កណ្តាល ៖ ជនសង្ស័យ២នាក់ប្តីប្រពន្ធត្រូវបានឃាត់ខ្លួនបានដោយប៉ូលិសស្រុក អង្គស្នួលចាប់បានខណៈធ្វើសកម្មភាពលាក់ទុកគ្រឿងញៀននិងដកហូតបានវត្ថុតាងបានជាច្រើននៅក្នុងផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល។ ជនសង្ស័យមានការជួញដូរនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មនៅតំបន់នេះដែលកន្លងមកសមត្ថកិច្ចបានតាមប្រមាញ់ជាយូរមកហើយ។
សកម្មភាពចាប់នេះបានធ្វើឡើងម៉ោង ២២និង៣០ នាទី នៅថ្ងៃទី០៩ ខែ មករា ឆ្នាំ២០១៥ប៉ូលិសស្រុកអង្គស្នួលសហការជាប៉ុស្តិ៍រដ្ឋបាលឃុំ និងឃុំបែកចាន ចាប់ជនសង្ស័យដែលជាអ្នកចែកចាយយ៉ាងសកម្ម២នាក់ប្តីប្រពន្ធឈ្មោះហុក ម៉ាលីន (ហៅប៉េះ) ភេទប្រុស អាយុ៣០ឆ្នាំជាប្តី មុខរបរ(ចែកចាយគ្រឿងញៀន) ទី២ ឈ្មោះ ដុស ស្រីណូ ភេទស្រី អាយុ២៧ឆ្នាំជាប្រពន្ធ មុខរបរកម្មកររោងចក្រ បច្ចុប្បន្នបានមកស្នាក់នៅផ្ទះជួលនៅចំណុចកើតហេតុខាងលើសម្រាប់ចែកចាយ និងប្រាស់គ្រឿងញៀន។ ក្រោយពីចាប់ បានជនសង្ស័យទាំង ២នាក់ សមត្ថកិច្ច ដកហូត បាន ម៉ាទឹកកក៣កញ្ចប់តូចទូរស័ព្ទដៃរហូតដល់ ១៦គ្រឿង ម៉ូតូ ១គ្រឿងម៉ាក គុបជ្រុង C90 ពាក់ស្លាកលេខ ង ៤៦៦៦ភព1។ តាមការឲ្យដឹងពីលោកវរសេនីយ៍ទោ មាន សំណាង អធិការស្រុកអង្គស្នួល បានឲ្យដឹងថា តបតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព និងរឹតបន្តឹងកិច្ចការងារការពារសន្តិសុខក្នុងមូលដ្ឋាន។ អធិការស្រុកបានបន្តថា ក្រោយពីទទួលបានព័ត៌មានពីទទួលបានព័ត៌មានពីជន សង្ស័យ២នាក់ប្តីប្រពន្ធដែលតែងតែចែកចាយគ្រឿងញៀនកំលាំងសរុបខាងលើបានឆ្មក់ចូលឆែកឆេរក្នុងផ្ទះជួលរបស់ជនសង្ស័យ ហើយក៏ប្រទះឃើញ មុខ សញ្ញា និងវត្ថុតាងមួយចំនួនសម្រាប់ប្រើប្រាស់និងចែកចាយ គ្រឿងញៀន។
ប្រភពបន្តបញ្ជាក់ថា កំលាំងបានតាមដានមុខសញ្ញាចែកចាយគ្រឿងញៀន២នាក់ប្តីប្រពន្ធនេះជាយូរមកហើយទើបតែពេលនេះទើបចាប់បាន។ ករណីបង្ក្រាបគ្រឿងញៀនបានជាបន្តបន្ទាប់មកនេះគឺកំលាំងនគរបាលស្រុកអង្គ ស្នួលនៅតែបន្តស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើការងារបង្ក្រាបនិងការប្រើប្រាស់ចែចាយគ្រឿងនៅមូលដ្ឋាននិងបង្កភាពអសន្តិសុខដល់ពលរដ្ឋផងដែរ។ បច្ចុប្បន្នជំនាញបន្តការសាកសួរកសាងសំណុំរឿងជនសង្ស័យ២នាក់ប្តីប្រពន្ធទៅឲ្យតុលាការចាត់ការតាមផ្លូវច្បាប់៕
ច្បារមន

0 Comments