Ad Code

ក្រសួង​សង្គមកិច្ច បើក​សិក្ខា សាលា​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​សំរាប់​មនុស្ស​ចាស់​នៅ​ខេត្ដ​ចំនួន​២

ភ្នំពេញ ៖ លោក យី យ៉ូន រដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា (​ស​.​អ​.​យ​) និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ ដើម្បី​សុខុមាលភាព​មនុស្ស​ចាស់ (​គ​.​ម​.​ច​) បាន​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ អំពី​គោលនយោបាយ​វិស័យ​សុខុមាលភាព​មនុស្ស​ចាស់ ដល់​សមាគម​សហព័ន្ធ​មនុស្ស​ចាស់​ខេត្តបាត់ដំបង និង​ខេត្ដ​បន្ទាយមានជ័យ ដើម្បី​ស្វែងយល់ អំពី​ការបង្កើត និង​គ្រប់គ្រង​សមាគម​មនុស្ស។

លោក យី យ៉ូន រដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា បាន​មាន​ប្រសាសន៍​ក្នុង​សិក្ខាសាលា ដោយ​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ដែល​មាន​កាតព្វកិច្ច​ពាក់​ព័ន្ធ​ឱ្យ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ជួយ​ដល់​បញ្ហា​មនុស្ស​ចាស់​ក្រីក្រ​គ្មាន​ទីពឹង​នៅ​តាម​សហគមន៍។ លោក​បន្ដ​ថា ក្រសួង​សង្គមកិច្ច និង​ជា​ប្រធាន​គណៈកម្មការ​មនុស្ស​ចាស់​កំ​ពុង​ត្រៀម រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​មនុស្ស​ចាស់ ដើម្បី​ឈាន​ទៅ​រៀបចំ​លេខាធិការដ្ឋាន​និង​អនុ​គណៈកម្មការ​មនុស្ស​ចាស់ នៅ​តាម​រាជធានី​ខេត្ត​ទូទាំង​ប្រទេស ហើយ​ក្រសួង​សង្គមកិច្ច​ក៏​កំពុង​រៀបចំ កែសម្រួល​គោលនយោបាយ​មនុស្ស​ចាស់ ឆ្នាំ​២០០៣​ឡើងវិញ ឱ្យ​ស្របតាម​ស្ថានភាព នៃ​ការ​រីកចម្រើន​សេដ្ឋកិច្ច។
លោក ទុំ វី​រ៉ា នាយក​ស្តីទី​អង្គការ​មនុស្ស​ចាស់​កម្ពុ​ជា បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​តាំង ពី​ខែកក្កដា ឆ្នាំ​២០១១ ស្តី​ពី​ការបង្កើត​គណៈកម្មាធិការ​ជាតិ​កម្ពុជា ដើម្បី​មនុស្ស ចាស់ ដោយ​ផ្តល់​ការងារ​សំខាន់ៗ ដូចជា សហការ​សម្របសម្រួល​ក្រសួង ស្ថាប័ន អាជ្ញាធរ អង្គការ​ជាតិ អន្តរជាតិ និង​សប្បុរសជន​ជាដើម ដើម្បី​ជួយ​មនុស្ស​ចាស់ ប៉ុន្តែ​ហាក់ដូចជា​មិនសូវ​ដំណើរការ​ទាល់តែសោះ។
លោក យី យ៉ូន រដ្ឋលេខាធិការ​បាន​បន្ថែម​ថា រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​អាណត្តិ​នីមួយៗ តែងតែបាន​ដាក់ចេញ​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ជាច្រើន​សំដៅ​លើកកម្ពស់​សុខុមាល​ភាព​ប្រជាពលរដ្ឋ​ដោយ​រួម​ទាំង​មនុស្ស​ចាស់​ផង៕
ពេជ្រ

Post a Comment

0 Comments

Close Menu