Ad Code

ជិត​ដល់ពេល​ប្រឡង​ ហើយ​តើ!


ការប្រឡង​សញ្ញាបត្រ​ មធ្យមសិក្សាទុតិយភូមិ​ហៅថា ការប្រឡង​បាក់ឌុប ឆ្នាំនេះ នឹងប្រព្រឹត្ត​ទៅ​នៅថ្ងៃទី២៤​ ខែ​សីហា ឆ្នាំ២០១៥។ បើ​គិត​ពី​ថ្ងៃនេះ ទៅឃើញថា នៅសល់តែ​មួយខែ​គត់​នោះ នឹងដល់​ថ្ងៃ​ប្រឡង​ហើយ។ តើ​ចំពោះ​សិស្ស​ជា​បេក្ខជន​ប្រឡង​មានការ​គិត​យ៉ាងណា?

សិស្ស​ជាបេក្ខជន​ ប្រឡង​ គឺសិស្ស​ដែល​បាន​រៀន​ចប់​ថ្នាក់ទី១២ នៃ​ឆ្នាំសិក្សា២០១៤-២០១៥​នេះ​តែង​បានគិត​ស្រមៃ​ជារឿយៗ ទៅនឹង​ការងារ​ប្រឡង​ឆ្នាំ​កន្លង​មក​ដែល​ក្រសួង​អប់រំ​យុវជន​ និង​កីឡា មានផែនការ​ចំពោះ​មុខ គឺ​តម្រូវ​ទៅ​តាម​គុណភាព​ ឬសិស្ស​មានសមត្ថភាព​ ទើប​បាន​ប្រឡង​ជាប់។ ជា​មួយនេះ ផងដែរ​គេតែង​បាន​នឹកគិត​អំពី​សកម្មភាព​ ពេល​ប្រឡង​នោះ គឺ​តម្រូវ​ឲ្យ​បេក្ខជន​មានការ​ប្រឡង​ប្រកបដោយ​យុតិ្តធម៌ ព្រោះ​បើ​បេក្ខជន​បានប្រឡង​ជាប់​នោះ គឺជា​សមត្ថភាព​ ឬជាតម្លៃ​នៃចំណេះដឹង​របស់​ខ្លួន​សុទ្ធសាធតែម្តង។ ផ្ទុយទៅវិញ​បើបេក្ខជន​ណា​ប្រឡង​មិន​បានជាប់​នោះ ក៏វាជា​សមត្ថភាព​របស់​ខ្លួន​នៅ​មិនទាន់​មានគ្រប់គ្រាន់​ពោល​គឺ ពុំ​មានការ​ពោល​ពាក្យ​ទម្លាក់​កំហុស ទៅខាង​ណា​នោះទេ។ ជាពិសេស​គឺ មានតែ​ខ្លួន​ឯង ទេដែល​បន្ទោស​ខ្លួន​ឯងនោះ។

បេក្ខជន​ដែល​ត្រូវ ប្រឡង​តែង​បាន​គិត​ឃើញ​និង​​តែង​បាន​និយាយគ្នាទៅវិញ​ទៅមកថា ពេល​ប្រឡង​មិនអាច​យក​ឯកសារ​ចូលទៅ​ដោយលួច​លាក់​បាននោះទេ គឺគ្រប់​ល្បិច​កល​នៃរឿង​អយុតិ​្ត​ធម៌​នៃការប្រឡង​របស់​បេក្ខ​ជន​នោះ នឹងមិន​មាន​ការ​ឃ្លាំមើល​រំលង​ ពីអនុរក្ស​តាម​បន្ទប់​នោះ​ឡើយ។ បញ្ហា​សួរគ្នា​ជិតខាង​ក៏​មិនបាន​ការ​សម្លឹង​លួច​ចម្លង​តាមគ្នាក៏​មិន​បាន​ដែរ​និយាយ​រួម​ថា បេក្ខជន​មិនអាចងាក​ខ្លួន​បានក្រៅពី​ការ​បំពេញ​ការងារ​ផ្ទាល់ខ្លួន​នោះទេ។ ជាពិសេស​ទៅ​ទៀត​ចំពោះ​បញ្ហា​ពុករលួយ​ផ្សេងៗ ទៀត​តាមរយៈ​ការទាក់ទង​អនុរក្ស​ ឬរហូត​ដល់​គណៈ​កម្មការ​​មណ្ឌល​នោះក៏​មិន​អាច​ប្រព្រឹត្ត​ទៅបា​ន​ដែរ។ ម្យ៉ាង​ទៀត​ចំពោះ​ការរៃ​លុយ​ពី​បេក្ខជន​ក្នុង​ពេល​ប្រឡង​តាមមុខវិជ្ជា​នីមួយៗ ដើម្បី​ឲ្យ​អនុរក្ស​តាមបន្ទប់​ធ្វើការ​ធ្មេច​ភ្នែក​ ឬបង្ក​លក្ខណៈ ឲ្យបេក្ខជន​ចម្លង​គ្នា ឬ​ចម្លង​តាម​ឯកសារ​ណា​នោះ​ក៏​មិន​បាន​ដែរ។ ទាំងអស់​នេះ​ជារឿង​ ចាស់​នៃ​ការ​ប្រឡង​កាលពី​ឆ្នាំមុន ហើយ​ដែល​បេក្ខជន​ប្រឡង​តែង​គិត​ថា​ឆ្នាំនេះ​ក៏​វាមិនខុស​ពីឆ្នាំមុន​នោះដែរ គឺអ្វីដែល​សំខាន់​ទៀត​នោះ​ឆ្នាំនេះ ជារបត់​បន្ត​ដែល​មានការ​បាក់​ផ្នត់​ និងមានការ​ជ្រួត​ជ្រាប​សុសសាយ​រួច​ស្រេច​ទៅ​ហើយ។ ម៉្លោះ​ហើយ​ឆ្នាំនេះ​ ពិតជា​មាន​ទម្លាប់​ល្អជាង​​ ឆ្នាំមុន​ទៀតផង ពោលគឺ អាច​មិន​សូវ​មាន​ភាព​រញ៉េ​រញ៉ៃ​ដូច​ជាឆ្នាំ​នៃ​ការ​កាច់​ក្បាល​ដំបូង​នោះទេ។

ទាំង​បេក្ខជន​ប្រឡង​ និងទាំង​សហគមន៍​​ មាតា​បិតា​សិស្សតែង​បាន​ជ្រួតជ្រាប​រឿង​នេះ អស់​ហើយ​ ដូចនេះ​នៅ​បាំងតែ​មួយខែ​គត់​ទៀត​ទេ ដែល​ត្រូវ​ដល់​ថ្ងៃ​ប្រឡង​ហើយ។​ ​ការ​ប្រឡង​ឆ្នាំនេះ​នឹងប្រព្រឹត្ត​ទៅ​តែម្តង​ទេ ព្រោះ​មិន​ដូច​កាល​ពីឆ្នាំមុន​មានការ​ប្រឡង​២ដង គឺ​លើក​ទី១ផង និងលើកទី២ ផងនោះឡើយ។ ការ​ប្រឡង​តែម្តង​សម្រាប់​ឆ្នាំនេះ​ក៏គេបាន​ទទួល​ព័ត៌​មានថា ក្រសួង​អប់រំ​គ្រោង ចំណាយ​លើការ​ប្រឡង​អស់​ចំនួន​៣លាន​ដុល្លារ​ទៀតផង។



ទាក់ទងនឹង​ព័ត៌​មាន​ចាស់​កន្លង​មក​និង​ព័ត៌​មាន​ថ្មីៗ នេះផង​តែង​ធ្វើឲ្យ​បេក្ខជន​ដែល​ត្រូវ​ប្រឡង​នាពេល​ខាងមុខ​នេះ ត្រៀម​ខ្លួន​ប្រឡង​ឲ្យ​បាន​ល្អ។ ជាពិសេស​ គឺសិស្ស​ខំធ្វើ​ការរំលឹក​មេរៀន​ណាដែល​ជាមុខ​វិជ្ជា​ក្នុង​ការ​ប្រឡង​ផង និង​ធ្វើលំហាត់​គណិត​វិទ្យា​ រូបវិទ្យា និង​គីមី​វិទ្យា​ឲ្យបានច្រើន។ ជាក់ស្តែង​គេតែង​និយាយថា សិស្ស ថ្នាក់​ត្រូវ​ប្រឡង​ឆ្នាំនេះ​មាន​ការភ្ញាក់​រលឹក​ និង​ខិត​ខំប្រឹង​ស្រវាស្រទេញ​ក្នុងការ​សិក្សា​ខ្លាំង​ជាង​សិស្ស​​ឆ្នាំមុនឆ្ងាយ​ណាស់។ ចំពោះ​សិស្ស​​ខ្លះ​បាន​បង្កើត​ក្លិប​សិក្សា​​នៅតាមផ្ទះ​ហើយបាន​ជួយ​គ្រូ​ទៅ​បង្ហាត់​ដោយ​ការ​ធ្វើ​លំហាត់​ធំៗ សំខាន់ៗ សម្រាប់​​តម្រូវ​ទៅនឹង​ការ​ប្រឡង​តែម្តង​គឺ ដើម្បី​បាន​សម្រេច​ជោគជ័យ​នៃ​ការ​ប្រឡង​ជាប់​ជា​ស្ថាពរ​នាចុងឆ្នាំសិក្សានេះ៕


ជិត​ដល់ពេល​ប្រឡង​ ហើយ​តើ!

Post a Comment

0 Comments

Close Menu