Ad Code

ពលរដ្ឋ​ និង​សិស្ស​ ផ្ទុះ​ការ​តវ៉ា​នៅមុខ​សាលាសង្កាត់​ទាមទារ​ឲ្យ​ដក​មេភូមិ​ព្រៃ​ព្រិច​ជា​លើក​ទី​៤


ប៉ោយប៉ែត ​៖ ប្រជាពលរដ្ឋ​ជាង​៥០​នាក់​នាំគ្នា​ផ្ទុះ​ការ​តវ៉ា​ទាំង​ព្រឹក នៅ​សាលាសង្កាត់​ប៉ោយប៉ែត​តែម្តង​ ក្នុង​គោលបំណង​សុំ​ឲ្យ​ចៅសង្កាត់​ខាងលើ រួម​ទាំង​សាលាក្រុង​ប៉ោយប៉ែត​ដក​លោក​មេភូមិ​ព្រៃ​ព្រិច​ចេញពី​តួនាទី​ជា​មេភូមិ ខណៈ​ដែល​លោក​មេភូមិ​ខាងលើ​នោះ បាន​បង្ក​បញ្ហា​អយុត្តិធម៌​ជាច្រើន​ករណី​ទៅលើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​កន្លងទៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​គ្រប់គ្រង​សព្វ​ថ្ងៃ​នេះ​។​

សូម​បញ្ជាក់​ថា ហេតុការណ៍​ផ្ទុះ​ការ​តវ៉ា​នោះ កើតមាន​នៅក្នុង​ម៉ោង​៨​និង​១០​នាទី​ព្រឹក ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅមុខ​សាលាសង្កាត់​ប៉ោយប៉ែត ស្ថិត​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ ក្រុម​តវ៉ា​ទាំងនោះ​មកពី​ភូមិ​ព្រៃ​ព្រិច ស្ថិត​ក្នុង​សង្កាត់​ និង​ក្រុង​ខាងលើ​នោះ​តែម្តង ប៉ុន្តែ​ការ​តវ៉ា​បែបនេះ​ត្រូវ​បាន​គេ​សង្កេត​ឃើញថា មាន​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​មួយចំនួន ក៏បាន​ចូល​រួម​ក្នុង​ការ​តវ៉ា​នោះ​ផង​ដែរ​។​

តាម​ការ​លើក​ឡើង​របស់​ក្រុម​តវ៉ា​ទាំងនោះ​បាន​ឲ្យ​ដឹង​ថា លោកស្រី​មេភូមិ​ដែល​ពួកគាត់​កំពុង​ទាមទារឲ្យ​ដក​ចេញពី​តួនាទី​នោះ គឺ​មាន​ឈ្មោះ​ហៅថា ហុក លឿម ភេទ​ស្រី ដែល​ជា​មេភូមិ​ដុះ​ស្លែ រាប់​ឆ្នាំ​មក​ហើយ​ ក្រោម​ការតែងតាំង​របស់​ចៅសង្កាត់ ​និង​ចៅហ្វាយក្រុង​រាប់​ត​ជំនាន់​ជាច្រើន​នាក់​។ ប្រជាពលរដ្ឋ​បាន​បន្ត​ទៀត​ថា នេះ​គឺជា​លើក​ទី​៤​ហើយ ដែល​ពួកគាត់​ធ្វើការ​តវ៉ា​ឲ្យ​ថ្នាក់លើ​ដក​លោកស្រី​មេភូមិ​ខាងលើ​នោះ​ចេញ បន្ទាប់ពី​គេ​រក​ឃើញ​ថា មានការ​បង្ក​បញ្ហា​ដ៏​លំបាក​ទៅលើ​ជន​រងគ្រោះ​ជាច្រើន​ករណី​ទៅលើ​ភាគី​បង្ក ដែល​ជា​សាច់ឈាម​របស់​អ្នកស្រី​មេភូមិ​នោះ ពេល​ជន​រង​គ្រោះ​ទៅ​តវ៉ា​ទាមទារ​រក​យុត្តិធម៌ បែរជា​មេភូមិ​រុញ​ទៅ​ថ្នាក់លើ​ឲ្យ​ដោះស្រាយ​ទៅវិញ។ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ទៀត​ថា រាល់​ភាព​អសកម្ម និង​ភាព​អយុត្តិធម៌​ទៅលើ​ជនរងគ្រោះ​ជាច្រើន​អ្នក​កន្លង​ទៅ​នោះ ភាគច្រើន​គឺ​គ្មាន​ដំណោះស្រាយ​ជូន​ពួកគាត់​ឡើយ ធ្វើ​ឲ្យ​ជនសង្ស័យ​រួច​ផុត​ពី​សំណាញ់​ច្បាប់​យ៉ាង​សុខ​ស្រួល​បំផុត ពលរដ្ឋ​បាន​សំណូមពរ​ទៅដល់​លោក​ចៅសង្កាត់​ និង​សាលាក្រុង ជា​លើក​ចុង​ក្រោយ​ថា បើ​មិន​ដក​មេភូមិ​នោះ​បាន​ទេ ពួកគាត់​នឹង​ទៅ​ធ្វើ​បាតុកម្ម​ទៅដល់​សាលាខេត្ត​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

លោក​ នុត លី ចៅសង្កាត់​ប៉ោយប៉ែត​បាន​ប្រាប់​តំណាង​ប្រជាពលរដ្ឋ​ជាច្រើន​ថា រឿង​ដក​មេភូមិ​នោះ គឺ​លោក​បាន​ចាត់ការ​ទៅ​សាលាក្រុង​ដើម្បី​មាន​វិធានការ​ហើយ។ លោក​ចៅសង្កាត់ ​ក៏បាន​បន្ថែម​ទៀត​ថា ឋានៈ​របស់​លោក​មិន​មាន​សិទ្ធ​ទៅ​ដក​មេភូមិ​បាន​នោះ​ទេ វា​ជា​សិទ្ធ​របស់​សាលា​ក្រុង​ជា​អ្នក​សម្រេច ដូច្នេះ​លោក​បាន​រាយការណ៍​ជូន​ទៅ​សាល​ក្រុង​ជា​អ្នក​សម្រេច​ហើយ ដោយ​ឡែក​លោកស្រី​មេភូមិ ដែល​រង​នៅ​ការចោទប្រកាន់​នោះ គឺ​ពុំ​អាច​ទាក់ទង​តាម​ទូរស័ព្ទ​បាន​ឡើយ​៕​

ពៅ​រី​

Post a Comment

0 Comments

Close Menu