Ad Code

ឥណ្ឌា​ ជប៉ុន ​និង​សហរដ្ឋអាមេរិក ​គ្រោង​ធ្វើ​សមយុទ្ធ​កងទ័ពជើងទឹក​ ក្នុង​មហាសមុទ្រ​ឥណ្ឌា​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​


ប្រភព​ការទូត​ និង​យោធា​បាន​និយាយថា ប្រទេស​ជប៉ុន​ នឹងចូលរួម​ក្នុង​ការធ្វើ​សមយុទ្ធ​កងទ័ពជើងទឹក​រួមគ្នា​មួយ​ជាមួយ​ឥណ្ឌា​ និង​សហរដ្ឋអាមេរិក ​នៅ​មហាសមុទ្រ​ឥណ្ឌា​ នៅ​ខែតុលា។

​ក្រុមអ្នកវិភាគ​បាន​និយាយថា ការសម្រេចចិត្ត​របស់​ក្រុង New Delhi ក្នុងការ​ពង្រីកសមយុទ្ធ “Malabar” ដែល​ខ្លួន​ធ្វើ​ជាមួយ​សហរដ្ឋ​អាមេរិក​ ជា​រៀងរាល់​ឆ្នាំនេះ​គឺ​ដើម្បី​រួមបញ្ចូល​ប្រទេស​​​ជប៉ុន​ ដែល​បានបង្ហាញ​ពី​ការ​រឹតបន្តឹង​នៃ​ទំនាក់ទំនង​យោធា​រវាង​ប្រទេស​មហាអំណាច​ដែនសមុទ្រ​ដ៏​សំខាន់​ទាំងបី​នៅក្នុង​តំបន់​អាស៊ី។

​ប្រភព​កងទ័ពជើងទឹក​និង​ការទូត​នៅ New Delhi បាន​និយាយថា មន្ត្រី​យោធា​មកពី​ប្រទេស​ឥណ្ឌា សហរដ្ឋអាមេរិក និង​ប្រទេស​ជប៉ុន​ កំពុង​ជួបប្រជុំគ្នា​នៅឯ​មូលដ្ឋាន​កងទ័ពជើងទឹក​អាមេរិក​នៅ​ទីក្រុង Yokosuka ក្បែរ​ទីក្រុង​តូ​ក្យូ​នៅ​ថ្ងៃ​ពុធ​និង​ថ្ងៃ​ព្រហស្បតិ៍​ ស្តីពី​គម្រោង​ការធ្វើ​សមយុទ្ធ​នេះ​។

​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​ នៅ​ទីក្រុង​តូ​ក្យូ​ បាន​បញ្ជាក់​​ពី​កិច្ចប្រជុំ​នេះ​ និង​បាន​និយាយថាតំណាង​​​មកពី​កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំងបី កំពុង​​ពិភាក្សា​គ្នា​អំពី​ការចូលរួម​របស់​ទីក្រុង​តូ​ក្យូ​ ក្នុង​សមយុទ្ធ​នេះ។

​ក្រុមមន្ត្រី​នឹង​សម្រេចចិត្ត​ពី​ប្រភេទ​នៃ​នាវា​ចម្បាំង​ និង​យន្តហោះ​ដែល​នឹងដាក់​ពង្រាយ​សម្រាប់​​ការធ្វើ​សមយុទ្ធ​នេះ​នៅក្នុង​ឈូង​សមុទ្រ Bengal ភាគ​ឦសាន​មហាសមុទ្រ​ឥណ្ឌា​។​

ចំណង​ទាក់ទង​កាន់តែ​ជិតស្និទ្ធ។

លោក Jeff Smith ដែលជា​អ្នកជំនាញ​តំបន់​អាស៊ី​ខាងត្បូង​នៅ​ក្រុមប្រឹក្សា​គោលនយោបាយ​ការបរទេស​អាមេរិក​ បាន​ឲ្យ​ដឹងថា ប្រទេស​ជប៉ុន​ បាន​ចាប់អារម្មណ៍​ក្នុងការ​ចូលរួម​ធ្វើ​សមយុទ្ធ​នៅ​ឆ្នាំនេះ ​នៅពេលដែល​ខ្លួន​បាន​ពង្រីក​តួនាទី​យោធា​របស់ខ្លួន​ប្រឆាំងនឹង​ប្រទេស​ចិន​។

​ការដាក់បញ្ចូល​ប្រទេស​ជប៉ុន ​របស់​នាយករដ្ឋ​​មន្ត្រី​ឥណ្ឌា​ លោក Narendra Modi គឺជា​ផ្នែក​មួយ​នៃ​គំរូ​ក្នុង​ការ​ក្លែងបន្លំ​និន្នាការ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អាមេរិក​ និង​សម្ព័ន្ធមិត្ត​របស់ខ្លួន។

​ប្រទេស​ឥណ្ឌា​ បានរៀបចំ​ការធ្វើ​សមយុទ្ធ​ពហុភាគី​ចុងក្រោយ​បំផុត​ក្នុង​ឆ្នាំ២០០៧ នៅ​ពេល​ដែល​ខ្លួន​បាន​អញ្ជើញ​ប្រទេស​ជប៉ុន អូស្ត្រា​លី និង​ប្រទេស​សិង្ហ​បុរី​ ដើម្បី​ចូលរួម​ធ្វើ​សម​យុទ្ធ​ជាមួយ​កងទ័ពជើងទឹក​អាមេរិក​ នៅ​ឈូង​សមុទ្រ Bengal ដែល​ជំរុញ​ឲ្យ​មានការ​ភ័យខ្លាច​មួយ​នៅក្នុង​ទីក្រុង​ប៉េកាំង​។

​នៅពេលនោះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បានធ្វើ​សកម្មភាព​ការទូត​ដើម្បី​ស្វែងរក​ការពន្យល់​ពី​ប្រទេស​ដែល​ចូលរួម៕

Reuters


ឥណ្ឌា​ ជប៉ុន ​និង​សហរដ្ឋអាមេរិក ​គ្រោង​ធ្វើ​សមយុទ្ធ​កងទ័ពជើងទឹក​ ក្នុង​មហាសមុទ្រ​ឥណ្ឌា​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​

Post a Comment

0 Comments

Close Menu