Ad Code

ភ្ញៀវ​ទេសចរ​ណ៍​ជនជាតិ​បារាំង​ម្នាក់​ស្រវឹងស្រា រអិល​ធ្លាក់​ពី​លើផ្ទះ​បាក់​.​ក​ស្លាប់

សៀមរាប ៖ ភ្ញៀវ​ទេសចរ​ណ៍​ជនជាតិ​បារាំង​ម្នាក់​ត្រូវ​សមត្ថកិច្ច​អះអាង​ថា ស្រវឹងស្រា​និង​ញៀន​កញ្ឆា ហើយ​បាន​ឡើង​តាម​កាំជណ្តើរ​ក្នុងផ្ទះ ជួល មិនបាន​ប្រុង​ប្រយ័ត្ន​ក៏​ផុងជើង​និង​ពិដាន​ធ្លាក់ ចូលក្នុង​បន្ទប់ទឹក​កម្ពស់ ២​ម៉ែត្រ​កន្លះ បណ្តាល​ឲ្យ​បាក់​.​ក​.​ស្លាប់​ភា្លមៗ​នៅនឹងកន្លែង។
ហេតុ​ការណ៍ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​អធ្រាត្រ​នេះ​កើតឡើង​នៅ​ម៉ោង​១២​និង​៣០​នាទី ឈាន​ចូល​ថ្ងៃទី​០៦ ខែមករា ស្ថិតនៅ​ក្នុងផ្ទះ​ជួល​ភូមិ តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប។

បើ​តាម​សំដី​ពី​មន្ត្រី​ប៉ុស្តិ៍នគរបាល​សង្កាត់​ស្វាយដង្គំ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មានឈ្មោះ ប៊ែល​នី រ៉ូ​មែន ជា​ជនជាតិ​បារាំង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​កាន់​លិខិតឆ្លងដែន​លេខ ១៤២Y១៩៥៧២ ហើយ​ចូល​មក​កម្ពុជា​ជា​ភ្ញៀវ​ទេសចរណ៍។ សមត្ថកិច្ច​បន្ត​ថា មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​ជនរងគ្រោះ​ធ្លាក់​ពីលើ​កាំជណ្ដើរ​ចូលក្នុង បន្ទប់ទឹក បាក់.ក​ស្លាប់​បែបនេះ​គឺ​បណ្ដាលមកពី ស្រវឹងស្រា និង​ស្រវឹង​កញ្ឆា ស្រប​ពេល​ដែល​ឡើងជណ្ដើរ​ផ្ទះ​កម្ពស់​២​ម៉ែត្រ​កន្លះ គ្មាន​បង្កាន់ដៃ គួបផ្សំ​និង​កាំជណ្ដើរ​រាង​ចោត​ផង​នោះ ក៏​បណ្ដាល​ឲ្យ​រអិល​ជើង​ធ្លាក់ ដាំ​ក្បាល​មក​ក្រោម​ផុង​ចូលក្នុង​បន្ទប់ទឹក​បាក់.ក​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង។
ម្ចាស់ផ្ទះ​ជួល​មាន ឈ្មោះ​អោម​ម៉ា​ឡា។ សមត្ថកិច្ច​បន្ត​ទៀត​ថា ជនរងគ្រោះ ទើប​មក​ជួល​ស្នាក់នៅ​ជាមួយ​មិត្តភ័ក្ដិ​បាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទេ ហើយ​នេះ​ក៏​ជា​ការ​ធ្វេសប្រហែស​របស់​ម្ចាស់ផ្ទះ​ផង​ដែរ ព្រោះ​មិនបាន​រៀបចំ​ឲ្យ​ស្រួលបួល ជណ្តើរ​ចោត​ហើយ​ថែមទាំង​មិនមាន​បង្កាន់ដៃ រីឯ​ដំបូល​បន្ទប់ទឹក​ដែល​នៅ​ជាប់​ជណ្ដើរ មិនបាន​ចាក់​ប្លង់​សេ​ឲ្យ​រឹងមាំ​ទៀត​ផង បែរ​ជា​យក​ស៊ី​ប​ព្រូ​ស៊ីម៉ង់​ស្ដើងៗ​មក​គ្រប​ពី​លើ​បន្ទប់ទឹក​បណ្តោះអាសន្ន ទើប​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ធ្លាក់​ផុងជើង​ចូលក្នុង​បន្ទប់​ទឹកបាក់.ក ស្លាប់​បែបនេះ។
បន្ទាប់ពី​ធ្វើ​កោសល្យវិច័យ​រួចរាល់ សមត្ថកិច្ច​បាន​បង្ហាញ​ថា គឺ​វា​មិនមែន​ជា​ករណី​ឃាតកម្ម​នោះ​ទេ ពោល​គឺជា​ករណី ស្រវឹង​ជោកជាំ​ហើយ​គ្រោះថ្នាក់​ដោយ​ខ្លួនឯង បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​យក​សាកសព​ទៅ​តម្កល់ទុក​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ដើម្បី​រង់ចាំ ចាត់ចែង​ប្រគល់​ឲ្យ​ទៅ​ស្ថានទូត​បារាំង យក​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

Post a Comment

0 Comments

Close Menu