Ad Code

សែន ​រ៉ា​ដេ​ត​ បំបាក់​ថៃ​ទឹក​៣ ខណៈ​ផល​ សោ​ភ័​ណ្ឌ​ ចាញ់​ទឹក​១​នៅ​សង្វៀន SEA-TV


ភ្នំពេញ ៖ K.Cement ជុំ​ទី​២ សូត្រ ប៊ុន​ធី​-​លាស់ យីន​-​មាស ច័ន្ទ​មាន និង​ឱម សំរេច​ឈ្នះ​ការប្រកួត​ជម្រុះ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ដណ្ដើម​ខ្សែ​K.Cement សម្រាប់​ជុំ​ទី​២​នៅ​លើ​សង្វៀន SEA-TV​ នា​ល្ងាច​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៥ អ្នក​ប្រដាល់ ​សូត្រ ប៊ុន​ធី​-​លាស់ យីន​-​មាស ច័ន្ទ​មាន និង ឱម សំរេច​សុទ្ធតែ​ឈ្នះ​ក្នុង​ការប្រកួត​នេះ​។

សូត្រ ប៊ុន​ធី អ្នក​ប្រដាល់​ក្លិប​បក្សី​ស្លាប​ដែក ដែល​ការប្រកួត​ដំបូង​របស់​គេ​ឈ្នះ​ លាស់ យីន ក្លិប​សម្រែក​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន​នោះ មកដល់​ជុំ​ទី​២​នេះ បាន​ប្រកួត​ឈ្នះ​ ឃីម បូរ៉ា អ្នក​ប្រដាល់​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ទៀត​។ នេះ​ជា​លើក​ទី​១​ហើយ ដែល ​ប៊ុន​ធី​ ឈ្នះ​ បូរ៉ា​នៅ​ក្នុង​ប្រវត្តិ​ជួបគ្នា​ចំនួន​៣​លើក​កន្លង​មក​នេះ​។ ជ័យជំនះ​នេះ​ធ្វើ​ឲ្យ​២​ប្រកួត​របស់ ​ប៊ុន​ធី​ ឈ្នះ​ទាំង​២ ប្រកួត ក្នុង​ខណៈ​ដែល​២​ប្រកួត​របស់​ បូរ៉ា ឈ្នះ​១​ប្រកួត ចាញ់​១​មួយ​ប្រកួត​នោះ​។​

លាស់ យីន អ្នក​ប្រដាល់​ក្លិប​សម្រែក​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន ប្រកួត​ឈ្នះ​ ជ័យ ប៊ុន​សង់ អ្នក​ប្រដាល់​ក្លិប​គី​សែន​មាន​រិ​ទ្ធិ​ដោយ​ពិន្ទុ​ទាំង​ប្រផិតប្រផើយ បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ​។​

ពីរ​ប្រកួត​របស់​ លាស់ យីន ឈ្នះ​បាន​១​ប្រកួត និង ចាញ់​១​ប្រកួត ខណៈ​ដែល​២​ប្រកួត​របស់​ជ័យ ប៊ុន​សង់ ចាញ់​ទាំង​២​ប្រកួត​នោះ​។​

មាស ច័ន្ទ​មាន អ្នក​ប្រដាល់​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ផ្ដួល​អ្នក​ប្រដាល់​ ណា​ម ម៉ូ​រ៉ា​ក់ ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង​នៅ​ទឹក​ទី​២​។ ពីរ​ប្រកួត​របស់​ច័ន្ទ​មាន ឈ្នះ​ទាំង​២​ប្រកួត និង​ផ្ដួល​គូ​ប្រកួត​នៅ​ត្រឹម​ទឹក​ទី​២​ដូចគ្នា​។ ចំពោះ​២​ប្រកួត​របស់​ ណាម ម៉ូ​រ៉ា​ក់ គឺ​សន្លប់​នៅ​ទឹក​ទី​២ ទាំង​២​ប្រកួត ។ មួយ​ប្រកួត​ទៀត ឱម សំរេច អ្នក​ប្រដាល់​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​ផ្ដួល ​ថុល មករា អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ឲ្យ​បោះ​បង់​ចោល​ការប្រកួត​នៅ​ទឹក​ទី​៣ ដោយ​ទាត់​មករា​ឲ្យ​ខូច​ជើង​បន្ត​ការប្រកួត​ទៀត​លែងកើត​។ ពីរ​ប្រកួត​របស់ ​ឪ​ម សំរេច​ឈ្នះ​ទាំង​២​ប្រកួត ខណៈ​ដែល​ពីរ​ប្រកួត​របស់​ថុល​ មករា​ ចាញ់​មុន​ទឹក​ទី​៥ ទាំង​២​ប្រកួត​នោះ​។

ម៉ាត់ ឆ្វេង​ឈ្នះ​ គឿ​ម សុវណ្ណ​ឌឿ​ត ឯ សុខ រិ​ទ្ធ ឈ្នះ​សៀវ សំណាង​អ្នក​ប្រដាល់​ម៉ាត់ ឆ្វេង ក្លិប​ក្រសួងការពារជាតិ​បាន​ប្រើ​ពេល​៥​ទឹក ក្នុង​ការ​យកឈ្នះ​ គឿ​ម សុវណ្ណ​ឌឿ​ត​ក្លិប​មោង​ឫស្សី​មរតក​គុន​ខ្មែរលើ​សង្វៀន SEA-TV នា​ព្រឹក​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ២០១៥។​

ក្នុង​ការ​ប្រកួត​៥​ទឹក ​ពួកគេ​ទាំង​២ វាយប្រហារ​គ្នា​ទៅវិញទៅមក​ដោយ​គ្មាន​ញញើត​។​ ការ​វាយ​ចេញ​របស់ ​ម៉ាត់ ឆ្វេង​ ចំ​គោលដៅ​ច្រើនជាង​ តែ​ការ​វាយ​ចេញ​របស់ ​សុវណ្ណ ​ឌឿ​ត​ ក៏​មិន​អន់​ដែរ តែ​គេ​ហាក់ដូចជា​ឆេវឆាវ​បន្តិច​។ អ្នក​ប្រដាល់​ទាំង​២​រូប​នេះ​តែងតែ​បំពាន​លើ​គ្នា​ដោយ​វាយ​បន្ថែម​គ្នា​ក្រោយ​ពេល​អាជ្ញាកណ្ដាល​ឃាត់​ជា​ញឹកញាប់​។​

ពួកគេ​ប្រកួត​គ្នា​៥​ទឹក​ពេញ​តែ​ម៉ា​ត ឆ្វេង​បាន​ទទួល​ជ័យជំនះ​លើ​ គឿ​ម សុវណ្ណ​ឌឿ​ត​ដោយ​ពិន្ទុ​ទាំង​ប្រផិតប្រផើយ​។ សុខ រិ​ទ្ធ ក្លឹប​គី​រី​ដងរែក​ខេត្តបន្ទាយមានជ័យ​ប្រកួត​ឈ្នះ​ សៀវ សំណាង​ក្លិប​អប្សរា​គុន​ខ្មែរ​ដោយ​ពិន្ទុ​ទាំង​ប្រផិតប្រផើយ​ដែរ​។ ៣​ទឹក​ដំបូង​ សុខ រិ​ទ្ធ​ហាក់ដូចជា​វាយ​សង្គ្រុប​លើ​សៀវ សំណាង​រហូត​ ហើយ​ការ​វ៉ៃ​ចេញ​របស់​គេ​មាន​ប្រសិទ្ធភាព​គ្រាន់បើ ឯ​ការ​វាយ​ចេញ​របស់​សំណាង​ក៏​ចំ​គោលដៅ​បាន​ច្រើន​ដែរ​។ នៅ​ទឹក​ទី​៤ និង​ទឹក​ទី​៥​ សុខ រិ​ទ្ធ​ហាក់ដូចជា​ដូចជា​ដកថយ និង​ការពារ​ច្រើនជាង​។ ២​ទឹក​ចុង​ក្រោយនេះ​ទោះបី​សំណាង​ព្យាយាម​យ៉ាងណា​ក៏​ចុងក្រោយ​គេ​នៅ​តែ​ចាញ់​ពិន្ទុ​ សុខ រិ​ទ្ធ​ដដែល​។​

ចុះ​ពី​សង្វៀន ​សំណាង​បាន​ទៅ​ជួប​មន្ត្រី​ផ្គូផ្គង​សុំ​វាយ​សងសឹក​នៅ​ថ្ងៃ​ណាមួយ​វិញ ហើយ​មន្ត្រី​ខាង​ផ្គូផ្គង​បាន​សន្យា​ភ្លាមៗ​ថា គេ​នឹង​រៀបចំ​ឲ្យ​សងសឹក​។ សំណាង​មិន​អស់ចិត្ត​ចំពោះ​ការ​បរាជ័យ​ទាំង​ប្រផិតប្រផើយ​នេះ​ឡើយ​។​

ឡេះ តើក​ក្លិប​ពុទ្ធ​សេរី​វង្ស បាន​បញ្ចប់​ រ៉ា​ក់ វិឆ័យ​ក្លិប​កងពលតូច​លេខ​៧០​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៥ ដោយ​វាយ​មួយ​កែង​ឲ្យ ​វិឆ័យ​ មាន​របួស​លើ​ចិញ្ចើម​ឆ្វេង​យ៉ាង​ធំ​ ហើយ​ត្រូវ​គ្រូពេទ្យ​បញ្ឈប់​។

គួរ​បញ្ជាក់​ថា នៅ​ទឹក​ទី​៣ វិឆ័យ​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ម្ដង​ បន្ទាប់ពី​ត្រូវ ​ឡេះ តើក​ទាត់​មួយ​ជើង​ចំ​កញ្ចឹង.ក​នោះ​។ យ៉​ន វិចិត្រ​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រើ​ពេល​តែ​២​ទឹក​ប៉ុណ្ណោះ​ ធ្វើ​ឲ្យ​ ឡូញ វ៉ាន់​ឌី​ក្លិប​ពន្លឺ​វិបុល​រិទ្ធី​ខុ​ច​ជើង​ឆ្វេង មិនអាច​បន្ត​ការប្រកួត​បាន​ទៀត​នោះ​។

ដោយឡែក​អ្នក​ប្រដាល់​ ផល ប្រុស​ខួច​ក្លិប​គីរីវង់​សុខ​សែន​ជ័យ​ប្រកួត​ចាញ់​ពិន្ទុ ​ម៉ន ខួច​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក​។ ចំពោះ​ការប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ នា​ល្ងាច​ថ្ងៃទី​២២​ខែកុម្ភៈ​លើ​សង្វៀន​SEA-TV​ដដែល​នេះ អ្នក​ប្រដាល់​ សែន រ៉ា​ដេ​ត​ក្លិប​អប្សរា​គុន​ខ្មែរ​បាន​ប្រើ​កែង​ផ្ដួល​អ្នក​ប្រដាល់​ថៃ Phit Phong Thang ឲ្យ​សន្លប់​នៅ​ទឹក​ទី​៣​។​

ស្ថានភាព​នៃ​ការប្រកួត​២​ទឹក​ដំបូង ទោះបី​ រ៉ា​ដេ​ត​មានប្រៀប​ជាង​ក៏​ពិត​មែន តែ​គេ​ក៏​ទទួលរង​នូវ​ការ​វាយ​សង​ពី​Phit Phong Thang យ៉ាង​ចាស់ដៃ​ដែរ​។​ នៅ​ដើម​ទឹក​ទី៣ រ៉ា​ដេ​ត​បែក​ក្រោម​ភ្នែក​ឆ្វេង​ដោយសារ​កែង​របស់​Phit Phong Thang​។ មួយ​កែង​នេះ​ធ្វើ​ឲ្យ​រ៉ា​ដេ​ត​មាន​កំហឹង​ក៏​វាយ​កែង​សង​វិញ​ធ្វើ​ឲ្យ Phit Phong Thang សន្លប់​ក្រោក​លែង​រួច​តែម្ដង​។​

ផល សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ជើង​ខ្លាំង​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ឡើង​ប្រកួត​លើក​នេះ​គេ​ជួប​សំណាង​មិនល្អ ដោយ​ចាញ់​ថៃ​ក្នុង​ទឹក​ទី​១​ទាំង​មិន​អស់ចិត្ត​។ ក្នុង​ការ​ប្រកួត​ទឹក​ទី​១ ដែល​មិនទាន់​ដឹង​ថា​អ្នកណា​មានប្រៀប​ជាង​នរណា​នោះ ផល សោ​ភ័​ណ្ឌ បាន​វាយ​អ្នក​ប្រដាល់​ថៃ​Thy Det ឲ្យ​ដួល​អុក​គូទ​លើ​រេញ ហើយ​គេ​ក៏​ជ្រុលជើង​ទាត់​មួយ​ជើង​ទៀត​ចំ​មុខ​Thy Det ធ្វើឲ្យ​អ្នក​ប្រដាល់​ថៃ​រូប​នេះ​សន្លប់ ។ ទោះបីជា​ការ​ទាត់​របស់ ​សោ​ភ័​ណ្ឌ​នោះ មិន​ត្រូវ​ចំ​ខ្លាំង​ប៉ុន្មាន​ក្តី ក៏​Thy Det​ មិន​ក្រោក​បន្ត​ការប្រកួត​ទៀត​ដែរ គឺ​សុខចិត្ត​ដេក​ដើម្បី​ស៊ី​ឡាក​យក​សោ​ភ័​ណ្ឌ ដែល​ប្រកួត​ខុស​កតិកា​ប្រកួត​។ ទីបំផុត Thy Det ត្រូវ​បាន​គេ​ប្រកាស​អោយ​ឈ្នះ​សោ​ភ័​ណ្ឌ​ក្នុង​ទឹក​ទី​១​នេះ​។​

​ ​អ្នក​ប្រដាល់​សុខ ធី ក្លិប​គី​រី​ដងរែក​ខេត្តបន្ទាយមានជ័យ ដែល​ទើប​ឡើង​មក​ប្រកួត​ជា​លើក​ដំបូង​នៅ​ភ្នំពេញ​នេះ បាន​វាយ​ឈ្នះ​ជើង​ខ្លាំង​ហ៊ឹម សេរី អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ​ដោយ​ពិន្ទុ ។ ចំណែក ឃិត ទូច អ្នក​ប្រដាល់​មជ្ឈមណ្ឌល​កីឡា​ខ​.​ភ​.​ម ប្រ​កួត​ឈ្នះ​ថៃ សាក់​សារៈ អ្នក​ប្រដាល់​ក្លិប​កងទ័ពជើងទឹក​ដោយ​ពិន្ទុ​ដែរ​។​

ឆាយ មាស អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង ដែល​ឡើង​ប្រកួត​សង​ សឹក​ឆាំ រ៉ែ​ម អ្នក​ប្រដាល់​ក្លិប​ព្រះខ័ន​រាជ​លើ​សង្វៀន​SEA-TV​យប់​ថ្ងៃទី​២២ ខែ​កុម្ភៈ​នេះ​ដែរ បាន​បន្ត​ចាញ់​ដោយ​ពិន្ទុ​ម្តង​ទៀត​។​

ចំណែក ​វ៉ាន់ ចាន់​វ៉េ​ត អ្នក​ប្រដាល់​ជើងចាស់​ក្លិប​គី​សែ​មាន​រិ​ទ្ធ បាន​វាយ​ឈ្នះ​ ឯក កៃ​ឈៀង អ្នក​ប្រដាល់​ស្រករ​ក្រោយ​ក្លិប​ម្កុដ​រាជសីហ៍​ដោយ​ពិន្ទុ​ប្រផិតប្រផើយ​។ ​ក្នុង​ទឹក​ទី​៣ ចាន់​វ៉េ​ត ត្រូវ​កៃ​ឈៀង វាយ​បែក​ឈាម​ដោយសារ​កែង​របស់​គេ​។​

ឡុង សំណាង ក្លឹប​សាល​វ័​ន្ត​កីឡា បាន​ប្រកួត​ចាញ់​ពិន្ទុ ​ម៉ន ចាន់​ដា​រ៉ា ក្លិប​ការិយាល័យ​ទី​៥ កង​ទ័ពជើងគោក ខណៈ​ដែល​ ហឿន សុខលី ក្លិប​តា​ព្រហ្ម​មានជ័យ​ឈ្នះ​ គួ​ន សុវណ្ណ​ក្លិប​សុភា​នូ​មាន​ជ័យ​ដោយ​ពិន្ទុ​៕

វិ​សិទ្ធ

Post a Comment

0 Comments

Close Menu