Ad Code

ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ក្នុង​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​នារី​ជា​សិស្សសាលា​ ពេល​កំពុង​ជិះ​ម៉ូតូ​តាម​ដង​ផ្លូវ​

ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌទួលគោក​ធ្វើការ​ឃាត់ខ្លួន​បាន​ជាក់ស្តែង​ក្នុង​ខណៈ​ពេល​ដែល​យុវជន​ម្នាក់​នេះ​ជិះ​ម៉ូតូ​ម៉ាក​ស៊ី​រូស ពណ៌​ខ្មៅ​១​គ្រឿង ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​នារី​ជា​សិស្ស​ម្នាក់​បានសម្រេច​នៅពេល​កំពុង​ជិះ​ម៉ូតូ​តាម​ដងផ្លូវ ហើយ​នៅពេល​នារី​រងគ្រោះ​ស្រែក​ចោរៗ​ ទើបត្រូវ​ប៉ូលិស​ជួយ​អន្តរាគមន៍​ចាប់​ខ្លួន​បាន​តែម្តង។​
ហេតុការណ៍​នេះ​បាន​កើង​ឡើង​កាល​វេលា​ម៉ោង​១៧​និង​១០​នាទី​ល្ងាច ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៥ ស្ថិត​តាម​បណ្តោយ​ផ្លូវ​២៨៧ កែង​ផ្លូវ​៥៦៦ ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក​។ ជន​សង្ស័យ​ម្នាក់​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ប្រាប់​អោយ​ស្គាល់ឈ្មោះ ​រិ​ទ្ធ ប៊ុន​មិនា ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១០ ផ្លូវ​៥៧៨ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​។​ ចំណែក​ជនរងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ សេង សុ​ហ្វី​យ៉ា ភេទ​ស្រី អាយុ​១៨​ឆ្នាំ​ មុខរបរ​សិស្ស ស្នាក់នៅ​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​។ ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នេះ​ប៉ូលិស​ដកហូត​វត្ថុ​តាង​មួយចំនួន ក្នុង​នោះ​រួមមាន ទូរស័ព្ទ អាយ​ហ្វូ​ន​៥​មួយ​គ្រឿង​ជា​របស់​ជនរងគ្រោះ បាន​ប្រគល់​ជូន​ជនរងគ្រោះ​វិញ ម៉ូតូ​ម៉ាក yamaha siruis​ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ ភ្នំពេញ 1BN 0212 មួយ​គ្រឿង ជា​របស់​ជនល្មើស​ជិះ​ធ្វើ​សកម្មភាព។​
មន្ត្រី​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្កុប​ពី​ពណ៌​ស ស៊េរី​២០១៥ គ្មាន​ស្លាក​លេខ​ ចេញពី​សាលារៀន​ក្នុង​គោល​បំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ​។​ លុះ​ជិះ​ម៉ូតូ​មកដល់​ចំណុច​កើតហេតុ​ក៏បាន​លើក​ទូរស័ព្ទ​និយាយ​បណ្ដើរ​ជិះ​ម៉ូតូ​បណ្ដើរ ហើយ​ស្រប​ពេល​នោះ​ក៏​ស្រាប់​តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មក​អែប​ក្បែរ​រួច​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ពី​ជនរងគ្រោះ​បានសម្រេច​តែម្តង​។ ​តែ​ក្នុងករណី​នោះ​ត្រូវ​បាន​ជនរងគ្រោះ​ស្រែក​ចោរៗ​ទើបត្រូវ​ប៉ូលិស​ដែល​ល្បាត​ក្បែរ​នោះ​ជួយ​អន្តរាគមន៍​ចាប់​ខ្លួន​បាន​តែម្តង​។​
បច្ចុប្បន្ន​ជនសង្ស័យ​រូប​នេះ ត្រូវ​បាន​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕
ស្រីរ័ត្ន​

Post a Comment

0 Comments

Close Menu