លោក Dave Whelanដែលជាប្រធានក្លឹប Wigan នោះទទួលបានបម្រាមរយៈពេល ៦សប្តាហ៍ ពីសកម្មភាពបាល់ទាត់ទាំងអស់ ដោយសារតែសេចក្តីអធិប្បាយរបស់គាត់បង្កើតឡើងពាក់ព័ន្ធនឹងជនជាតិជី្វហ្វ និងប្រជាជនចិន ប៉ុន្តែប្រធានក្លឹបវ័យ៧៨ឆ្នាំម្នាក់នេះ មិនបានគំរាមលាឈប់ពីបាល់ទាត់នោះទេ។
ទោះជាយ៉ាងណាក៏ដោយ លោក Whelanព្រមទទួលយកការចោទប្រកាន់មួយនេះ ពីសមាគមបាល់ទាត់ FAក៏ដូចជាទទួលបានការពិន័យជាទឹកប្រាក់ ៥ម៉ឺនផោន និងការព្រមានចំពោះកាយវិការ និងពាក្យសំដីថ្ងៃក្រោយ។
ក្លឹប Wiganបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈកម្មការ FAពេញចិត្តខ្លាំងណាស់កាលដែលលោក Whelanមិនមែនជាមនុស្សដែលប្រកាន់ជាតិសាសន៍។
ប្រភពព័ត៌មានជិតស្និទ្ធនឹងលោក Whelanបានឲ្យដឹងថា គាត់នឹងមិនលាឈប់ពីបាល់ទាត់នោះទេ ហើយលោកមានរយៈពេល៧ថ្ងៃក្នុងការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការចោទប្រកាន់មួយនេះ។
គួររំលឹកថា ប្រធានក្លឹប Wiganម្នាក់នេះ បាននិយាយប្រាប់កាសែត The Guardianថា វាគ្មានអ្វីនិយាយពីជនជាតិចិននោះទេ ហើយជនជាតិជី្វហ្វ ជាមនុស្សដែលតាមប្រមាញ់លុយជាងនរណាៗទាំងអស់៕
0 Comments