Ad Code

បុណ្យចូលឆ្នាំ​ចិន-វៀតណាម ​មាន​ភ្ញៀវ​ទេសចរ​ជាង​៦០.០០០​នាក់​


ព្រះសីហនុ ៖ លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ពិធីបុណ្យ​ចូលឆ្នាំ​ចិន-វៀតណាម រយៈពេល​៣​ថ្ងៃ គី​ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ខេត្ត​ព្រះសីហនុ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មាន​ចំនួន​៦២.៩៧៦​នាក់ កើនឡើង​ជាង​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន-វៀតណាម​២០១៤ ចំនួន​២៧.២២% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំ​២០១៤​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន​៥៦.០៦០​នាក់ កើនឡើង​ចំនួន​២៩.៤២% និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៦.៩១៦​នាក់ កើនឡើង​១១.៧៨%​។​

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ទៀត​ថា ភ្ញៀវ​ទេសចរ​នៅ​តែ​មាន​ហូរ​ចូល​មក​ខេត្ត​ព្រះសីហនុ ជា​បន្តបន្ទាប់ ​ព្រោះ​នៅ​រដូវ​បុណ្យចូលឆ្នាំ​ចិន​២០១៥​នេះ ចំ​ពេល​ថ្ងៃ​ចុង​សប្ដាហ៍​ ភ្ញៀវ​ទេសចរ​នឹង​មាន​ពេលវេលា​វែង​ក្នុង​ការ​ធ្វើ​ដំណើរ​ជាមួយ​ក្រុម​គ្រួសារ​មកលេង​កំសាន្ត​នៅ​តាម​ឆ្នេរសមុទ្រ តាម​តំបន់​រមណីយដ្ឋាន​ក្នុង​ខេត្ត​ព្រះសីហនុ ពិសេស​ម្ហូបអាហារ​សមុទ្រ​ស្រស់​ដែល​មាន​រសជាតិ​ឆ្ងាញ់​។

កំណើន​ភ្ញៀវ​កើនឡើង​ដោយសារ​ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​ទេសចរ​ត​ភ្ជាប់​ជាមួយ​ខេត្តកំពត និង​ខេត្ត​កែប ព្រោះ​ភ្ញៀវ​ទេសចរ​មក​សម្រាក​លេង​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ រួចហើយ​បន្ត​ទៅ​ទស្សនា​នៅ​បូកគោ ក្នុង​ខេត្តកំពត និង​បន្ត​ទៅ​កំសាន្ត​នៅ​ខេត្ត​កែប ឬ​អ្នកទេសចរ​ពួកគេ​ធ្វើដំណើរ​ចូល​លេង​ឆ្នេរកែប បន្ត​ទៅ​កំសាន្ត​នៅ​បូកគោ ក្នុង​ទឹកដី​ខេត្តកំពត​រួច និង​មកលេង​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​ចុងក្រោយ​មុននឹង​ចាកចេញ​ទៅកាន់​លំនៅដ្ឋាន​រៀងៗខ្លួន​។​

​ ​ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​ដែល​មាន​តំបន់​ទេសចរ​ធម្មជាតិ​មាន​ឆ្នេរខ្សាច់​ស្រស់ សរ​ស្អាត​ពី​ធម្មជាតិ និង​មាន​រមណីយដ្ឋាន​ទឹកធ្លាក់​ក្បាលឆាយ និង​ទឹកធ្លាក់​ថ្ម​រោង ក្នុងស្រុក កំពង់​សិលា ជា​ពិសេស​ខេត្ត​ព្រះសីហនុ​សម្បូរ​ទៅ​ដោយ​ប្រជុំ​កោះ​ជាច្រើន​ដែល​បាន​អនុវត្ត​ជា​បណ្ដើរៗ​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មាន​ចំណាប់​អារម្មណ៍​ជិះទូក​ទៅលេង​កំសាន្ត​នៅ​តាម​កោះ មាន​ដូចជា​កោះ​តួច ក្នុង​ទឹកដី​សង្កាត់​កោះរុង និង​មាន​ភូមិ​ជាច្រើន​ទៀត​នៅ​លើ​ដី​កោះ​ត្រូវ​បាន​កែលំអ​ជា​រមណីយដ្ឋាន​ទេសចរ​។ ដោយ​បច្ចុប្បន្ន​ភ្ញៀវ​ទេសចរ​បរទេស​លេង​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ មិន​ភ្លេច​ទៅ​ដេក​សម្រាក​នៅ​លើ​កោះ ​ក្នុង​សង្កាត់​កោះរុង​នោះ​ឡើយ។ ម្យ៉ាងទៀត​សេវា​ដឹកជញ្ជូន​ទៅ​កាន់​ដី​កោះ​មាន​សុវត្ថិភាព និង​មាន​ភាព​ងាយ​ស្រួល​ចំណាយពេល​តែ​ពី​៤០​ទៅ​៥០​នាទី​ប៉ុណ្ណោះ មិន​ដូច​ពី​ពេលមុន​យើង ចង់ទៅ​កំសាន្ត​នៅ​លើ​កោះ ត្រូវ​ចំណាយពេល​២​ម៉ោង​កន្លះ ទៅ​៣​ម៉ោង​ទេ​។

ពិធីបុណ្យ​ចូលឆ្នាំ​ចិន-វៀតណាម ឆ្នាំ​២០១៤ ខេត្ត​ព្រះសីហនុ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចំនួន​៤៩.៥០០​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន​៤៣.៣១៣​នាក់ និង​អន្តរជាតិ​មាន​ចំនួន​៦.១៨៧​នាក់​៕

ស៊ុយ ចាន់​ធា​






Post a Comment

0 Comments

Close Menu