បុគ្គលិកផ្នែកសុខាភិបាលអាមេរិកាំងមួយរូបដែលអាចជាប់សង្ស័យថា ឆ្លងវីរុស Ebola នៅឯប្រទេសសៀរ៉ាឡេអូន អាចនឹងមកដល់មន្ទីរពេទ្យមួយកន្លែងនៅ Nebraska ដើម្បីត្រួតពិនិត្យកាលពីថ្ងៃអាទិត្យកន្លងមកនេះ ដែលនៅមន្ទីរពេទ្យនោះធ្លាប់បានព្យាបាល Ebola អស់ចំនួន៣ករណីរួចមកហើយ។ នេះបើតាមការឲ្យដឹងពីមន្ដ្រីប្រចាំមន្ទីរពេទ្យ។
អ្នកជំងឺដែលមិនត្រូវបានគេស្គាល់អត្ដសញ្ញាណនោះត្រូវបានគេរំពឹងថា នឹងទៅដល់មន្ទីរ The Biocontainment Unit នៅឯមន្ទីរពេទ្យ The University of Nebraska Medical Center នៅក្រុង Omaha ដោយដឹកតាមយន្ដហោះពេទ្យឯកជននៅវេលាម៉ោងប្រមាណ២រសៀល។
បើតាមវេជ្ជបណ្ឌិត Dr.Phil Smith នាយកវេជ្ជសាស្ដ្រនៃមន្ទីរនោះថា អ្នកជំងឺត្រូវបានបង្ហាញឲ្យឃើញពីការឆ្លងវីរុសមែនហើយ ប៉ុន្ដែមិនឃើញមានឈឺ ហើយក៏មិនបង្កការចម្លងដែរ។
ពុំមានការផ្ដល់ព័ត៌មានលម្អិតនោះទេ អំពីហេតុផលថា តើឆ្លងវីរុសនោះកើតដោយរបៀបណា។
គឺក្រុមថែទាំអ្នកជំងឺ Ebola នោះហើយដែលធ្លាប់ថែទាំអ្នកជំងឺ Ebola ចំនួន៣នាក់នៅឯមន្ទីរពេទ្យនោះ។ អ្នកជំងឺ២នាក់ត្រូវបានទទួលព្យាបាលប្រកបដោយជោគជ័យ។ លើកលែងតែអ្នកជំងឺ Ebola ទីបីតែប៉ុណ្ណោះដែលបានមកដល់ក្នុងអាការៈធ្ងន់ពេកណាស់ទៅហើយ ហើយបានស្លាប់ទៅក្នុងរយៈពេលដ៏ខ្លីបន្ទាប់មកទៀតនោះ។
មជ្ឈមណ្ឌលនៃមន្ទីរពេទ្យនោះ នឹងរៀបចំឲ្យមានការដាក់អ្នកជំងឺឲ្យនៅឆ្ងាយដាច់ដោយឡែករយៈពេល២១ថ្ងៃ ក្នុងការតាមដានត្រួតពិនិត្យ និងធ្វើតេស្ដឈាម។
កាលពីថ្ងៃសៅរ៍កន្លងទៅនោះ មន្ទីរពេទ្យមួយនៅក្រុងឡុងដ៍បាននិយាយថា ស្ដ្រីគិលានុបដ្ឋាយិកាអង់គ្លេសម្នាក់កំពុងតែត្រូវបានព្យាបាលជំងឺ Ebola នោះ ស្ថិតនៅក្នុងអាការៈធ្ងន់បន្ទាប់ពីធ្លាក់យ៉ាប់យឺុនអស់រយៈពេល២ថ្ងៃកន្លងមក។
មន្ទីរពេទ្យ The Royal Free Hospital បាននិយាយថា នាង Pauline Cafferkey អាយុ៣៩ឆ្នាំ គឺជាមនុស្សទីមួយហើយដែលមានរោគលក្ខណៈ Ebola នៅលើទឹកដីអង់គ្លេសដែលបានវិលត្រឡប់មកកាន់ប្រទេសអង់គ្លេសវិញគឺមកពីប្រទេសសៀរ៉ាឡេអូន ដែលនាងធ្លាប់បានទៅធ្វើការនៅទីនោះឲ្យអង្គការសប្បុរសមួយ។
Ebola ជាជំងឺគ្រុនឈាមដែលបានសម្លាប់មនុស្សអស់ដល់ទៅជាង៨,០០០នាក់រួចមកហើយក្នុងចំណោមអ្នកជំងឺដល់ទៅជាង២០,០០០នាក់នៅក្នុងពេលមានការរាលដាល ដែលបានចាប់ផ្ដើមក្នុងខែមីនា។ រាល់គ្រប់ករណី Ebola ទាំងអស់មានប្រភពដើមនៅប្រទេសលីបេរីយ៉ា សៀរ៉ាឡេអូន និងហ្គីណេ៕
ស.ប.ឆ

0 Comments