កសិករដាំដំទ្បូងមីនៅខេត្តព្រះវិហារនាំគ្នាស្រែកថ្ងូរដូចសត្វព្រាបខណៈតំលៃហាងឆេងឆាប់ធ្លាក់ថ្លៃដល់កំរិតទាប
សៀមរាប ៖ ប្រជាកសិករនៅខេត្តព្រះវិហារបានរាយការណ៍ឲ្យដឹងថា ឈ្មួញកណ្តាលបានទម្លាក់តំលៃដំឡូងមីចាប់ពី៧៣០រៀលក្នុង១គីទ្បូក្រាមចុះមកត្រឹម៥៥០រៀលក្នុង១គីទ្បូក្រាមចាប់តាំងពីរដូវប្រមូលផលដំបូងទីកាលពីខែធ្នូឆ្នាំ២០១៤មកដល់ថ្ងៃទី១២មករា២០១៥ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់ព្រោះតែតំលៃហាងឆេងដំឡូងមីស្ថិតនៅលើបបូរមាត់ឈ្មួញ។
ប្រជាកសិករក្រីក្រម្នាក់រស់នៅភូមិភារកិច្ចលិចសង្កាត់ប៉ាលហាលក្រុងព្រះវិហារបានថ្លែងប្រាប់អ្នកសារព័ត៌មានថា មកដល់ពេលនេះគាត់ប្រមូលផលដំឡូងមីបានចំនួន៤តោនដើម្បីទុកលក់អោយឈ្មួញកណ្តាលនៅក្នុងខេត្តព្រះវិហារ។
គាត់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះតំលៃដំឡូងមីដែលចុះថោកឆាប់រហ័សយ៉ាងដូច្នេះធ្វើឲ្យប៉ះពាល់ដល់ការលក់ចេញយកចំណូលថវិកាមកផ្គត់ផ្គង់ក្នុងបន្ទុកជីវភាពគ្រួសាររបស់គាត់ដែលតំលៃនៅឆ្នាំ២០១៣មិនចុះថោកដល់ថ្នាក់នេះទេគឺគិតត្រឹមរយៈពេលដូចគ្នាវាមានតំលៃ៧០០រៀលក្នុង១គីទ្បូក្រាមនៅឡើយតែឆ្នាំនេះចុះថោកដល់កំរិតទាប៥៥០រៀលមិនធ្លាប់ជួបប្រទះសោះ។គាត់ឆ្ងល់ហើយសួរថា តំលៃដំឡូងមីចុះថោកឆាប់រហ័សដោយសារមូលហេតុអ្វី?
ប្រជាកសិករដដែលនិយាយថា សព្វថ្ងៃគ្រួសាររបស់គាត់រស់នៅពឹងផ្អែកលើមុខរបរដាំដំណាំកសិកម្មធ្វើស្រែចំការដើម្បីចិញ្ចឹមជីវិតប៉ុន្តែឈ្មួញកណ្តាលបានឆ្លៀតឱកាសកេងប្រវ័ញ្ចកំលាំងញើសឈាមរបស់ប្រជាកសិករទៅវិញដោយប្រើល្បិចកលអាក្រក់នាំគ្នាបញ្ចុះតំលៃផលដំណាំកសិកម្មតាមអំពើចិត្តបើទោះបីតំលៃទីផ្សារដំឡូងមីដែលឈ្មួញធំៗយកទៅលក់នៅប្រទេសថៃនិងវៀតណាមទទួលបានតំលៃថ្លៃកដោយ។ តំលៃដំឡូងមីចុះថោកវាប៉ះពាល់ខ្លាំងដល់ជីវភាពគ្រួសារកសិករនៅទូទាំងខេត្តព្រះវិហារតែម្ដង។
និយាយរួមទៅសព្វថ្ងៃនេះតំលៃហាងឆេងលក់ផលដំណាំកសិកម្មនិងកសិឧស្សាហកម្មដូចជាសណ្ដែកសៀង,ស្រូវ,ពោតក្រហម,ល្ពៅគីង្គក់,ដំឡូងមីនិងជ័រកៅស៊ូគឺស្ថិតនៅក្នុងកណ្តាប់ដៃក្រុមឈ្មួញកណ្តាលនៅទូទាំងប្រទេសនាំគ្នាបញ្ចុះតំលៃតាមអំពើចិត្តខណៈនៅកម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រងកំណត់តំលៃទិញចូលផលដំណាំកសិកម្មនៅឡើយ។ កត្តាអាក្រក់នេះធ្វើឲ្យប៉ះពាល់ខ្លាំងដល់ការងើបផុតពីភាពក្រីក្ររបស់ប្រជាកសិករនៅទូទាំងខេត្តព្រះវិហារ។
ឈ្មួញកណ្តាលនៅខេត្តព្រះវិហារខ្លះដែលមានឃ្លាំងធំៗស្តុកទុកផលដំឡូងមីប្រមូលទិញចូលពីប្រជាកសិករមានការលាក់លៀមមិននិយាយបញ្ចេញឲ្យដឹងខណៈអ្នកសារព័ត៌មានសួរពួកគាត់ថាហេតុអ្វីតំលៃដំឡូងមីឆាប់ចុះថោកដូច្នេះគឺពួកគាត់និយាយថាតំលៃ៥៥០រៀលក្នុង១គីទ្បូក្រាមនិងទិញចូលដូចគ្នាទៅហ្នឹងឈ្មួញកណ្តាលដទៃទៀត៕
មង្គល

0 Comments