Ad Code

នគរបាល​ខណ្ឌដង្កោ​បន្ត​ស្រាវជ្រាវ​ឃាត់​បាន​ជនសង្ស័យ​ម្នាក់ទៀត ​ករណី​ភ្ជង់​ប្លន់​ម៉ូតូ​នៅ​សង្កាត់​ព្រែកកំពិស​

ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ទៀត​ពាក់ព័ន្ធ​ករណី​ភ្ជង់​ប្លន់​យក​ម៉ូតូ​នៅ​សង្កាត់​ព្រែកកំពិស ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​តាម​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១៧​ល្ងាច ​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ​ជួល​ភូមិ​៥ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។​
ជនសង្ស័យ​ឈ្មោះ ម៉ៅ ណា​រ័ត្ន ហៅ ញ៉​ញ់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​រស់នៅ​ផ្ទះ​ជួល​ភូមិ​៥ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។ មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ដង្កោ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា បន្ទាប់ពី​កើតមាន​ករណី​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​ប្រជាពលរដ្ឋ​នៅ​ចំណុច​ក្បែរ​ស្ថានីយ​ប្រេងសាំង​តេ​លា ផ្លូវ​២១៧ ភូមិ​ព្រែកកំពិស សង្កាត់​ព្រែកកំពិស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៥ បង្កឡើង​ដោយ ជនសង្ស័យ​មាន​គ្នា​៤​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី​ជ័រ​០១​ដើម ដាវ​សាំ​មូ​រ៉ៃ​០២​ដើម មធ្យោបាយ​ម៉ូតូ ០២​គ្រឿង ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ កម្លាំង​នគរបាល​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោក យឹម សុជាតិ អធិការ​នគរបាល​ខណ្ឌ​ដង្កោ​បាន​បញ្ជា​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់​ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ ស៊ន ស្រី​រ៉ូ​ហ្សា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​០៥ ក្រុម​៣១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១៣ ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៥ ម៉ូតូ​០១​គ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ​1CG-7020 កែ​ស្លាក​លេខ​មក​ជា​ភ្នំពេញ​1CG-7029។​
មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ដង្កោ​ប្រាប់​បញ្ជាក់​បន្ត​ឲ្យ​ដឹង​ថា ជនរងគ្រោះ​នៅក្នុង​ហេតុការណ៍​នេះ​មាន​ឈ្មោះ គួ​ន យ៉ា ភេទ​ស្រី អាយុ​៤៩​ឆ្នាំ មុខរបរ​លក់​បន្លែ បច្ចុប្បន្ន​រស់នៅ​ភូមិ​ប្រាសាទ ឃុំ​ព្រែកស្លែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល បាត់បង់​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១០ បិទ​តែម​សេរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ​កណ្ដាល​1M-1305​។​
សូម​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​កើតហេតុ​ជនរងគ្រោះ​មាន​បងប្អូន​២​នាក់​បាន​ជិះ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១០ បិទ​តែម​សេរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ​កណ្ដាល 1M-1305 ធ្វើដំណើរ​ចេញពី​ខេត្តកណ្តាល ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដើម្បី​យក​បន្លែ​មក​លក់​នៅ​ភ្នំពេញ លុះ​មកដល់​ចំណុច​ក្បែរ​ស្ថានីយ​ប្រេងសាំង​តេ​លា​ ផ្លូវ​២១៧ ភូមិ​ព្រែកកំពិស សង្កាត់​ព្រែកកំពិស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ស្រាប់តែ​លិច​មុខ​ជនសង្ស័យ​មាន​គ្នា​៤​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី​ជ័រ​០១​ដើម ដាវ​សាំ​មូ​រ៉ៃ​០២​ដើម ជិះ​ម៉ូតូ​០២​គ្រឿង ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​មក​កៀរ​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​ជនរងគ្រោះ រួច​ជិះ​គេចខ្លួន​ឆ្ពោះទៅ​ទិស​ខាងជើង ដោយ​សុវត្ថិភាព ហើយ​បន្ទាប់ពី​មាន​ករណី​ប្លន់ ជនរងគ្រោះ​បាន​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ទើប​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​ឃាត់​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ដូច​មានឈ្មោះ​ខាងលើ​។​
បច្ចុប្បន្ន​ជនសង្ស័យ​សមត្ថកិច្ច​កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ ដើម្បី​រង់ចាំ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​តាមច្បាប់​៕
រ៉ា​វុ​ទ្ធ​

Post a Comment

0 Comments

Close Menu