Ad Code

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង គ្រោង​បង្កើត​ឲ្យ​មាន​សហគមន៍​ដាំ​ផ្កា​

ស្ទឹងត្រែង ៖ ខេត្តស្ទឹងត្រែង​ធ្វើការ​សិក្សា​ពី​បច្ចេកទេស​បង្កាត់​ពូជ​ផ្កា​ពី​ខេត្ត​យ៉ា​ឡាយ​ ប្រទេស​វៀត​ណាម និង​គ្រោង​បង្កើត​ឲ្យ​មាន​សហគមន៍​ដាំ​ផ្កា​នៅក្នុង​ខេត្ត​ក្នុងពេលដែល​ពិនិត្យ​ឃើញ​ថា ផ្កា​គ្រប់​ប្រភេទ​ត្រូវ​ឈ្មួញ​នាំចូល​មក​លក់​ក្នុង​ខេត្ត មានតម្លៃ​ខ្ពស់​នៅ​លើ​ទីផ្សារ ជាពិសេស​នៅ​ថ្ងៃបុណ្យ​ចូល​ឆ្នាំ។ ក្នុង​ឱកាស​ចុះ​សិក្សា​ពី​បច្ចេកទេស​ដាំ​ផ្កា​នៅ​ភូមិ​អៀរ​គឿង ស្រុក/ខេត្ត​យ៉ា​ឡា ​ប្រទេស​វៀត​ណាម​កាល​ពី​កន្លង​មក​ថ្មីៗ​នេះ​ លោកស្រី ​គង់ ស៊ីផា ​អភិបាលរង​ខេត្តស្ទឹងត្រែង​មាន​ប្រសាសន៍​ថា​ខេត្ត​នឹង​រៀបចំ​ឲ្យ​បង​ប្អូន​ប្រកប​អាជីវកម្ម​លក់​ផ្កា​នៅក្នុង​ខេត្តស្ទឹងត្រែង បាន​ចុះទៅ​សិក្សា​យក​នូវ​បច្ចេកទេស​បង្កាត់​ពូជ​ផ្កា​គ្រប់​ប្រភេទ ​បង្កើត​ធ្វើ​ឲ្យ​មាន​ភូមិ​ផលិតផល​មួយ​សម្រាប់​ធ្វើ​អាជីវកម្ម​ក្នុង​ស្រុក​ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​ជូន​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ចំណាយ​ថវិកា​ច្រើន​ទិញ​ផ្កា​ថ្លៃ​ក្នុង​១​ដុំ​ចាប់ពី​៣​ដុល្លារ​ទៅ​១០​ដុល្លារ​មក​ប្រើប្រាស់​ក្នុង​កម្មវិធី​បុណ្យ ឬ​សែនព្រេន។​
លោកស្រី​បង្ហាញ​ថា នេះ​ជា​មូលដ្ឋាន​មួយ​អាច​ឲ្យ​អាជីវករ​មក​សិក្សា​យក​បទពិសោធន៍​ទៅ​ពង្រឹង​នៅ​តាម​ទីតាំង​អាជីវកម្ម​របស់​ខ្លួន និង​យក​ពូជ​ផ្កា​ប្លែកៗ​ទៅ​ធ្វើ​ការ​ដាំដុះ។ ទីនេះ​គឺជា​សួន​បណ្ដុះ​ផ្កា​លក់​នៅ​ខេត្ត​យ៉ា​ឡាយ ដែល​មាន​ផ្កា​គ្រប់​ប្រភេទ មាន​គុណភាព ​មាន​សម្រស់ ហើយ​នាង​ខ្ញុំ​ត្រឡប់​ទៅ​ខេត្ត​វិញ និង​ជូនដំណឹង​នេះ​ទៅ​ដល់​អាជីវករ​ដែល​គាត់​មាន​ចំណង់​ចំណូលចិត្ត ដើម្បី​បណ្ដុះ​ផ្កា​ដើម្បី​ជួយ​ដល់​ជីវភាព​ដល់​ពួកគាត់​មក​ទស្សនា​ដកស្រង់​បទពិសោធន៍​នៅក្នុង​សួនផ្កា​នេះ យក​ទៅ​ធ្វើ​ការ​ដាំដុះ ​បន្ត​នៅ​ជីវភាព​ខ្វះខាត និង​ជួយ​លើក​ជីវភាព​របស់​គាត់​នៅក្នុង​ខេត្ត​របស់​យើង ហើយ​ជាពិសេស​ទៀត​នោះ គឺ​យក​ពូជ​ផ្កា​ថ្មីៗ​ប្លែកៗ​ល្អៗ​ពី​កន្លែង​នេះ​ដើម្បី​យក​ទៅ​ធ្វើការ​បណ្ដុះ​ពូជ នៅ​ក្នុង​ខេត្តស្ទឹងត្រែង​យើង​នេះ។​
លោក​ សៀវ ​មិញ មន្ត្រី​មន្ទីរ​ការបរទេស​នៃ​ខេត្ត​យ៉ា​ឡាយ​បាន​អះអាង​ថា លោក​នឹង​ទទួល​យក​នូវ​ការ​ចុះ​មក​សិក្សា​ពី​បច្ចេកទេស​ក្នុង​ការ​បង្ហាត់ និង​បណ្ដុះ​ពូជ​ផ្កា​ទាំងនេះ ​ពីព្រោះ​ខេត្ត​ទាំងពីរ​ស្ទឹងត្រែង យ៉ា​ឡាយ ធ្លាប់​បាន​ជួយ​គ្នា​ទៅវិញទៅមក​រួច​មក​ហើយ​។​
លោក​បាន​បញ្ជាក់​ថា នៅ​ខេត្ត​យ៉ា​ឡាយ​មានតែ​ទីតាំង​មួយ​នេះ​ទេ ដែល​ខេត្ត​ទើប​បង្កើត​ជា​សហគមន៍​ដាំ​ផ្កា​ដើម្បី​ទាក់ទាញ​រក​ទីផ្សារ​លក់ដូរ ប្រយោជន៍​ជំរុញ​សហគមន៍​ដាំ​ផ្កា​នេះ​ឲ្យ​មានការ​រីក​ចម្រើន​ទៅ​ថ្ងៃមុខ​។​
សូម​បញ្ជាក់​ថា ពូជ​ផ្កា​ដែល​សហគមន៍​ភូមិ​អៀរ​គឿង កំពុងធ្វើការ​ដាំ​ដុះ​នេះ នឹង​ចែក​ចាយ​ដល់​អតិថិជន​មាន​ផ្កា​ចំរុះ​ពណ៌ ​ក្នុង​នោះ​មាន ផ្កាស្បៃរឿង ផ្កាអ័រគីដេ ផ្កាកូឡាប ផ្ការំយោល​រួត ផ្កា​កន្ទុយ​មាន់ ផ្កា​ចាក់ ស្មុគ ផ្កា​ពរ​រីករាយ ផ្កា​កន្ទុយក្ងោក ផ្កា​កន្ទុយ​មាន់​ ផ្កាអង្គារសិល្ប៍ ផ្កា​បំពង​បៃតង​និង​ដើម​ផ្លែ​ក្រូចឃ្វិច​ជាដើម៕​
ងិន លីម​

Post a Comment

0 Comments

Close Menu