ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍ស្វាយប៉ាកពាក់ព័ន្ធករណីលួចយកម៉ូតូគេមិនបានសម្រេច កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅផ្ទះលេខ៥៤៦ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ខណៈដែលជនរងគ្រោះទុកម៉ូតូចាក់សោទុកនៅមុខផ្ទះរួចចូលក្នុងផ្ទះ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ពិន ឌឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់ភូមិព្រៃព្រុំ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ សព្វថ្ងៃស្នាក់នៅផ្ទះជួលសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូម៉ាកសង់សេ125 ពណ៌ខ្មៅសេរី២០០៨ ពាក់ស្លាកលេខភ្នំពេញ1T2836 ដែលត្រូវជនសង្ស័យលួចយកម៉ូតូមិនបានសម្រេចនោះមានឈ្មោះ សួន លី ភេទប្រុស អាយុ៦១ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ ភូមិ/សង្កាត់កើតហេតុខាងលើ។
បើតាមម្ចាស់ម៉ូតូបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូចាក់សោទុកនៅមុខផ្ទះ រួចក៏ទៅខាងក្រោយផ្ទះ ហើយនៅម៉ោងកើតហេតុ ស្រាប់តែខ្លួនឮសូរសម្លេងជនសង្ស័យលួចឆ្កឹះសោម៉ូតូ ខណៈនោះខ្លួនក៏ចុះចេញមើលដេញចាប់ ហើយជនសង្ស័យដឹងខ្លួនក៏រត់តែរត់អស់រួចត្រូវចាប់បានប្រគល់សមត្ថកិច្ចតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការក្រុងភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ឌីរៀ

0 Comments