ភ្នំពេញ ៖ កាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចមុខភោជនីយដ្ឋានបង្កងមាស តាមបណ្តោយផ្លូវលេខ២៩៦ កែងផ្លូវមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ទូលស្វាយព្រៃ២ ខណ្ឌចំការមន មានករណីក្រុមក្មេងស្ទាវ មានគ្នា៦នាក់យកដុំថ្មព្រួតវាយទៅលើម្នាក់បណ្ដាលឲ្យរងរបួសសន្លប់ស្តូកស្តឹង។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន៣នាក់បានដើរថ្មើរជើង ដែលទើបតែមកពីដើរលេង ហើយបំណងត្រឡប់ទៅផ្ទះវិញដើម្បីសម្រាក ខណៈមកដល់ចំណុចកើតហេតុមុខភោជនីយដ្ឋានបង្កងមាស ស្រាប់តែមានក្រុមក្មេងស្ទាវមួយក្រុមមានគ្នា៥ទៅ៦នាក់ ប្រដាប់ដោយដុំថ្មបានព្រួតមកវាយបណ្ដាលឲ្យឈ្មោះ ញ៉ាញ អាយុ២០ឆ្នាំ រងរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ ចំណែក២នាក់ទៀតរត់រួចមិនមានរបួសនោះទេ។ បន្ទាប់ពីក្រុមក្មេងស្ទាវបង្កបាននាំគ្នារត់គេចខ្លួនបាត់ស្រមោលតែម្តង។ ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតយកទៅសង្គ្រោះ។
ក្រុមជនរងគ្រោះបានឲ្យដឹងថា ពួកគេនិងក្រុមក្មេងស្ទាវទាំងនោះមិនដែលស្គាល់គ្នាទេពីមុនមក ហើយក៏មិនដែលមានរឿងជាមួយនរណាដែរ តែពេលមកដល់វេលាកើតហេតុខាងលើស្រាប់តែមានក្រុមទាំងនោះមកព្រួតវាយដោយមិនដឹងមូលហេតុ៕
ឌួងវិរះជ័យ

0 Comments