មានទីស្ដីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងក្រោយជំនួបពិភាក្សានោះថា កន្លងមកប្រទេសទាំងពីរកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាមមានកិច្ចសហការគ្នាល្អលើគ្រប់វិស័យ រួមទាំងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ។ ហេតុនេះនៅក្នុងបេសកកម្មការទូតក្នុងអាណត្តិថ្មីនេះ នៅប្រទេសកម្ពុជាលោក Thach Du មានបំណងចូលរួមចំណែកនិង ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឲ្យឈានដល់ទំហំ៥.០០០លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៥នេះ។
ឯកឧត្តមបណ្ឌិតសភាចារ សុខ អាន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍សំដែងនូវការគាំទ្រចំពោះគោលជំហរក៏ដូចជានយោបាយទំនាក់ទំនងការទូតប្រទេសទាំងពីរកន្លងទៅនេះ ដោយក្នុងនោះឯកឧត្តមបណ្ឌិតបានសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែមានភាពល្អប្រសើរនិងប្រកបដោយផ្លែផ្កាទៅថ្ងៃអនាគតថែមទៀត៕
វត្តី


0 Comments