Ad Code

ខេត្តបន្ទាយមានជ័យ​បាន​បើក​វេទិកា​តម្រង់​ទិស ​ស្ដីពី​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ប្រចាំឆ្នាំ​២០១៥


បន្ទាយមានជ័យ ៖ កាល​ព្រឹក​ថ្ងៃទី​២២ ​ខែកុម្ភៈ​ ឆ្នាំ​២០១៥​នេះ ​នៅ​មជ្ឈមណ្ឌល​អង្គការ​កុមារ​មេគង្គ ស្ថិតនៅ​ភូមិ​អរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន​បើក​វេទិកា​តម្រង់​ទិស​ដល់​សិស្ស ​ចាប់ពី​ថ្នាក់​ទី​១២​ដល់​ថ្នាក់​ទី​៧ ​មកពី​ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ បាត់ដំបង ប៉ៃលិន ព្រះវិហារ ដែល​មាន​សិស្ស​ចូលរួម​ចំនួន​៨៩០​នាក់​បាន​មក​ស្តាប់​ស្ដីពី​មជ្ឈមណ្ឌល​នេះ​បាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​ ពិធី​នេះ​មានការ​ចូលរួម​លោក អ៊ុង​ អឿន​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្តបន្ទាយមានជ័យ លោក​ ម៉ា​តាំង​ឆាល​ម៉ាំង​ឌី​យោ នាយក​ជាតិ​អង្គការ​កុមារ​មេគង្គ​ប្រចាំ​ប្រទេស​កម្ពុជា​ និង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើន​នាក់​ទៀត​។​ លោក​ម៉ា​តាំង​បាន​មានប្រសាសន៍​ថា​គោល​ដៅ​របស់​អង្គការ​កុមារ​មេគង្គ​ជួយ​ដល់​កុមារ​ក្រីក្រ​កុមារ​ងាយ​រងគ្រោះ ​តែ​កុមារ​ទាំង​អស់​នោះ​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​សិក្សា​រៀនសូត្រ​ដើម្បី​ឲ្យ​ទទួល​បាន​នូវ​ការអប់រំ​ប្រកបដោយ​គុណភាព​ និង​តម្លាភាព​។​ លោក​បាន​បន្ត​ថា​ នៅ​ប្រទេស​កម្ពុជា​យើង​នេះ​ អង្គការ​កុមារ​មេគង្គ​មាន​គម្រោង​ធំៗ​ចំនួន​៦​ដូចជា កម្មវិធី​អប់រំ​ក្រៅ​ប្រព័ន្ធ កម្មវិធី​សាងសង់​ និង​ជួសជុល​អាគារ​សិក្សា កម្មវិធី​ផ្តល់​កន្លែង​ស្នាក់​នៅ​សម្រាប់​សិស្ស​តាម​ស្រុក​មកពី​តំបន់​ដាច់ស្រយាល កម្មវិធី​ចែក​ម្សៅ​ទឹកដោះគោ​ដល់​ទារក​មកពី​គ្រួសារ​ក្រីក្រ​ ហើយ​ម្តាយ​គ្មាន​ទឹកដោះ​ឲ្យ​បៅ ​ឬ​ម្តាយ​មាន​ផ្ទុកមេរោគ​អេដស៍ កម្មវិធី​ជីក​ស្រះ​សង់ផ្ទះ​និង​បង្គន់​អនាម័យ​សម្រាប់​សិស្ស​កូន​ធម៌​ក្រក្រី​។​ លោក​បាន​បន្ត​ថា​ សម្រាប់​វិស័យ​អប់រំ​ក្នុង​ឆ្នាំ​២០១៥​នេះ​អង្គការ​កុមារ​មេគង្គ​ក្នុង​ខេត្តបន្ទាយមានជ័យ​យើង​នេះ​បាន​ជួយឧបត្ថម្ភ​ដល់​សិស្ស​មត្តេយ្យ សិស្ស​បឋម និង​សិស្ស​មធ្យម​ជាដើម សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ គរុ​និស្សិត និង​និស្សិត សកលវិទ្យា​ល័យ​ក្រីក្រ​សរុប​មាន​ចំនួន​១.៧៥៧​នាក់​។​ លោក​ អ៊ុង​ អឿន បាន​មានប្រសាសន៍​ដែរ​ថា ​សូម​ក្មួយៗ​ទាំងអស់​ត្រូវ​ខិតខំ​រៀន​សូត្រ​ និង​ធ្វើការ​ស្រាវជ្រាវ​រាល់​គ្រប់​មុខវិជ្ជា​ដើម្បី​យកចំណេះ​ទៅ​បង្រៀន​សិស្ស​ដទៃទៀត​ក្នុង​ការ​សិក្សាការ​បង្កើន​នូវ​វប្បធម៌​នៃ​ការ​ជឿជាក់​លើ​ខ្លួនឯង​ ដើម្បី​តម្លាភាព​ក្នុង​ការ​ប្រឡង​ និង​ការ​ដាក់​ពិន្ទុ​ដើម្បី​ឆ្លើយតប​ក្នុង​ការ​បង្រៀន​ប្រកបដោយ​ការទទួលខុសត្រូវ​។​ លោក​បាន​បន្ត​ថា ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ ​សិស្ស​ថ្នាក់​ទី​១២​ដែល​រស់​នៅ​ក្នុង​មណ្ឌល​៤៨​នាក់​ក្នុង​ចំណោម​សិស្ស​៤៥​នាក់​បាន​ប្រឡង​ជាប់​នៅ​លើ​ក​ទី​១​ និង​លើក​ទី​២​ សរុប​សិស្ស​ប្រឡង​ជាប់​៩៨%​នេះ​គួរ​ឲ្យ​កត់សម្គាល់​ណាស់​៕

គង្គា​

Post a Comment

0 Comments

Close Menu