Ad Code

ស្រវឹង​បើកឡាន​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​របួសធ្ងន់​និង​ស្រាល​៦​នាក់​

ភ្នំពេញ ៖ មនុស្ស​ក្មេង-ចាស់-ប្រុស-ស្រី​ចំនួន​៦​នាក់​ដែល​ជា​អ្នកលក់​ទូរស័ព្ទ​ដៃ​ និង​អ្នក​អង្គុយលេង​នៅ​ទី​នោះ​ បាន​រង​របួស​ធ្ងន់​និង​ស្រាល​ព្រមៗ​គ្នា​ បន្ទាប់ពី​ត្រូវ​រថយន្ត​ម៉ាក​សាំ​យ៉ុង​ ពណ៌​ស្លែ​មួយ​គ្រឿង​បើកបរ​ស្រវឹងស្រា​បាន​បើក​រេ​ចង្កូត​ចូល​ទៅ​បុក​សំយាប​ផ្ទះ​របស់​ប្រជាពលរដ្ឋ ​ព្រមទាំង​ទូ​តាំង​ដាក់​លក់​ទូរស័ព្ទ​ដៃ​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​ និង​ខូចខាត​សម្ភារៈ​មួយចំនួន​តែ​មិន​បណ្ដាល​ឲ្យ​រង​គ្រោះ​ដល់​ស្លាប់​នោះ​ទេ។​
ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​យប់ ​ថ្ងៃទី​២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥ ​នៅ​តាម​ផ្លូវ​បេតុង ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង​៦​នាក់​មាន​ក្មេងប្រុស​ម្នាក់ ​ឈ្មោះ ថា តឿ​ អាយុ​៦​ឆ្នាំ ​បាន​រង​របួស​ធ្ងន់ធ្ងរ ​និង​ក្មេងស្រី​ជំទង់​ម្នាក់​ទៀត​ ក៏​រង​របួសធ្ងន់​ដែរ​។ ក្រៅ​ពី​នេះ​មាន​មនុស្ស​ពេញវ័យ ​និង​មនុស្ស​ចាស់​ក៏​រង​របួស​យ៉ាងដំណំ​ដែរ​។ រថយន្ត​បង្ក​ម៉ាក​សាំ​យ៉ុង ​ពណ៌​ស្លែ​ ប្រភេទ​ទេសចរណ៍​១២​កៅអី ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2F1409 អ្នក​បើកបរ​បាន​រត់​គេច​ខ្លួន​បាត់​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ។​
តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ តាម​បណ្ដោយ​ផ្លូវ​បេតុង​ លុះ​ទៅដល់​ចំណុច​កើតហេតុ​រថយន្ត​នេះ​បាន​រេ​ចង្កូត​ទៅ​បុក​ចូល​សំយាប​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​ទីនោះ​មាន​ ទូ​តាំង​លក់​ទូរស័ព្ទ​ មាន​អ្នក​អង្គុយ​លក់​ទីនោះ​ និង​មាន​ក្មេង-​ចាស់​អង្គុយលេង​នៅ​ទីនោះ​ផង​ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​និង​ស្រាល​ព្រមៗ​គ្នា មិន​តែប៉ុណ្ណោះ​រថយន្ត​បាន​បុក​ធ្លាយ​ជញ្ជាំង​បន្ទប់​ជួល​នៅ​ជាប់ៗ​គ្នា​នោះ​ទៀត​ផង។​
ប្រភព​បន្ត​ថា ​ខណៈ​ពេល​គេ​កំពុងតែ​ភ័យ​ស្លន់ស្លោ​ទៅ​នឹង​គ្រោះថ្នាក់​នេះ​ ស្រាប់​អ្នកបើកបរ​រថយន្ត​មានឱកាស​បាន​ដាក់​មេ​ប្រូច​បាត់ស្រមោល​ តែ​ទោះជា​យ៉ាងណា​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ដើម្បី​រង់ចាំ​ស្រាវ​ជ្រាវ​រក​ម្ចាស់​ឲ្យ​ចូលខ្លួន​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់៕
វិទូ​

Post a Comment

0 Comments

Close Menu