Ad Code

ជិះ​ម៉ូតូ​គ្នា​៥​នាក់ ទៅ​បុក​ដៃ​កង់​ពីក្រោយ​ រង​របួស​ធ្ងន់​ និង​ស្រាល

កំពង់ឆ្នាំង ៖ មនុស្ស​៥​នាក់ ​ជា​ឪពុកម្ដាយ ​និង​កូន បាន​រង​របួស​ធ្ងន់​ និង​ស្រាល ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ ខណៈ​ជនរងគ្រោះ​ទាំង​៥​នាក់​ ជិះ​ម៉ូតូ​មួយ​គ្រឿង​បុក​កង់​ពីក្រោយ បាន​កើត​ឡើង​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៥ លើ​ផ្លូវ​ជាតិ​លេខ​៥​ ចំណុច​មុខ​វិទ្យាល័យ​ព្រះបាទសុរាម្រិត ស្ថិត​ក្នុង​ភូមិ​ស្រែព្រីង សង្កាត់​កំពង់​ឆ្នាំង ក្រុង​កំពង់ឆ្នាំង។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ទាំង​៥​នាក់​ ជា​ឪពុកម្ដាយ ​និង​កូន ​ក្នុង​នោះ​បុរស​ជា​ឪពុក​មានឈ្មោះ សេង សៀ អាយុ​៥០​ឆ្នាំ ​ម្ដាយ​ឈ្មោះ ឡង់ សុ​អឿន អាយុ​៤៣​ឆ្នាំ កូនស្រី​បង​ឈ្មោះ សេង គឹម​លៀង អាយុ​១៦​ឆ្នាំ ប្អូនស្រី​ឈ្មោះ សេង គឹមអេង អាយុ​៧​ឆ្នាំ ទាំង​៤​នាក់​រង​របួស​ស្រាល ចំណែក​កូនប្រុស​ឈ្មោះ សេង គឹម​សាន អាយុ​១០​ឆ្នាំ បាន​រង​របួស​ធ្ងន់។ គ្រួសារ​ខាង​លើ​នេះ​មាន​ទីលំនៅ​ភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ។

ករណី​នេះ មុន​ពេល​កើតហេតុ ជនរងគ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ពណ៌.​ស​ក្រហម គ្មាន​ស្លាក​លេខ ក្នុង​ដំណើរ​ពី​ត្បូង​មក​ជើង លុះ​មកដល់​ចំណុច​កើតហេតុ បាន​ជ្រុល​ទៅ​ប៉ះ​បុក​ដៃ​ចង្កូត​កង់​សិស្ស​ម្នាក់​ពីក្រោយ ហើយ​បាន​ច្រឡោត​ដួល​បាក់.ក ម៉ូតូ​ បោក​មនុស្ស​ដួល​ដេក​ពេញ​ថ្នល់ ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ និង​ស្រាល ចំណែក​សិស្សសាលា​ជិះ​កង់​នោះ​មិនបាន​រង​របួស​នោះ​ទេ។

ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំង​៥​នាក់ ត្រូវ​បាន​លោក​អនុសេនីយ៍ឯក មុយ អ៊ី​ម មន្ត្រី​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បើក​រថយន្ត​ស៊ីរ៉ែន​របស់​នគរបាល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ដោយសារ​តែ​រថយន្ត​ពេទ្យ​មក​យឺត​ពេក។ ដោយឡែក​មធ្យោបាយ​ធ្វើដំណើរ​ទាំង​២​ត្រូវ​បាន​នគរបាល​ដឹក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​ដោះស្រាយ​តាម​នីតិ​វិធី​ច្បាប់៕
Pisey-2015-07-23-full-M

Pisey-2015-07-23-full-M1

Pisey-2015-07-23-full-M5




ជិះ​ម៉ូតូ​គ្នា​៥​នាក់ ទៅ​បុក​ដៃ​កង់​ពីក្រោយ​ រង​របួស​ធ្ងន់​ និង​ស្រាល

Post a Comment

0 Comments

Close Menu