Ad Code

ក្រុម​តា​លី​បង់​ វាយ​យកបាន​មូលដ្ឋាន​ប៉ូលិស​អា​ហ្វ​ហ្គា​នី​ស្ថាន​

មន្ត្រី​ក្នុង​តំបន់​ និង​ប្រភព​សន្តិសុខ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ ពួក​សកម្មប្រយុទ្ធ​តា​លី​បង់​ បាន​វាយយក​មូលដ្ឋាន​ប៉ូលិស​មួយ​ដ៏​ធំ​នៅ​ភាគ​ឦសាន​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ដោយ​បង្ខំ​ឲ្យ​ប៉ូលិស​ជាង​មួយរយ​នាក់​ចុះចាញ់​ និង​បាន​ជំរុញ​កាន់តែ​ខិតជិត​ទៅ​តំបន់​យុទ្ធសាស្ត្រ​នៅក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​ប៉ា​គី​ស្ថាន​។



​ពួក​តា​លី​បង់​ បាន​យកបាន​ស្បៀងអាហារ អាវុធ និង​គ្រាប់រំសេវ​ពី​មូលដ្ឋាន Tirgaran នៅ​ក្នុង​ខេត្ត​ភាគ​ឦសាន Badakhshan​ ដែលមាន​ព្រំប្រទល់​ជាប់​ប្រទេស​ចិន​ ប៉ា​គី​ស្ថាន​ និង​តាជី​គី​ស្ថាន​។​

​ការចាប់យក​មូលដ្ឋាន​កាលពី​ថ្ងៃ​សៅរ៍​ បាន​ធ្វើឡើង​បន្ទាប់ពី​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ការប្រយុទ្ធ​គ្នា​ដែល​ប្រហែលជា​ការវាយលុក​ដ៏​ធំ​បំផុត​របស់​​ពួក​តា​លី​បង់​ ក្នុង​តំបន់ Badakhshan ចាប់​តាំង​ពី​ត្រូវបាន​បណ្តេញ​ចេញពី​អំណាចក្នុងឆ្នាំ២០០១។



​ប្រភព​សន្តិសុខ​លោកខាងលិច​បាន​និយាយ​ថា ពួក​តា​លី​បង់​ បាន​កាត់ផ្តាច់​ផ្លូវ​ទៅកាន់​ប្រទេស​​ចិន ​និង​បាន​បន្សល់ទុក​ទី​ប្រចាំការ​ដ៏​​សំខាន់​របស់​រដ្ឋាភិបាល​តែមួយ​ប៉ុណ្ណោះ ​មុន​ពេល​ឆ្លង​កាត់​នៅតាម​ព្រំដែន​ប៉ា​គី​ស្ថាន​។



​របាយការណ៍​នេះ​បាន​ឲ្យ​ដឹងថា​ ប្រសិនបើ​ទទួល​បាន​ជោគជ័យ​មែន​នោះ ពួកគេ​នឹង​អាច​បង្កើត​ច្រករបៀង​មួយ ជួយ​សម្រួល​ចលនា​ឆ្លង​កាត់​ព្រំដែន​របស់​អ្នក​ប្រយុទ្ធ​ដែល​បច្ចុប្បន្ន​មាន​មូលដ្ឋាន​នៅ​ប្រទេស​ប៉ា​គី​ស្ថាន។



​កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន ​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​តា​លី​បង់​ ជាមួយនឹង​ការគាំទ្រ​ក្រុម​ចម្រុះ​មាន​កម្រិត បន្ទាប់ពី​កងទ័ព​បរទេស​ភាគ​ច្រើន​បាន​ដកខ្លួន​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​នៅក្នុង​ឆ្នាំ២០១៤ នៅពេលដែល​ប្រតិបត្តិ​ការ​ប្រយុទ្ធ​របស់​អង្គការ​ណា​តូ​បានបញ្ចប់​។



​ក្រុម​បះបោរ​ឥស្លាម​មួយ​នេះ​បានរៀបចំឡើង​វិញ​​ ចាប់តាំងពី​ត្រូវបាន​បណ្តេញ​ចេញពីអំណាច​​​ដោយ​ក្រុមចម្រុះ​ដែល​ដឹកនាំ​ដោយ​អាមេរិក ​នៅ​ក្នុង​ឆ្នាំ២០០១ ដោយ​ទទួលបាន​ទឹកដី​នៅតាម​តំបន់​ជនបទ និង​ការគំរាមកំហែង​មួយ​យ៉ាងខ្លី​នៅ​ទីក្រុង​ដ៏​សំខាន់​មួយ​នៅក្នុង​ភាគ​ខាងជើង។



​អង្គការ​បស្ចិមប្រទេស​មួយ​ដែល​តាមដាន​ឧប្បត្តិហេតុ​សន្ដិសុខ​បាន​រាយការណ៍​ថា​សកម្ម ភាព​​របស់​ក្រុមប្រឆាំង​បាន​កើនឡើងដល់កម្រិត “​មិន​ធ្លាប់មាន​ពីមុនមក​” នៅក្នុង​រយៈ​ពេល​​ប្រាំ​មួយខែ​ដំបូង​នៃ​ឆ្នាំ២០១៥។



​ខ្លួន​បាន​កត់ត្រា​ថា ឧប្បត្តិហេតុ​ជាង៩,៦០០ លើក ​គឺពាក់ព័ន្ធ​ទៅនឹង​ក្រុមប្រឆាំង​ប្រដាប់អាវុធ។ ជន​ស៊ីវិល​អា​ហ្វ​ហ្គា​នី​ស្ថាន ​ជា​ញឹកញាប់​ត្រូវ​បាន​​ទទួលរង​នៅក្នុង​ការបាញ់​ត​គ្នា​ ហើយ​អំពើ​ហិង្សា​ក៏បាន​ធ្វើ​ឲ្យ​ប្រជាជនមាន​បញ្ហា​ធ្ងន់​ផង​ដែរ​។



​បើ​យោងតាម​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ២០១៤ មនុស្ស​ជាង ១០,០០០ នាក់​ ត្រូវបាន​សម្លាប់​ឬ​រងរបួស៕


Reuters




ក្រុម​តា​លី​បង់​ វាយ​យកបាន​មូលដ្ឋាន​ប៉ូលិស​អា​ហ្វ​ហ្គា​នី​ស្ថាន​

Post a Comment

0 Comments

Close Menu