Ad Code

ប្រជាពលរដ្ឋ​រិះ​គន់​ថា​មាន​គំនរ​សំរាម​ស្អុយ​មុខ​សាលាឃុំ​ពន្លៃ តែ​អាជ្ញាធរ​ឃុំ​ថា​មកពី​ប្រជាពលរដ្ឋ​លួច​ដឹក​យក​មក​ចាក់​ចោល​ទីនេះ​ មិន​ព្រម​ទទួលយក​សេវា​ថ្លៃ​ប្រមូល​សំរាម​


កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​បាន​ធ្វើការ​រិះ​គន់​ដល់​អាជ្ញាធរ​ឃុំ​ពន្លៃ ស្រុក​បរិបូណ៌​ថា បាន​បណ្តោយ​ឲ្យ​គេ​យក​សំរាម​មក​ចាក់ចោល​នៅ​ក្បែរ​សាលាឃុំ បណ្ដាល​ឲ្យ​មាន​ក្លិន​ស្អុយ​អា​សោច​ប៉ះពាល់​ដល់​សុខ​មាលភាព និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន សោភណភាព និង​វិស័យ​ទេសចរណ៍​ក្នុងស្រុក​ផង​ដែរ។

សំរាម​ទាំងនោះ​ត្រូវ​បានឃើញ​នៅ​ពី​ចំហៀង​បញ្ឆិត​ពីមុខ​សាលាឃុំ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​៥០​ម៉ែត្រ​តែប៉ុណ្ណោះ។ តែ​ខែ​នេះ​ជា​រដូវប្រាំង​គ្រាន់​តែ​មាន​ក្លិនស្អុយ ទុក​ឲ្យ​មន្ត្រី​ធ្វើការ​នៅ​សាលាឃុំ​ និង​អ្នក​រស់​នៅ​ជិត​នឹង​ស្រង់​ជា​រៀងរាល់ថ្ងៃ បើ​ចំ​ខែវស្សា​វិញ​ មាន​ទាំង​ដង្កូវ​ចេញពី​គំនរ​សំរាម​នោះ​ទៀត​ផង។

ជុំវិញ​បញ្ហា​ខាង​លើ​នេះ លោក ឡឹ​ក គឹម​ឡាយ មេឃុំ​ពន្លៃ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០១៥ នេះ​ថា សាលាឃុំ​បាន​ចាត់​វិធានការ​៣​ដង​ហើយ ដោយ​បាន​ដាក់​ស្លាក​សញ្ញា​ហាម​ចាក់សំរាម​ទៀត​ផង តែ​ប្រជាពលរដ្ឋ​ទាំងនោះ​នាំគ្នា​លួច​ដកចេញ​អស់។ កន្លង​មក​​ប្រជាពលរដ្ឋ​រស់​នៅ​ជុំវិញ​ផ្សារ​ពន្លៃ​អាជ្ញាធរ​បាន​សម្របសម្រួល​ឲ្យ​មាន​ការ​បង់​សេវា​ប្រមូល​សំរាម​ដូច​អ្នក​ម៉ៅ​ភាស៊ី​ក្នុង​ផ្សា​ដែរ តែ​មិន​ទទួល​លទ្ធផល​ឡើយ។ ដោយ​ខ្លះ​ហ៊ាន​ឲ្យ​តែ​៣​ទៅ​៥​ពាន់​រៀល​ក្នុង​មួយ​ផ្ទះ​សម្រាប់​១​ខែ ហេតុ​នេះ​ហើយ អ្នក​ដែល​ចង់​ទទួល​ម៉ៅការ​ប្រមូល​សំរាម មិនអាច​ទទួល​យក​បាន​ឡើយ។ ពួកគាត់​ជា​ប្រជាពលរដ្ឋ​សុខចិត្ត​ជួល​ម៉ូតូឌុប​យក​សំរាម​ទៅ​ចោល​មួយ​ជើង​ក៏​ថ្លៃ​១​ពាន់​រៀល​ដែរ ១​ខែៗ​ត្រូវ​អស់​៣​ម៉ឺន​ដែរ តែ​ពេល​សុំ​បង្កើត​សេវា​សាធារណៈ ពួកគាត់​ហ៊ានថ្លៃ​តែ​៣​ទៅ​៥​ពាន់​រៀល​ក្នុង​១​ខែ​ទៅវិញ។

លោក​មេឃុំ​បាន​បន្ត​ថា ប្រជាពលរដ្ឋ​ទាំងនោះ​ពេលយប់​ស្ងាត់​លួច​ដឹក​សំរាម​១​ឬ​២​ស្បោង​យក​មក​ទម្លាក់​នៅ​កន្លែង​ក្បែរ​សាលា​ឃុំ​នេះ ប៉ុន្តែ​ចាប់ពី​ថ្ងៃទី​១២ ​ខែមករា​នេះ​តទៅ​លោក​បាន​ឲ្យ​គេ​ប្រមូល​សំរាម​ទាំងនោះ​ដុត​កម្ទេច​ចោល​រួច​នឹង​ចាត់វិធានការ​​លួច​ចាំ​ឃ្លាំមើល និង​ឃ្លាំ​ចាប់​ជន​ខិលខូច​ទាំងនោះ​ ដែល​តែងតែ​លួច​ដឹក​សំរាម​យក​មក​ចោល​នៅ​កន្លែង​នេះ​ពេលយប់​ឲ្យ​បាន​ដើម្បី​ធ្វើការ​ព្រមាន​អប់រំ និង​បើ​មិន​រាងចាល​នឹង​ឈាន​ដល់​ការ​ផាកពិន័យ​ទៀត​ផង។

លោក​មេឃុំ​បាន​បញ្ជាក់​បន្ថែម​ថា សំរាម​ដែល​បាន​លួច​យក​មក​ចាក់​នៅ​ទី​នេះ គឺ​មាន​ដល់​របង​

វត្ត​ទៀត គឺជា​ប្រជាពលរដ្ឋ​ទាំងនោះ មិនមែន​អ្នកម៉ៅការ​ភាស៊ី​ផ្សា​ពន្លៃ​ដឹក​យក​មក​ចាក់​ទីនេះ​ឡើយ ព្រោះ​អ្នកម៉ៅការ​ដឹក​សំរាម​គេ​មាន​ទីតាំង​រណ្ដៅ​ដី​សម្រាប់​ចាក់សំរាម​ត្រឹមត្រូវ​របស់​គេ៕ ( ឈៀង ថា​រិ​ទ្ធ )

Post a Comment

0 Comments

Close Menu