បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិត កែវ សុភ័ត្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានកោះហៅមន្ត្រីពាក់ព័ន្ធជាច្រើននាក់មកប្រជុំដើម្បីរកដំណោះស្រាយរាល់ការប្រឈមរបស់មន្ទីរសុខាភិបាលខេត្ត និងបង្កើតធ្វើការត្រួតពិនិត្យគណៈកម្មាធិការនាយកហិរញ្ញប្បទានសុខាភិបាលខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំនេះមានការចូលរួមលោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។ ក្នុងកិច្ចប្រជុំនោះ លោក កែវ សុភ័ត្ត្រា បានធ្វើការព្រមានយ៉ាងធ្ងន់ដល់មន្ត្រីមកប្រជុំពាក់ព័ន្ធទាំងអស់ថា សូមអស់លោកមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានមកប្រជុំនេះ ត្រូវឲ្យចេះស្រឡាញ់ និងយកចិត្តទុកដាក់អ្នកក្រ គ្មានលុយកាក់ ដែលរស់នៅតាមសហគមន៍នានា គាត់បានមកព្យាបាលជំងឺផ្សេងៗនៅតាមមន្ទីរពេទ្យនីមួយៗ ត្រូវចេះព្យាបាលពួកគាត់ឲ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់ឲ្យអស់ពីលទ្ធភាពអស់លោកមិនត្រូវគិតតែរឿងលុយកាក់បន្តិចបន្តួចខ្លាំងពេកនោះទេ ឲ្យចេះស្រឡាញ់ពួកគាត់ដូចអ្នកមានលុយមកព្យាបាលនៅតាមមន្ទីរពេទ្យផ្សេងៗអញ្ចឹងដែរ។ លោកបាននិយាយបន្តថា ហិរញ្ញប្បទានសុខាភិបាលនេះមានតួនាទីនិងភារកិច្ចសំខាន់ណាស់ដូចជា ការតែងតាំងសមាជិកក្រុមត្រួតពិនិត្យនិងធ្វើការតាមដានវាយតម្លៃថ្នាក់ខេត្តលើដំណើរការកម្មវិធីមូលនិធិសមធម៌សហគមន៍ស្រុកប្រតិបត្តិ មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យមើលដំណើរការ និងកំណត់អត្តសញ្ញាណគ្រួសារដែលក្រីក្រ និងធានាការអនុវត្តន៍តាមនីតិវិធីមូលនិធិរបស់ក្រសួងផែនការ។ លោកបានបញ្ជាក់ទៀតថា ត្រូវពិនិត្យនិងធ្វើការតាមដានវាយតម្លៃនិងធានាឲ្យប្រព័ន្ធនេះឲ្យមានតម្លាភាព និងត្រូវចូលរួមប្រើប្រាស់សេវាសុខាភិបាល និងគុណភាពនៃការផ្តល់សេវាសុខាភិបាលនៅគ្រប់ថ្នាក់ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពជាដើម។ លោកបានបញ្ជាក់ទៀតថា អស់លោកពាក់ព័ន្ធទាំងអស់ត្រូវបង្កើនការប្រើប្រាស់សេវាសុខភាពសាធារណៈដល់អ្នកក្រីក្រ ត្រូវចេះជួយសម្រួលលទ្ធភាពដល់អ្នកក្រីក្រក្នុងការប្រើប្រាស់សេវាសុខភាពសាធារណៈដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍ ត្រូវចេះចូលរួមចំណែកដល់ការកែលំអ និងលើកកំពស់គុណភាពនៃប្រព័ន្ធថែទាំសុខភាពសាធារណៈ និងត្រូវចេះជួយអ្នកក្រីក្រដើម្បីជម្នះលើរបាំងនៃការប្រើប្រាស់សេវាសាធារណៈ៕
គង្គា

0 Comments