មន្ត្រីសហរដ្ឋអាមេរិកជាន់ខ្ពស់ម្នាក់ បាននិយាយនៅថ្ងៃច័ន្ទថា សហរដ្ឋអាមេរិកបានធ្វើការរីកចម្រើនខ្លះនៅក្នុងការចរចាជាមួយប្រទេសអ៊ីរ៉ង់ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយនិងលៃលក ដើម្បីដោះស្រាយបញ្ហាខ្លះនៅក្នុងចំណោមបញ្ហាស្វិតស្វាញទាំងឡាយ ប៉ុន្តែភាគីទាំងពីរនិយាយថា នៅមានការងារច្រើនទៀតដែលត្រូវធ្វើ។
មន្ត្រីរូបនោះនិយាយថា ពួកអ្នកចរចាមកពីប្រទេសអ៊ីរ៉ង់ និងប្រទេសមហាអំណាច៦ប្រទេស បានព្រមព្រៀងចាប់ផ្តើមបន្ត ការចរចានៅថ្ងៃច័ន្ទក្រោយ នៅកន្លែងមួយ ដែលគេបានសម្រេច។
លោកបាននិយាយក្រោយពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ចនឃែរី(John Kerry) និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោកមហាម៉ាដ ចាវ៉ាដហ្សរីហ្វ (Javad Zarf)ធ្វើការចរចាពីរថ្ងៃ នៅក្រុងហ្សឺណែវមក។
លោកហ្សារីហ្វបាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Fars របស់ប្រទេសអ៊ីរ៉ងថា «យើងបានធ្វើការចរចាម៉ឹងម៉ាត់ជាមួយពួកអ្នកតំណាងរបស់ក្រុមប្រទេស៥+១និងជាពិសេសជាមួយអាមេរិក នៅក្នុងរយៈពេលបីថ្ងៃកន្លងមក ប៉ុន្តែនៅមានផ្លូវដ៏វែងឆ្ងាយមួយ ដើម្បីឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយមួយ។
ប្រភពព័ត៌មានអ៊ីរ៉ង់មួយបាននិយាយប្រាប់រ៉យទ័រថា លោកហ្សារីហ្វ និងលោកឃែរីនឹងវិលត្រឡប់ទៅកាន់ទីក្រុងហ្សឺណែវ ដើម្បីធ្វើការចរចាឈុតថ្មី នៅថ្ងៃទី២ ខែមិនា៕

0 Comments