ត្បូងឃ្មុំ ៖ នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៥ នៅភូមិត្រសិត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៣៦ នៃទិវាជ័យជំនះ៧មករា( ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដល់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥) ក្រោមអធិបតីភាពលោក វង សូតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ក្រុមការងារកណ្ដាលចុះជួយស្រុកពញាក្រែក លោក លោកស្រី សមាជិក គណៈកម្មាធិការបក្សស្រុក ប្រធាន អនុប្រធានសាខាបក្សភូមិ លោក លោកស្រី និវត្តជន និងសមាជិក សមាជិកា គណបក្សប្រជាជនទាំងអស់ សរុបចំនួន៨០០នាក់។
លោក ឡុង ធាម អភិបាលស្រុកពញាក្រែក និងជាប្រធានគណៈកម្មាធិការបក្សស្រុកពញាក្រែកបានឡើងអានរបាយការណ៍បញ្ជាក់ថា ចាប់ពីឆ្នាំ១៩៧០ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាពលរដ្ឋស្រុកពញាក្រែកបានជួបការលំបាកធ្ងន់ធ្ងរជាងគេក្នុងចំណោម ក្រុង/ស្រុកទាំង៧ នៃខេត្តត្បូងឃ្មុំ ពោលគឺឆ្នាំ១៩៧០-ឆ្នាំ១៩៧៥ ក្នុងរបបសាធារណរដ្ឋខ្មែរ ( លន់ ណុល ) ស្រុកពញាក្រែក ត្រូវកងទ័ពលន់ ណុល និងកងទ័ពយួនធីវគីបោះទីតាំងបង្កើតបន្ទាយតាមផ្លូវជាតិលេខ៧ និងលេខ៧២ អមដោយរថក្រោះ កាំភ្លើងធំ និងយន្តហោះចម្បាំងរបស់យួនធីវគី និងអាមេរិកកាំងបាញ់រះបាញ់ផ្លោងទម្លាក់គ្រាប់បែកមកលើភូមិអ្នកស្រុករត់លូនស្ទើររៀងរាល់ថ្ងៃគ្មានភូមិណាមួយរួចខ្លួនឡើយ និងធ្វើឲ្យឆេះខ្ទេចខ្ទីផ្ទះសម្បែង សាលារៀនមន្ទីរពេទ្យ វត្តអារាម អាយុជីវិត ទ្រព្យសម្បត្តិអស់ជាច្រើន។ លោក វង សូតបានមានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃគម្រប់ខួបលើកទី៣៦ នៃមហាជ័យជំនះជាប្រវត្តិសាស្ត្រនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានរំដោះជាតិ និងប្រជាជនកម្ពុជាឲ្យរួចផុតពីគ្រោះមហន្តរាយប្រល័យពូជសាសន៍ បង្កឡើងដោយរបបកម្ពុជាប្រជាធិបតេយ្យ ហើយត្រូវបានប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសប្រារព្ធធ្វើខួបអនុស្សាវរីយ៍នេះជារៀងរាល់ឆ្នាំ។
លោក វង សូត បានគូសរំលឹកថា៖ ចុងក្រោយនៅឆ្នាំ១៩៧៨ ត្រូវប៉ុលពត ចោតប្រកាន់ជាទម្ងន់ថា ប្រជាជន យុទ្ធជន កម្មាភិបាលនៅភូមិភាគបីពាក្បត់អង្គការបក្សសម្រេចកម្ទេចចោលទាំងអស់ ដែលសភាពការណ៍នៅពេលនោះ កម្មាភិបាល យុទ្ធជន ប្រជាជនមួយចំនួនធំ គេបានយកទៅសម្លាប់ចោល ដូចមានរណ្ដៅសាកសពបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ ខ្លះរត់ចូលព្រៃធ្វើការតស៊ូ សល់ប៉ុន្មានត្រូវរត់គេចខ្លួនទាំងគ្រួសារ ចោលភូមិផ្ទះសម្បែងទៅជ្រកកោនជាបណ្ដោះអាសន្ននៅស្រុកដទៃ ដោយសារតែការលំបាក ភ័យខ្លាចរន្ធត់ជារៀងរាល់ថ្ងៃនេះ ទើបធ្វើឲ្យប្រជាពលរដ្ឋស្រុកពញាក្រែកតែងតែលើកដៃប្រណមសំពះបួងសួងរកវត្ថុស័ក្តិសិទ្ធិ និងអស់លោកអ្នកដែលមានរិទ្ធិស្នេហាជាតិប្រជាជនមកជួយរំដោះបានរួចចេញផុតពីរបបប្រល័យពូជសាសន៍នេះ។
លោកបានបន្តទៀតថា មិនយូរប៉ុន្មានរណសិរ្សសាមគ្គីសង្គ្រោះជាតិ២ធ្នូ ឆ្នាំ១៩៧៨ ដែលកើតពីកម្លាំងស្នេហាជាតិ រត់ចូលព្រៃធ្វើការតស៊ូ ដឹកនាំដោយសម្ដេចទាំង៣គឺ ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោកឡើងវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដោយជោគជ័យ ត្រូវបានប្រជាជនអបអរសាទរចូលរួមគាំទ្រគ្រប់ៗគ្នា។
លោក វង សូត បានផ្ដាំផ្ញើទៅដល់ប្រជាពលរដ្ឋទាំងអស់ត្រូវជឿជាក់ទៅលើគណបក្សប្រជាជនកម្ពុជា ទោះបីមានគណបក្សប្រឆាំងគេខិតខំភូតភរ និយាយបំផ្លើសខុសពីការពិតយ៉ាងណាងក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋដែលធ្លាប់គាំទ្រគណបក្សប្រជាជនកម្ពុជា យើងនៅតែរក្សាជំហរ និងជំនឿមកលើគណបក្សប្រជាជនកម្ពុជាយើងជានិច្ច អ្វីៗដែលពួកប្រឆាំងបានធ្វើ គឺវាគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងទៅលើខ្លួនវិញឲ្យប្រជាពលរដ្ឋមើលឃើញថា ពួកប្រឆាំងគ្មានបានជួយដោះស្រាយអ្វីជូនជាតិទាល់តែសោះ។
ចប់ប្រសាសន៍សំណេះណាល លោក វង សូត បានអញ្ជើញចែកវត្ថុអនុស្សាវរីយ៍ជូនដល់ និវត្តជនចំនួន១០០នាក់ ក្នុងម្នាក់ៗទទួលបានមុង១ ភួយ១ និងថវិកាចំនួន៥ម៉ឺនរៀល និងសមាជិក សមាជិកា គណបក្សប្រជាជនចំនួន៧០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល និងអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់ស្នាក់ការគណបក្សឃុំក្រែកផងដែរ៕
សាន វិឡែម

0 Comments