Ad Code

មិទ្ទិញ​អបអរសាទរ​ខួប​លើក​ទី​៣៦​ថ្ងៃជ័យ​ជំនះ​៧​មករា នៅ​ខេត្តសៀមរាប​


សៀមរាប ៖ កាល​ព្រឹក​ថ្ងៃទី ០៧ ខែមករា ឆ្នាំ​២០១៥​ព្រឹក​មិញ​នេះ នៅ​ខេត្តសៀមរាប ទាំង​ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ក្រុមយុវជន​កាយ​រិ​ទ្ធ យុវជន​កាកបាទក្រហម សិស្ស និស្សិត គរុ​សិស្ស កម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋ ប្រមាណ​ជាង​៦​ពាន់​នាក់ បាន​និមន្ត និង អញ្ជើញ​មកជួប​ជុំគ្នា​ប្រារព្ធ​ធ្វើ​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៦ ស្មារតី​ថ្ងៃជ័យ​ជំនះ​៧​មករា ១៩៧៩ -៧​មករា ២០១៥ ដែល​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោក ទៀ បាញ់ សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ខេត្តសៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោក​ឧកញ៉ា លោក​ជំទាវ ជា​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា សមាជិក​ក្រុមការងារ និង​គណៈអចិន្ត្រៃយ៍​បក្ស​ខេត្ត សមាជិក​គណៈកម្មាធិការ​បក្ស​ខេត្ត ក្រុមប្រឹក្សា​ខេត្ត​ផងដែរ។

បន្ទាប់ពី​ការគោរព​ទង់ជាតិ និង គោរព​វិញ្ញាណក្ខន្ឋ ដល់​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី ដែល​បាន​ពលី​ជីវិត​ក្នុង បុព្វហេតុ​រំដោះជាតិ​មាតុភូមិ និង វិញ្ញាណក្ខន្ឋ​ជនរួមជាតិ​រាប់លាន​នាក់ ដែល​បាន​បាត់បង់​ជីវិត​ទៅ​យ៉ាង​អយុត្តិធម៌​ក្នុង របប​ដ៏​យ៉ុង​ឃ្នង ប៉ុល ពត។ ក្នុង​កិច្ច​ស្វាគមន៍​របស់លោក ឃឹម ប៊ុន​សុង ប្រធាន​គណៈកម្មាធិការ​នៃ​គណបក្ស​ប្រជាជន​ខេត្ត និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ក៏បាន​លើកឡើង​ពី​លទ្ធផល និង ភាពជោគជ័យ ដែល​សម្រេចបាន​នៅ​ទូទាំងប្រទេស ដ៏​ធំធេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដូច​រាជរដ្ឋាភិបាល​កម្ពុ​ជា​លើ​គ្រប់​វិស័យ ជាសំខាន់​នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ នៃ​ខេត្តសៀមរាប​នា​ឆ្នាំ​២០១៤​កន្លងមកនេះ។

មានមតិ​សំណេះសំណាល​ជាមួយ​ព្រះសង្ឃ មន្ត្រីរាជការ និង ប្រជាពលរដ្ឋ លោក ទៀ បាញ់ បាន​ថ្លែង​ផងដែរ ថា ការជួប​ជុំគ្នា​នេះ ដើម្បី​រំ​ឮ​កនូវ​ទិវា​ជ័យជំនះ ក្នុង​ស្មារតី​គោរព​ដឹងគុណ​ចំពោះ​វីរៈ​យុទ្ធជន យុទ្ធ​នារី និង អ្នក​សេ្នហា ជាតិ ដែល​បានធ្វើ​ពលី​កម្ម ក្នុង​បុព្វហេតុ​រំដោះជាតិ​មាតុភូមិ និង​អាយុជីវិត​ប្រជាជន​ពីរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត ទោះបី​រយៈពេល​៣៦​ឆ្នាំ​បាន​កន្លង​ទៅហើយ​ក្តី តែ​ភាពឈឺចាប់ អារម្មណ៍​តក់ស្លុត​និង​ការ​រន្ធត់ចិត្ត នៅ​ដិតដាម​ក្នុង​អារម្មណ៍​របស់​យើង​ទាំងអស់​គ្នា​ហាក់បីដូចជា​នៅ​ថ្មីៗ តែបើ​យើង​ពិនិត្យមើល​ក្នុង​រយះ​កាល​នៃ​របប​កម្ពុជា​ប្រជាធិប​តេយ្យ ប្រទេសជាតិ​យើង​និង ប្រជាជន​ទទួលរង​នូវ​វិនាសកម្ម​និង​សោកនាដកម្ម​ដែល​ពុំ​ធ្លាប់មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​មនុស្សលោក ដែលជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដែលមាន​អត្ថន័យ​ដ៏​ធំធេង សម្រាប់​ប្រជា​ជាតិ​ខ្មែរ​គ្រប់​ជំនាន់ ក៏​ដូច​មនុស្សជាតិ​ដែល​ស្នេហា​សន្តិភាព និង យុត្តិធម៌​នៅលើ​ពិភពលោក។ លោក​ក៏បាន​គូសបញ្ជាក់​ផងដែរ ពី​ខ្លឹមសារ​នៃ​សុន្ទរកថា​របស់​សម្តេច​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និង ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា ថ្ងៃ​នេះ​ជា​ថ្ងៃ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៦​នៃ​ទិវា​ជ័យជំនះ​៧​មករា ឆ្នាំ​១៩៧៩ ជា​ថ្ងៃ​រំដោះ​ជីវិត​ប្រ​ជាជន​ពី​សមុទ្រ​ឈាម​នៃ​របប​ប្រល័យពូជសាសន៍​ប៉ុល ពត ហើយក៏​ជា​ថ្ងៃកំណើត​ទី​២ ដែល​បាន​កែប្រែ​សង្គម និង ប្រជាជាតិ​កម្ពុជា ទាំងមូល​ឲ្យ​រស់រាន​ឡើងវិញ​ហើយ​ទុក្ខវេទនា​នេះ​ក៏បាន​ស្ថិតក្នុង​ក្រអៅបេះដូង​របស់​ប្រជាពលរដ្ឋ​គ្រប់ៗ រូប​ផងដែរ ។ ដូច្នេះ​ប្រមុខ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​នេះ គឺជា​តួអង្គ​ស្ថាបនិក​នៃ​ការបង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ ធ្វើ​ឲ្យ​ប្រទេសជាតិ មាន​សុខសន្តិភាព ក្រោម​នយោបាយ​ឈ្នះៗ ការស្ដារ​ប្រទេសជាតិ​ឲ្យ​មានកេរ្តិ៍ឈ្មោះ​លេច​ត្រដែត​ឡើងវិញ លើ​ឆាក​អន្តរជាតិ ហើយ​បាននិងកំពុង​កែប្រែ​មុខមាត់​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន ប្រជាជនមាន​ជីវភាព​ធូរធារ​ជា​បន្តបន្ទាប់ បើ​គ្មាន ៧​មករា ក៏​យើង​គ្មាន​ថ្ងៃ​នេះដែរ​។ ដូច្នេះ​ស្មារតី​ថ្ងៃជ័យ​ជំនះ​៧​មករា បាន​កំពុង​ជំរុញ​ដល់​កិច្ច អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ឈានឆ្ពោះ​ទៅរក​ភាព​រីកចម្រើន​រុងរឿង​ដូច​បណ្តា​ប្រទេស​

អច្ឆរិយ​លើ​លោក​ផងដែរ។

ក្នុងការ​ឆ្លើយតប​ទៅនឹង​ការអភិវឌ្ឍន៍​រីកចម្រើន​រយៈពេល​៣៦​ឆ្នាំ ក្រោយ​ជ័យ​ជំនៈ៧​មករា ជា​ប្រវត្តិសាស្ត្រ ក៏ មាន​តំណាង ព្រះសង្ឃ មន្ត្រីរាជការ សិស្ស កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋ បានធ្វើ​ចំណាប់អារម្មណ៍ ព្រម ទាំង​គាំទ្រ​នូវ​ស្មារតី ថ្ងៃជ័យ​ជំនះ ៧​មករា និង ប្រសិទ្ធពរ សូម​ឲ្យ​ស្មារតី​ថ្ងៃជ័យ​ជំនះ ៧​មករា ឲ្យ​ស្ថិតនៅក្នុង​ក្រអៅ បេះដូង​ប្រជាជន​គ្រប់រូប​ជា​អមតៈ​ផងដែរ។

បន្ទាប់ពី​គណៈអធិបតី និង ភ្ញៀវកិត្តិយស បានធ្វើការ លែង​ព្រាប និង បង្ហោះ​ប៉េងប៉ោង ដើម្បី​សុំ​ឲ្យ​ប្រទេស​កម្ពជា ជួប​នូវ​សុខសន្តិភាព និង កិច្ចអភិវឌ្ឍន៍ រីកចម្រើន​លើ​គ្រប់​វិស័យ​រួចមក គណៈអធិបតី និង គណៈប្រតិភូ ក៏បាន អញ្ជើញ​ចុះសួរសុខទុក្ខ​បងប្អូន​អ្នក​ជម្ងឺ ដែល​កំពុង​សម្រាក់​ព្យាបាល​នៅ តាម​មន្ទីរពេទ្យ​យោធភូមិភាគ​ទី​៤ និង មន្ទីរ​បង្អែក​ខេត្តសៀមរាប សរុប​ចំនួន ៤៤០​នាក់ ដោយ​ម្នាក់​ទទួលបាន ទឹកដោះគោ ០១​កំប៉ុង ស្កសរ ១​គ​ក្រ មី​១០ កញ្ចប់ និង ថវិកា​មួយ​ម៉ឺន​រៀល។ ឆ្លៀត​ក្នុង​ឱកាស​ព្រឹក​នោះដែរ​ឯ​.​ឧ ទៀ បាញ់ ក៏បាន​ជួប​ធ្វើការ​សំណេះសំណាល​ជា មួយ​និវត្តន៍​ជន ជា​មន្ត្រី​រាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ និង គ្រួសារ​មានគុណ បំណាច់​ចំពោះ​ជាតិ​មាតុភូមិ ចំនួន​៧១០​រូប ដោយបាន​ឧបត្ថម្ភ​នូវ​ថវិកា ម្នាក់ៗ ៨​ម៉ឺន​រៀល​ផងដែរ៕


Post a Comment

0 Comments

Close Menu