បន្ទាយមានជ័យ ៖ ដើម្បីលើកកម្ពស់សោភណភាពក្រុងសិរីសោភ័ណ និងដើម្បីចលនាប្រឡងប្រណាំង (ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ) ក្នុងគោលបំណងលើកកម្ពស់សោភណភាព អនាម័យ បរិស្ថាន ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរណ៍ផងនោះ កាលព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥នេះ លោកស្រី ចាន់ ថេង អភិបាលក្រុងសិរីសោភ័ណបានអញ្ជើញចូលរួមធ្វើអនាម័យបរិស្ថាននៅជុំវិញក្រុងសិរីសោភ័ណ។ តាមការបញ្ជាក់របស់លោកស្រី ចាន ថេង បានឲ្យដឹងថាសិស្សានុសិស្ស មន្ត្រីរាជការ និងប្រជាពលរដ្ឋជិត២.០០០នាក់ បានបែងចែកជាច្រើនក្រុមក្នុងការសម្អាតបរិស្ថានអនាម័យនៅតាមផ្លូវសាធារណ និងនៅក្នុងវេទិកាខេត្តបន្ទាយមានជ័យ។ លោកស្រីបានបន្តទៀតថា ការបង្កើតនូវក្រុមសម្អាតបរិស្ថានអនាម័យក្រុងដោយមានតួនាទីក្នុងការថែទាំតាមសួនច្បារដងផ្លូវសាធារណៈដងស្ទឹងឲ្យបានស្អាត។ លោកស្រីបានគូសបញ្ជាក់ថា យើងនាំគ្នាជំរុញក្រុងសិរីសោភ័ណឲ្យក្លាយជាទីក្រុងដែលមានសោភណភាព និងបរិស្ថានឲ្យសក្ដិសមជាក្រុងធម្មជាតិមួយដ៏ល្បីល្បាញក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ
និងចូលរួមកាត់បន្ថយនូវកាកសំណល់ ពិសេសចំពោះថង់ប្លាស្ទិកដែលប្រជាពលរដ្ឋបានបោះចោលគ្មានសណ្ដាប់ធ្នាប់ធ្វើឲ្យប៉ះពាល់ដល់សោភណភាពក្រុងយ៉ាងខ្លាំង និងធ្វើឲ្យក្រុងសិរីសោភ័ណស្រស់ស្អាតគ្មានសំរាមថង់ប្លាស្ទិកផងដែរ។ បញ្ហាសំរាម ថង់ប្លាស្ទិក កាកសំណង់រឹង រាវ នៅតាមដងផ្លូវទីសាធារណៈ គឺជាបញ្ហាមួយប្រឈមយ៉ាងខ្លាំងដល់ក្រុងទេសចរណ៍ ដែលប្រមូលផ្ដុំទៅដោយទេសចរណ៍គ្រប់ជាតិសាសន៍មកពីបណ្ដាប្រទេសនានាលើពិភពលោក។ លោកស្រីក៏បានថ្លែងនូវអំណរគុណចំពោះស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សព្រមទាំងក្រុមយុវជនសហភាព សហព័ន្ធកម្ពុជាខត្តបន្ទាយមានជ័យ ដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសម្អាតបរិស្ថាននៅក្រុងសិរីសោភ័ណប្រកបដោយបរិស្ថាននិងអនាម័យល្អ៕គង្គា
0 Comments