Ad Code

ទៅ​ហូប​ការ​ ពេល​មក​ផ្ទះ​វិញ​ស្រវឹង​ជិះ​ម៉ូតូ​បុក​បង្កាន់ដៃស្ពាន​រង​របួស​បាក់​ថ្គាម​ធ្ងន់ធ្ងរ​

កំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​រង​របួស​ធ្ងន់​បាក់​ថ្គាម ដោយ​ស្រវឹង​មកពី​ស៊ីការ​ជិះ​ម៉ូតូ​ទៅ​បុក​បង្កាន់​ដៃ​ស្ពាន​ ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ​ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៥ លើ​ផ្លូវលំ​គ្រួស​ក្រហម​ ស្ថិតនៅ​ក្នុងភូមិ​ប្រស្និប ឃុំ​ប្រស្និប ស្រុក​រលាប្អៀរ។
សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​និយាយ​ឲ្យ​ដឹង​ថា ជនរងគ្រោះ​រូប​នោះ​មាន​ឈ្មោះ ប៉ូ​យ សឿន អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ។ មុន​ពេល​កើតហេតុ​ជនរងគ្រោះ​រូប​នេះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ​ អត់​ស្លាក​លេខ ទៅ​ហូប​ការ​គេ​ជាមួយ​បងប្រុស​នៅ​ចុង​ភូមិ។​ ក្នុង​ពេល​ហូប​ការ​នោះ​ បងប្រុស​បាន​ស្រវឹង​ដោយ​ឲ្យ​យុវជន​រងគ្រោះ​ឌុប​មក​ផ្ទះ​មុន លុះ​ពេល​ឌុប​បង​ប្រុស​ដាក់​ផ្ទះ​រួច​ហើយ​ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​រោងការ​បន្ត​ផឹកស៊ី​ទៀត គឺ​រហូត​ម៉ោងជាង​១​រសៀល ពេល​គេ​សារ​រោង​ ទើប​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មក​ផ្ទះ​វិញ​ម្នាក់ឯង ដោយសារតែ​ស្រវឹងស្រា​ខ្លាំងពេក​គេ​ក៏បាន​ជិះ​ម៉ូតូ​ទៅ​បុក​បង្កាន់ដៃស្ពាន បណ្ដាល​ឲ្យ​រង​របួស​បាក់​ឆ្អឹងថ្គាម​យ៉ាង​ធ្ងន់ធ្ងរ។ ចំ​ណែក​ម៉ូតូ​បាន​ខ្ទេច​មុខ​មួយ​កំណាត់។​
សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជនរងគ្រោះ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​ព្យាបាល​នៅផ្ទះ​ពេទ្យ​ឯកជន​មួយ​ក្នុងភូមិ ប៉ុន្តែ​ដោយសារ​សភាព​របួស​ធ្ងន់ធ្ងរ​ពេក​ក៏បាន​បញ្ជូន​ជូន​មក​មន្ទីរពេទ្យ​ខេត្ត ដោយ​ក្រុម​គ្រូពេទ្យ​ខេត្ត​ពេល​ឃើញ​សភាព​របួស​នេះ​ធ្ងន់ធ្ងរ គេ​ក៏បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ​ជា​បន្ត​ទៀត៕
( ឈៀង ថា​រិ​ទ្ធ )

Post a Comment

0 Comments

Close Menu