Ad Code

វង្ស​ណ​យ ​ឈ្នះ​ថៃ​ត្រឹម​ពិន្ទុ ខណៈ ​ឡៅ​ ស៊ី​ណាត ​ឈ្នះ​ថៃ​ទឹក​៣ អ៊ុង ស៊ីណា​ ឈ្នះ​យ៉ា​ម​ឡយ​ ចំណែក ឯម លី​ថូ ​ឈ្នះ​រឿ​ម វ​ណ្ណះ​


ភ្នំពេញ ៖ វង្ស ណ​យ អ្នក​ប្រដាល់​ជើង​ខ្លាំង​នៃ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ លើក​នេះ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​Singha Thorn Ngoy​ ត្រឹមតែ​ពិន្ទុ​ប៉ុណ្ណោះ តែ​ឡៅ ស៊ី​ណាត ​អ្នក​ប្រដាល់​ក្លិប​កង​ពល​តូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​ផ្ដួល​អ្នក​ប្រដាល់​ថៃ​Pirabkao ក្នុង​ទឹក​ទី​៣​ក្នុង​កម្មវិធី​ប្រដាល់​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ខ្មែរ​-​ថៃ​ខា​រ៉ា​បាវ នៅ​លើ​សង្វៀន​ស្ទឹងមានជ័យ នា​យប់​ថ្ងៃអាទិត្យ​ ទី​២២ ខែ​កុម្ភៈ​។ Singha Thorn Ngoy អ្នក​ប្រដាល់​ថៃ​នេះ គេ​មិន​អន់​នោះ​ទេ ដោយ​បាន​វាយ ​វង្ស​ណ​យ ឲ្យ​បែក​ឈាម​ចិញ្ចើម​ខាងឆ្វេង និង​រាប់​៨​ម្តង​ក្នុង​ទឹក​ទី​៣​ ដោយសារ​កែង​របស់​គេ​នោះ​។ ​តែ​យ៉ាងណា វង្ស ណ​យ គេ​ក៏បាន​សង​កែង​ទៅវិញ​ក្នុង​ទឹក​ទី​៣​ដដែល​នេះ​ដែរ ធ្វើ​ឲ្យ​អ្នក​ប្រដាល់​ថៃ Singha Thorn Ngoy បែក​ឈាម​ចិញ្ចើម​ខាងឆ្វេង​ធំ​គួរសម​ដែរ​។

ដំបូង​នឹក​ស្មាន​ថា​ វង្ស ណ​យ សន្លប់​ក្នុង​ទឹក​៣​នេះ​ហើយ ក្រោយពី​Singha Thorn Ngoy វាយ​កែង​ឆ្វេង​ត្រូវ​សៀតផ្កា ហើយ​ដួល​ដេក​លើ​រេញ​នោះ ប៉ុន្តែ​ក្រោយ​អាជ្ញាកណ្ដាល​រាប់​ដល់​៨ គេ​ក៏​ងើប​បន្ត​ការប្រកួត​បាន​ទៀត។ វង្ស ណ​យ បាន​យក​ប្រៀប​ឈ្នះ​លើ​ថៃ​វិញ​ក្នុង​ការ​ប្រកួត​ទឹក​ទី​៤ និង​ទឹក​ទី​៥ ខណៈ​ដែល Singha Thorn Ngoy គេ​រាង​ស្រុត​ធ្លាក់ចុះ​កម្លាំង ហើយ​ដកថយ​គេច​ពី​ការវាយប្រហារ​របស់ ​វ​ង្ស ណ​យ​នោះ​។ ទោះបី​ត្រូវ​រាប់​ម្តង​ក៏ដោយ ក៏ ​វង្ស​ណ​យ​នៅតែ​ឈ្នះ Singha Thorn Ngoy ដោយ​ពិន្ទុ​ក្រោយ​បញ្ចប់​ការប្រកួត​ប្រាំ​ទឹក​នោះ​។​

ចំណែក ឡៅ​ស៊ី​ណាត អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ក្លិប​កងទ័ព​ឆ័​ត្រ​យោង​៩១១ បាន​ប្រើ​ពេល​តែ​បី​ទឹក​ប៉ុណ្ណោះ ផ្ដួល​អ្នក​ប្រដាល់​ថៃ​ឈ្មោះ ​Pirabkao ឲ្យ​បោះ​បង់​ការប្រកួត​ក្នុង​ទឹក​ទី​៣​។ Pirabkao ដែល​ចាញ់​កម្ពស់ ​ស៊ី​ណាត​នោះ ពីរ​ទឹក​ដំបូង​គេ​វាយ​ទំនងជា​ខ្លាំង​ដោយ​មិន​ខ្លាច​កែង និង​ជង្គង់​របស់​ស៊ី​ណាត​ឡើយ ហើយ​ថែមទាំង​បញ្ចេញ​កណ្ដាប់ដៃ​ដាល់​មុខ ​ស៊ី​ណាត​ ត្រូវ​ច្រើន​ដៃ​ថែមទៀត​។ តែ​ក្រោយ​ចូល​ដល់​ទឹក​ទី​៣ ពេល​ដែល​ ស៊ី​ណាត​សម្រុក​វាយ​វិញ​នោះ គេ​ហាក់ដូចជា​បាត់​ម្ចាស់ការ បណ្តោយ​ឲ្យ ​ស៊ី​ណាត​ដាល់​ត្រូវ​មុខ និង​ចាប់​អុក​ជង្គង់​ជាច្រើន​ជង្គង់ បណ្ដាល​ឲ្យ​ដួល​លែង​ក្រោក​តែម្តង​។ សង្វៀន​រោង​សៀក អ៊ុង ស៊ីណា អ្នក​ប្រដាល់​ក្លិប​សុភា​នូ​មានជ័យ បាន​ប្រកួត​ឈ្នះ​ យ៉ា​ម​ឡយ​អ្នក​ប្រដាល់​ក្លិប​រស្មី​កុមារ​កំព្រា​ដោយ​ពិន្ទុ ក្នុង​ការ​ជួបគ្នា​លើ​សង្វៀន​រោង​សៀក​ទល់មុខ​រដ្ឋសភា កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ ទី​២២​ ខែកុម្ភៈ​នេះ​ដែរ​។

ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​លក្ខណៈ​តឹងតែង​បំផុត ដោយសារតែ​ ស៊ីណា​ ទាប​ជាង ​យ៉ា​ម ឡយ ពិបាក​ចូល​ជិត​។ តែ​យ៉ាងណា ស៊ីណា នៅតែ​ព្យាយាម​ចូល​វាយ​ យ៉ា​ម ឡយ​មុន​ជានិច្ច មិន​ទុក​ឱកាស​ឲ្យ ​យ៉ា​ម ឡយ វាយ​មុន​នោះ​ទេ​។ ដោយសារតែ​បែបនេះ បាន​ធ្វើ​ឲ្យ ​ស៊ីណា មានប្រៀប​ឈ្នះ​លើ ​យ៉ា​ម​ឡយ​សឹងតែ​គ្រប់ទឹក​។ ​ចប់​ការប្រកួត​ប្រាំ​ទឹក​ពេញ​នោះ អ៊ុង ស៊ីណា គេ​បាន​ទទួល​ជ័យ​ជំនះ​ដោយ​ពិន្ទុ​លើ​យ៉ា​ម​ឡយ​។​

ប្រាក់ ស៊ី​ណាត អ្នក​ប្រដាល់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ បាន​ផ្ដួល​ ឈុន បញ្ញា អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣​។ ឈុន បញ្ញា ត្រូវ​ ស៊ី​ណាត​ចាប់​អុក​នឹង​ជង្គង់​ចូល​ពោះ​ទឹក​បណ្ដាល​ឲ្យ​ដួលសន្លប់​លែង​ក្រោក ធ្វើ​ឲ្យ​ ស៊ី​ណាត​ ឈ្នះ​ក្នុង​ទឹក​ទី​៣​។​

អ្នក​ប្រដាល់​ជើង​ខ្លាំង ឡុង សុវណ្ណ​ឌឿ​ន បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ស្រករ​ក្រោយ សូ​យ យក្ស​តឿ ក្លិប​ពោធិ​ជ័យ​កីឡា​ដោយ​ពិន្ទុ ក្រោយពី​ប្រកួត​គ្នា​ប្រាំ​ទឹក​ពេញ​នោះ។ ជា​លើក​ទី​១​ហើយ ដែល​ឡុង សុវណ្ណ​ឌឿ​ន វាយ​ចាញ់​អ្នក​ប្រដាល់​ស្រករ​ក្រោយ​បែបនេះ​។ ពី​ដំបូង គេ​បាន​នឹក​ស្មាន​ថា សូ​យ យក្ស​តឿ មិនអាច​ទប់​ជាមួយ​ ឡុង សុវណ្ណ​ឌឿ​ន បាន​នោះ​ទេ តែ​ផ្ទុយទៅវិញ សុវណ្ណ​ឌឿ​ន​ ចាញ់​យក្ស​តឿ​ទៅវិញ​។ សូ​យ យក្ស​តឿ គេ​សម្រុក​វាយ​ទៅលើ ​សុវណ្ណ​ឌឿ​ន មិន​ដក​ដៃ​ឡើយ ដែល​ធ្វើ​ឲ្យ​សុវណ្ណ​ឌឿ​ន មាន​ឪ​កាស​តិចតួច​បំផុត​ក្នុង​ការ​វាយតប​តទៅ​លើ​សូ​យ យក្ស​តឿ​នោះ​។ ​ដោយសារតែ​យ៉ាងនេះ​ហើយ​ទើប​ចប់​ការប្រកួត​៥​ទឹក យក្ស​តឿ​ ឈ្នះ​ សុ​វ​ណ្ណះ​ឌឿ​ន​ដោយ​ពិន្ទុ​។​

ងួន គា អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ដែល​ឡើង​សងសឹក​ ជុន សាវុធ អ្នក​ប្រដាល់​ក្លិប​ពោធិ​ជ័យ​កីឡា​នោះ គេ​ធ្វើ​មិន​បាន​សម្រេច​នោះ​ឡើយ​។ ក្រោយ​បញ្ចប់​ការប្រកួត​ប្រាំ​ទឹក ងួន គា​ចាញ់​សាវុធ​ដោយ​ពិន្ទុ​ដូច​ពី​លើក​មុន​ដែរ​។ សង្វៀន​បាយ័ន​បឹង​ស្នោ ឯម លី​ថូ អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ​ដែល​ជើង​ខ្លាំង​ជើងចាស់ ដែល​ត្រូវ​គេ​ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ​ រឿ​ម វ​ណ្ណះ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​នោះ បាន​វាយ​ចាញ់​លី​ថូ​ដោយ​ពិន្ទុ​។​

ពីរ​នាក់​នេះ បាន​ជួបគ្នា​លើ​សង្វៀន​បាយ័ន​បឹង​ស្នោ នា​ល្ងាច​ថ្ងៃអាទិត្យ​ ទី​២២ ខែកុម្ភៈ​។ ​ក្នុង​ការ​ប្រកួត​ទឹក​ទី​៣ ពួកគេ​ទាំង​ពីរ​បាន​វាយ​ប្ដូរ​កណ្ដាប់ដៃ​ និង​កែង​គ្នា​ទៅវិញទៅមក​ដែល​ធ្វើឲ្យ ​លី​ថូ ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨ ដោយសារ​ត្រូវ​កែង​បក​របស់​ រឿ​ម វ​ណ្ណះ ដួល​លើ​រេញ​នោះ​។

តែ​ការ​វាយ​កែង​បក​របស់ ​វ​ណ្ណះ​នេះ គឺ​ខុស​ទៅ​នឹង​កតិកា​ប្រកួត ដែល​នៅពេល​អាជ្ញាកណ្ដាល​ស្រែក​ឲ្យ​ឈប់​ហើយ ប៉ុន្តែ ​រឿ​ម វ​ណ្ណះ​នៅតែ​វាយ​ទៅលើ​លី​ថូ​នោះ​។ អាជ្ញាកណ្ដាល​ក៏បាន​ពិន័យ​វណ្ណះ​ ដោយ​ឲ្យ​ចៅក្រម​ទាំង​៥​រូប​ដក​ពិន្ទុ ​វ​ណ្ណះ​។​

រឿ​ម វ​ណ្ណះ គេ​វាយ​ទៅលើ​លី​ថូ មាន​លក្ខណៈ​កាច​យក​តែ​មែនទែន​តែម្តង តែ​ភាគច្រើន​វាយ​តែ​ខ្យល់​ប៉ុណ្ណោះ ខុសពី​លី​ថូ​គេ​វាយ​ចេញ​តិច​មែន ប៉ុន្តែ​គេ​វាយ​ត្រូវ​ចំ​គោលដៅ​ល្អ បាន​ច្រើនជាង​វណ្ណះ ម្ល៉ោះហើយ​ទើប​ចប់​ការប្រកួត ឯម លី​ថូ​ ឈ្នះ ​រឿ​ម វ​ណ្ណះ​ដោយ​ពិន្ទុ។ សរ សី អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ដែល​ប្រកួត​ជាមួយ ​ម៉ូ រដ្ឋា អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្ត​បាត់ដំបង​នោះ គឺ​បាន​ត្រឹម​ស្មើ​ពិន្ទុ​គ្នា​តែប៉ុណ្ណោះ​។

ពួកគេ​ពីរ​នាក់​នេះ វាយ​ច្រាស​គ្នា​ទៅវិញទៅមក​ប្រាំ​ទឹក​ពេញ​តែម្តង ដែល​ចប់​ការប្រកួត​គ្មាន​អ្នកឈ្នះ គ្មាន​អ្នក​ចាញ់ គឺ​ស្មើគ្នា​។ តាមពិត​អ្នក​ប្រដាល់​ សរ សី គេ​វាយ​ចេញ​បាន​ច្រើនជាង​ ម៉ូ រដ្ឋា តែ​រាល់​ការ​វាយ​ចេញ​របស់​គេ​មិនសូវ​ចំ​គោលដៅ​ល្អ ទើបបាន​ត្រឹម​ស្មើ​យ៉ាងនេះ ហើយ​ណាមួយ​អ្នក​ប្រដាល់ ​ម៉ូ រដ្ឋា លើក​នេះ​គេ​ប្រកួត​ល្អ​ផង​ដែរ​។​

គិ​ន សំបូរ អ្នក​ប្រដាល់​ក្លិប​ភារ​ម្យ​គុន​ខ្មែរ​បាន​ប្រើ​ពេល​តែ​ពី​ទឹក​ប៉ុណ្ណោះ​ក្នុង​ការ​ផ្ដួល​យកឈ្នះ​សល់ អា​វិ​ន អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា​។ នេះ​ជា​លើក​ទី​២​របស់​ គិ​ន សំបូរ ដែល​វិល​មក​សង្វៀន​វិញ ហើយ​ផ្ដួល​យកឈ្នះ​លើ​ដៃគូ​ក្នុង​ទឹក​ទី​២​នោះ​។ កាលពី​លើក​ទី​១ គេ​បាន​ផ្ដួល ​ផល សីហា ក្លិប​សុភា​នូ​មានជ័យ​ក្នុង​ទឹក​ទី​២​ដែរ​។

ចំណែក កីឡាការិនី បូរី ស្រី​ភ័​ណ្ឌ ក្លិប​បុរី​គុន​ខ្មែរ ប្រកួត​ឈ្នះ​កីឡាការិនី វី ស្រី​ឆាយ ក្លិប​នាគ​មានជ័យ​ដោយ​ពិន្ទុ បន្ទាប់ពី​តស៊ូ​គ្នា​ប្រាំ​ទឹក​ពេញ​នោះ​៕

វិ​សិទ្ធ​​






​ ​

​ ​






Post a Comment

0 Comments

Close Menu