កំពង់ស្ពឺ ៖ មានមតិលើកឡើងផ្ទុយគ្នាជាច្រើនទាក់ទងនឹងបរិស្ថាននៅតាមបណ្តោយផ្លូវជាតិលេខ៤ជាពិសេសនៅតាមចំណុចមុខរោងចក្រតាមប្រឡាយរណបអមសងខាងផ្លូវ។ ដោយពលរដ្ឋខ្លះបានចោទទៅលើអាជ្ញាភូមិ/ឃុំ និងស្រុក រីឯមួយចំណែកទៀតបានទម្លាក់កំហុសទៅដល់មន្ទីរបរិស្ថានដែលជាសាមីក្នុងកិច្ចការងារគ្រប់គ្រងទៅលើរោងចក្រផងដែរ។ ចំណែកពលរដ្ឋខ្លះបាននិយាយថាអ្នកថែទាំផ្លូវ ក៏មានសិទ្ធិក្នុងការងារគ្រប់គ្រងសំរាមដែរ។
ពលរដ្ឋបានរិះគន់យ៉ាងខ្លាំងចំពោះបរិស្ថាននៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខរោងចក្រដែលមានថង់ប្លាស្ទិក ដែលក្រុមកម្មករបានខ្ចប់ចំណីអាហារហើយបានបោះចោលតាមចិញ្ចើមផ្លូវរាប់លានថង់ ដែលគ្មានអង្គភាពណាអើពើមើលនឹងទិដ្ឋភាពនេះសោះ។
ប្រភពបាននិយាយដោយឡើងតាមរូបភាពថា នៅពេលមានខ្យល់បក់បោកខ្លាំងថង់ប្លាស្ទិកទាំងនោះបានហើរឡើងលើចូលភ្នែកច្រមុះស្ទើរបើកភ្នែកមិនរួច និងបានគួចចូលផ្ទះ ពេលខ្លះកំពុងដាំស្ល ត្រូវថង់គួចចូលក៏មាន។
ពួកគាត់បន្តថា សំរាមពេលនេះបានហូរចូលតាមប្រឡាយរណបរបស់ផ្លូវជាតិដែលបានជះក្លិនស្អុយសាយភាយដល់ផ្ទះពលរដ្ឋដែលរស់នៅជិតៗនោះ ថែមទាំងធ្វើឲ្យប៉ះពាល់ដល់សុខភាពទាំងអ្នកធ្វើដំណើរថែមទៀត ខណៈដែលលូបង្ហូរទឹកជាច្រើនត្រូវរោងចក្ររំលោភបិទជាច្រើនកន្លែង ។ តាមការអង្កេតជាក់សំរាមដែលមានថង់ប្លាស្ទិកភាគច្រើនបណ្ដាលមកពីក្រុមកម្មករតាមរោងចក្របោះចោលតាមទីសាធារណៈនៅមុខរោងចក្រ នៅពេលពួកគាត់ចេញពីធ្វើការពេលថ្ងៃត្រង់ ដែលថងទាំងនោះសម្រាប់វេចខ្ចប់ចំណីអាហារនៅពេលហូបរួចរាល់មិនមានកន្លែងដាក់ ខណៈរោងចក្រគ្មានធុងសំរាមផងគឺបោះតាមផ្លូវតែម្តង។
ទាក់ទងនឹងរឿងសំរាមអ្នកយកព័ត៌មានបានទាក់ទងទៅកាន់លោក ហេង គួន ប្រធានមន្ទីរបរិស្ថានខេត្តតែទូរស័ព្ទលោកមិនអាចទំនាក់ទំនងបាននៅឡើយទេនៅរសៀលនេះ។
យោងតាមការលើឡើងរបស់លោក ចឹក បូរិន អនុប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺបានឲ្យដឹងថា មកទល់និងពេលនេះរោងចក្រទាំងខ្នាតតូច និងខ្នាតធំក្នុងខេត្តមានសរុបប្រមាណ៧០រោងចក្រ ចំណែកកម្មករកម្មការិនី សរុបមានជាង៧ម៉ឺននាក់មកដល់ពេលនេះ។
បើសិនដូចលោកអនុប្រធានមន្ទីរការងារលើឡើងក្នុងមួយថ្ងៃគិតជាមធ្យម ថង់ប្លាស្ទិកវេចខ្ចប់ក្នុងកម្មករម្នាក់ៗ២ថង់ ដែលត្រូវបោះចោលមានប្រមាណស្មើនិង១លានកន្លះ ដែលជាសំរាមមិនរលាយក្នុងដី ដែលត្រូវគេមិនគិតគូរមកដល់ពេលនេះ។ ដូចនេះអនាគតរបស់ខេត្តកំពង់ស្ពឺបើមិនបានគិតគូរដល់បរិស្ថានទេ គឺច្បាស់ជាក្លាយទៅជាទីតាំងស្តុបសំរាមសម្រាប់អ្នកវិនិយោគវិស័យកាត់ដេរជាក់ជាមិនខានឡើយ៕
ច្បារមន

0 Comments