ភ្នំពេញ ៖ ដោយសារការប្រើប្រាស់ផ្លូវនៅតាមមូលដ្ឋានកន្លងមកមិនបានត្រឹមត្រូវ ធ្វើឲ្យផ្លូវឆាប់ខូច លោក គឹម វិបុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញបានស្នើសុំឲ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលមានការពាក់ព័ន្ធ ជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងមានវិធានការសមស្របនូវបទបញ្ជានៃការប្រើប្រាស់ផ្លូវ និងការដឹកជញ្ជូនលើសទម្ងន់។ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញបានស្នើសុំបែបនេះនៅក្នុងពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ២០១៤ និងទិសដៅការងារឆ្នាំ២០១៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទនៅសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ ក្រោមអធិបតីភាពលោក ឱម សំអ៊ែល អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ។ ក្នុងនោះដែរ លោក គឹម វិបុល ក៏បានស្នើសុំដល់ក្រសួងអភិវឌ្ឍន៍ជនបទ និងសាលារាជធានីភ្នំពេញ មេត្តាជួយបង្កើនថវិកា និងគាំទ្រលើការជួសជុលផ្លូវជនបទ និងការថែទាំផ្លូវជនបទជាលក្ខណៈខួប និងជាលក្ខណៈប្រចាំ ព្រមជាមួយនេះ លោកក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានជួយសហការឲ្យបានល្អក្នុងការអនុវត្តគម្រោងសកម្មភាពនានា ក៏ដូចជាដោះស្រាយផលប៉ះពាល់ទាំងឡាយដែលកើតមានជាយថាហេតុ។
លោក អៀង អូននី ក្នុងឱកាសនោះបានគូសបញ្ជាក់ថា ថ្មីៗនេះ សាលារាជធានីភ្នំពេញ បានធ្វើការពង្រីកខ្លួនរហូតដល់៦៧៨គីឡូម៉ែត្រការ៉េ ដោយបូកបញ្ចូល២០ឃុំរបស់ខេត្តកណ្តាល ធ្វើឲ្យវិសាលភាពនៃទីជនបទកាន់តែរីកធំឡើង ដូច្នេះតួនាទីរបស់មន្ទីរអភិវឌ្ឍន៍ជនបទកាន់តែមានសារៈសំខាន់ និងមានតម្លៃធំធេងសម្រាប់ឆ្លើយតបជាមួយនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលត្រូវបានកាត់ចូលមករាជធានីភ្នំពេញនេះ។ លោកបានលើកឡើងថា រាជធានីភ្នំពេញមានតួនាទីពិសេសមួយ ដែលមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ ត្រូវតែយកចិត្តទុកដាក់ខុសពីបណ្ដាមន្ទីរអភិវឌ្ឍន៍ជនបទនៅតាមបណ្ដាខេត្តនោះគឺ ទីក្រុងកាន់តែរីក នគរូបនីយកម្មកាន់តែកើនឡើង ជីវភាពប្រជាពលរដ្ឋ ក៏មានការផ្លាស់ប្ដូរ ភូមិសាស្ត្រ ក៏មានការប្រែប្រួល បណ្ដាលឲ្យទីជនបទជាយក្រុងមួយចំនួនជាការរីករបៀបនគរូបនីយកម្ម ដែលមិនមានជាប្លង់ច្បាស់លាស់នៅឡើយ ដូចនេះសូមឲ្យមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញធ្វើការតម្រង់ទិសពីឥឡូវនេះទៅ ដើម្បីឲ្យស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋទាំងអស់នោះជាបណ្ដើរៗ អាចសម្របខ្លួនទៅក្នុងជីវភាពទីក្រុងមួយ ជាអ្នកទីក្រុងមួយ ប្រកបដោយនិរន្តរភាព។
ជាមួយគ្នានោះដែរ លោកឱម សំអ៊ែល បានមានប្រសាសន៍ថា រាល់សមិទ្ធផលរួមដែលយើងសម្រេចបាននៅទូទាំងប្រទេសនិយាយរួម និងនៅក្នុងរាជធានីភ្នំពេញ និយាយដោយឡែក ពិតជាបានធ្វើឲ្យយើងទាំងអស់គ្នាមានមោទនភាពណាស់ តែការខិតខំរបស់យើងមិនទាន់ឈានដល់ទីបញ្ចប់នៅឡើយទេ ផ្លូវដែលយើងត្រូវដើរនៅវែងឆ្ងាយណាស់ ការលំបាកនៅតាមផ្លូវក៏មានមិនតិចដែរ សេចក្តីត្រូវការរបស់មនុស្សមិនទាន់គ្រប់គ្រាន់នៅឡើយទេ ពិសេសប្រជាជនរស់នៅតំបន់ជនបទ ហេតុនេះយើងទាំងអស់គ្នា ដែលជាអ្នកផ្តល់សេវា ត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេឡើងថែមទៀត សំដៅធ្វើឲ្យតំបន់ជនបទក្លាយទៅជាកន្លែងដែលមានសន្តិភាព សន្តិសុខ សុវត្ថិភាព មានការប្រប្រួលមុខមាត់ថ្មី និងក្លាយជាតំបន់អភិវឌ្ឍន៍ប្រកបដោយសក្ដានុពលថ្មីមួយទៀតសម្រាប់ជំរុញល្បឿននៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិយើង៕
ស្រីរ័ត្ន

0 Comments