បន្ទាយមានជ័យ ៖ បើកម៉ូតូពេលយប់ យុវជនម្នាក់រងគ្រោះបាក់ជើង ដោយសារតែបើកទៅបុកពីក្រោយរថយន្តដែលឈប់ស្ងៀមលើកំណាត់ផ្លូវជាតិលេខ៥ ខាងលិចស្ពានទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីម៉ោង៦និង៣០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥។
លោក សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរជើងគោកនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជនរងគ្រោះដែលបើកម៉ូតូស្មាសពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1AB 8067 មានឈ្មោះ ខន ពន្លឺ អាយុ២៣ឆ្នាំ ជានិស្សិត UME មានទីលំនៅខេត្តពោធិ៍សាត់ មកស្នាក់នៅខេត្តបន្ទាយមានជ័យ បានបើកម៉ូតូពីក្រុងប៉ោយប៉ែតមកកាន់ទីរួមខេត្តបន្ទាយមានជ័យ តាមទិសដៅពីលិចទៅកើត ដើម្បីមករៀននៅសាលា UME នៅថ្ងៃសៅរ៍-អាទិត្យ ជាអកុសលទៅបុករថយន្តម៉ាកMontero ពណ៌ប្រភេស ពាក់ស្លាក់លេខ ភ្នំពេញ 2C 2974 ត្រង់ខាងក្រោយផ្នែកខាងឆ្វេងដែលអស់សាំងឈប់ចតនឹងចិញ្ចើមផ្លូវ ក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យជនរងគ្រោះបាក់ភ្លៅខាងស្តាំ ចំណែកម៉ូតូខ្ទិចផ្នែកខាងមុខ និងរថយន្តរងការខូចខាតខាងក្រោយផ្នែកខាងឆ្វេង និងបែកកង់ខាងឆ្វេង។ ក្រោយកើតហេតុតៃកុងរថយន្តបាននៅជួយមើលជនរងគ្រោះ តែលុះដល់សមត្ថកិច្ចទៅដល់ តៃកុងក៏រត់គេចខ្លួនបន្សល់ទុកអ្នកដែលជិះជាមួយទៅទិញសាំងយកមកចាក់រថយន្តដើម្បីយកមករក្សាទុកទាំងម៉ូតូមកស្នងការនគរបាលខេត្ត ជនរងគ្រោះត្រូវបានប៉ូលិសនាំយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរី។
មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ ដោយសារតែម៉ូតូបើកលឿនចាំងភ្នែកគេចមិនផុតក៏ទៅបុកនឹងរថយន្តឈប់ចតមានភ្លើងសញ្ញា៕
អ,ពៅ




0 Comments