Ad Code

កុមារី​អាយុ​៤​ឆ្នាំ​ម្នាក់​បាន​ធ្លាក់​ចូល​ក្នុង​ទឹក​ទន្លេ​លង់​ស្លាប់​ បន្ទាប់​ពី​ជិះ​កាណូត​មកពី​រក​អុស​ជាមួយ​ឪពុកម្ដាយ​វិញ​


កំពង់ឆ្នាំង ៖ កុមារី​អាយុ​៤​ឆ្នាំ​ម្នាក់​រស់​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​បាន​ធ្លាក់​ចូល​ទឹកទន្លេ​លង់​ស្លាប់ នៅ​ពេល​ដែល​ជិះ​កាណូត​មកពី​រក​អុស​ជាមួយ​ឪពុកម្ដាយ​វិញ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣និង​៣០​នាទី នា​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច​ទន្លេ​ក្រចាប់ ក្នុងភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌។​

ក្រុម​គ្រួសារ​កុមារី​រងគ្រោះ​បាន​និយាយ​ឲ្យ​ដឹង​ថា កុមារី​រងគ្រោះ​ឈ្មោះ សៀង កញ្ញា​
អាយុ​៤​ឆ្នាំ ជា​កូន​ទី​៣​ក្នុងចំណោម​បងប្អូន​៤​នាក់ ហើយ​មាន​ឪពុក​ឈ្មោះ វី វិ​ន អាយុ​៣៦​ឆ្នាំ និង​ម្តាយ​ឈ្មោះ សៀង សា​រួន អាយុ​៣២​ឆ្នាំ មុខរបរ​ជា​កសិករ ដែល​មាន​ទីលំនៅ​រស់​នៅ​ក្នុង​ភូមិ​/ឃុំ​កើត​ហេតុ​ខាងលើ។ នៅ​ថ្ងៃ​កើត​ហេតុ ឪពុកម្ដាយ​នាង​បាន​នាំ​នាង​ជិះ​កាណូត​ទៅ​រក​អុស​ដុត លុះ​ដល់​ពេល​ត្រឡប់​មក​វិញ​គាត់​បាន​ដាក់​ឲ្យ​នាង​ជិះ​នៅ​កណ្ដាល​កាណូត​ក្រោយខ្នង​ឪពុក ចំណែក​ឯ​ម្តាយ​វិញ​ជិះ​នៅ​កន្សៃ​កាណូត រីឯ​អុស​គរ​ដាក់​កណ្ដាល​កាណូត​ធ្វើ​ឲ្យ​បាំង​ភ្នែក​ម្តាយ​មើល​មិន​ឃើញ​កូន​ទេ។ ពេល​បើកកាណូត​មកដល់​ចំណុច​ខាងលើ កុមារី​រងគ្រោះ​នៅ​ក្រោយ​ខ្នង​ឪពុក​ក៏បាន​ធ្លាក់​ចូល​ទឹកទន្លេ ពេលនោះ​ឪពុក​ក៏បាន​ដឹង​ហើយ​ត្រឡប់​កាណូត​បក​ក្រោយ​មុជ​រក​កូនស្រី​វិញ ប៉ុន្តែ​ទម្រាំ​រក​ឃើញ​កូន​ស្រី​នោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ។ ក្រោយពេល​កើតហេតុ​ឪពុកម្ដាយ​ក៏បាន​ដឹក​សព​កូន​មក​លំនៅ​ដ្ឋាន​វិញ​ទាំង​ក្តី​ស្តាយស្រណោះ​យ៉ាង​ខ្លាំង។
នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៥ អ្នកស្រុក​ក្នុងភូមិ​ត្រពាំង​ចាន់​បាន​រ៉ៃ​អង្គាស​ប្រាក់​គ្នា​បាន​តិចតួច ហើយ​យក​ប្រាក់​ទាំងនោះ​នាំគ្នា​ធ្វើ​បុណ្យ​សព​ជូន​កុមារី​រងគ្រោះ​តាម​ប្រពៃណី ហើយ​បាន​នាំ​គ្នា​សែង​សព​កុមារី​រងគ្រោះ​ដោយ​ថ្មើរជើង​ដែល​មាន​ចម្ងាយ​ដី​ប្រហែល​ជាង​៥​គីឡូម៉ែត្រ និង​ដឹក​តាម​កាណូត​បន្ត​ទៀត ទើប​ទៅដល់​កន្លែង​បញ្ចុះសព ដែល​នេះ​គឺជា​ភាព​លំបាក ​និង​ភាព​ក្រីក្រ​របស់​គ្រួសារ​សព និង​អ្នកភូមិ៕
( ឈៀង ថា​រិ​ទ្ធ )​​

Post a Comment

0 Comments

Close Menu