ព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ត្រី ស៊ាង កុសល ស្នងការងខេត្តព្រះសីហនុបានឲ្យដឹងថា ក្នុងត្រីមាសទី១ ដើមឆ្នាំ២០១៥ បទល្មើសព្រហ្មទណ្ឌកើតមានឡើងចំនួន១៥លើក លើ២៥ករណី (ពាក់ពន្ធជនបរទេស៥ករណី) បើប្រៀបធៀបត្រីមាសទី១ ដើមឆ្នាំ២០១៤ មានការថយចុះចំនួន១០ករណី ក្នុងនោះបទឧក្រិដ្ឋមាន៣ករណី លើ៥ករណី។ បទល្មើសមជ្ឈិមមាន១២ករណី លើ២០ករណី។ លទ្ធផលនៃកិច្ចប្រតិបត្តិការរបស់កងកម្លាំងនគរបាលខេត្តព្រះសីហនុ ក្នុងត្រីមាសទី១ដើមឆ្នាំ២០១៥ កម្លាំងជំនាញបង្ក្រាបបទល្មើសជាក់ស្តែងបានចំនួន១២ករណី ស្មើនិង៨០% នៃចំនួនបទល្មើសដែលកើតមានឡើងជាក់ស្តែង និងធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន២១នាក់ ក្នុងនោះ បទឧក្រិដ្ឋយើងបង្ក្រាបបានចំនួន០២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ បទល្មើសមជ្ឈិម ១០ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន១៨នាក់។
ពាក់ព័ន្ធបទល្មើសជួញដូរ និងចែកចាយគ្រឿងញៀន ឮកម្លាំងជំនាញបង្ក្រាបបានចំនួន០៨ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន១៣មុខសញ្ញា ដកហូតបានវត្ថុតាងមួយចំនួនធំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់វិធានការតាមផ្លូវច្បាប់។
លោកស្នងការខេត្តបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរផ្លូវគោលនៅទូទាំងខេត្តព្រះសីហនុ ក្នុងត្រីមាសទី១ កើតមានឡើងចំនួន៦៣លើក លើ៧១លើក ប្រៀបធៀបរយៈពេលត្រីមាសទី១ ដើមឆ្នាំ២០១៤ថយចុះ៨លើក។ គ្រោះថ្នាក់ខាងលើបណ្ដាលឲ្យស្លាប់មនុស្សចំនួន១៦នាក់ រងរបួស១០៦នាក់ ខូចខាតរថយន្តចំនួន៣៦គ្រឿង និងម៉ូតូ៧២គ្រឿង។
លោកបានបញ្ជាក់ថា ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានដើរតួយ៉ាងសំខាន់ក្នុងនាមជាសេនាធិការឲ្យគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ លើការងារការពារសន្តិសុខ សុវត្ថិភាព និងរក្សាបាននូវសណ្ដាប់ធ្នាប់សាធារណសង្គមជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកំសាន្តនៅខេត្តព្រះសីហនុ។ យើងបានរៀបចំធ្វើវេទិកាសាធារណៈជួបប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យពួកគាត់មានមតិយោបល់និងចម្ងល់ផ្សេងៗ ចំណុចខ្វះខាតរបស់អាជ្ញាធរ និងសមត្ថកិច្ចលើការអភិវឌ្ឍន៍ ក៏ដូចជាការរៀបចំសណ្ដាប់ធ្នាប់សង្គម។ ព្រមជាមួយនោះដែរ យើងបានធ្វើការបកស្រាយអប់រំប្រជាពលរដ្ឋឲ្យមានការយល់ដឹង និងចូលរួមដោយស្ម័គ្រចិត្តក្នុងចលនាប្រជាការពារនៅតាមមូលដ្ឋានភូមិ/ឃុំរបស់ខ្លួន តាមរយៈគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព ដើម្បីធានានូវភាពសុខសាន្តជូនប្រជាពលរដ្ឋ៕ ស៊ុយ ចាន់ធា


0 Comments