ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញបានចុះមកសហការជាមួយកម្លាំងមូលដ្ឋានឆ្មក់ចុះចាប់បង្ក្រាបក្រុមជនសង្ស័យ២នាក់ ដែលនាំគ្នាមកជួលបន្ទប់ផ្ទះសំណាក់ប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចផ្ទះសំណាក់យីហោអូយ៉ែស ដែលមានទីតាំងលេខ១៧ ផ្លូវលេខ១៣២ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលត្រូវបានកម្លាំងចម្រុះចុះមកឃាត់ខ្លួននោះទី១-ឈ្មោះ នូ សុវណ្ណឌី ហៅយក្ស ភេទប្រុស អាយុ២៤ឆ្នាំ ទី២-ឈ្មោះ ផន លាន ហៅរ័ត្ន ភេទប្រុស អាយុ២២ឆ្នាំ ត្រូវបានដកហូតវត្ថុតាងប្រដាប់ប្រដាប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ប្រភពព័ត៌មានបានបន្តទៀតថា នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យ២នាក់នោះ គឺកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ហើយក្រោយពីសួរនាំនៅមានបក្ខពួកផ្សេងទៀតនោះ ទើបកម្លាំងព្រហ្មទណ្ឌធ្ងន់បាននាំជនសង្ស័យ២នាក់នោះមកចង្អុលបង្ហាញថាជនសង្ស័យជាបក្ខពួករបស់ខ្លួនចំនួន២នាក់ទៀតបានមកជួលបន្ទប់នៃផ្ទះសំណាក់យីហោអូយ៉ែសនេះដើម្បីប្រើប្រាស់គ្រឿងញៀននោះ ទើបកម្លាំងចុះមកសហការជាមួយកម្លាំងមូលដ្ឋានចុះចាប់ជាក់ស្តែងឃើញជនសង្ស័យទាំងនោះកំពុងតែប្រើប្រាស់ ក៏ឃាត់ខ្លួនបញ្ជូនទៅចាត់ការនៅព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញតែម្តង៕
រស្មី

0 Comments