ភ្នំពេញ ៖ លោក ជុំម៉ាលី សាយ៉ាសន (Choummaly Sayasone) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេល២ថ្ងៃ ដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥។ សេចក្តីប្រកាសព័ត៌មាននោះឲ្យដឹងថា តាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោក ជុំម៉ាលី សាយ៉ាសន (CHOUMMALY SAYASONE) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៦ ដល់ ២៧ ខែកុម្ភៈ ឆ្នាំ២០១៥ ហើយក្នុងអំឡុងពេលទស្សនកិច្ចនោះ លោក ជុំម៉ាលី សាយ៉ាសន នឹងចូលបង្គំគាល់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី នៅព្រះបរមរាជវាំង។
ក្រសួងការបរទេសបានឲ្យដឹងទៀតថា ក្រៅពីនេះលោក ជុំម៉ាលី សាយ៉ាសន នឹងជួបដាច់ដោយឡែកពីគ្នាជាមួយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក សាយ ឈុំ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយលោក ជុំម៉ាលី សាយ៉ាសន ក៏នឹងអញ្ជើញទៅគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រនៃកម្ពុជា "ព្រះបរមរតនកោដ្ឋ"ផងដែរ៕
កោះកែវ

0 Comments