Ad Code

គ្រូបាល់ទាត់ផ្នែកកាយសម្បទាក្នុងស្រុក ២៥ នាក់បញ្ចប់វគ្គសិក្សាកម្រិត FIFA


គ្រូបង្វឹក​បាល់ទាត់​ចំនួន ២៥ នាក់​មកពី​តាម​ក្លិប និង សមាគម​បាល់ទាត់​ក្នុងប្រទេស​បានបញ្ចប់​សិក្សា គ្រូ​បាល់ទាត់​ផ្នែក​កាយសម្បទា MA FIFA Fitness Coaching Course 2015 ដែល​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) រយៈពេល ៤ ថ្ងៃ នៅ​មជ្ឈមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី ក្នុង​ខេត្តតាកែវ។

លោក Pradip Dutta ជនជាតិ​ឥណ្ឌា ជា​គ្រូឧទ្ទេស​ប្រចាំ​វគ្គ​នេះ ដោយ​ចាប់ផ្ដើម​តាំងពី​ថ្ងៃទី ២០ ដល់ ២៤ ខែ កក្កដា ឆ្នាំ ២០១។ ការសិក្សា​ផ្ដោតលើ​ការសិក្សា​លើ​ទ្រឹស្ដី និង ការអនុវត្តន៍​ផ្ទាល់ របស់​សិក្ខាកាម​ទាំងអស់។ បើតាម​សម្ដី​របស់​អ្នកជំនាញ វគ្គ​នេះ​គឺ​ផ្ដោតទៅលើ​ការថែរក្សា​កម្លាំង​សម្រាប់​កីឡាករ ទាំង​ក្នុងពេល​ហ្វឹកហាត់ និង ក្នុងពេល​ប្រកួត ធ្វើយ៉ាងណា​អាច​នៅមាន​កម្លាំង​បំពេញការងារ​រហូតដល់​ចប់​ការប្រកួត។

ការហ្វឹកហាត់​សាច់ដុំ (Gym) កលល្បិច​ក្នុងការ​ប្រកួត និង ល្បឿន​ក្នុងការ​ប្រជែង​ជាមួយ​គូប្រកួត ក៏​ជា​ប្រធានបទ​នៅក្នុង​វគ្គ​សិក្សា​នេះដែរ។ មុន​ថ្ងៃ​បញ្ចប់​វគ្គ គ្រូឧទ្ទេស​បានធ្វើ​តេស្ដ​សិក្ខាកាមនីមួយៗ ដើម្បី​វាយតម្លៃ​ពី​កម្រិត​ចំណេះដឹង មុននឹង​ចែក​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​កម្រិត​អន្តរជាតិ​ឱ្យ​ម្នាក់​មួយច្បាប់។

នេះ​ជាការ​បញ្ចេញ​ធនធានមនុស្ស​ថ្មី​បន្ថែម​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា សម្រាប់​បណ្ដុះបណ្ដាល​គ្រូ​កាយសម្បទា​នៅតាម​ក្លិប​ក្នុង​លី​ក និង សមាគម​កីឡាបាល់ទាត់​នៅតាម​ខេត្ត ឱ្យ​កាន់តែច្រើនឡើងៗ ដើម្បី​បណ្ដុះបណ្ដាល​ធនធាន​ត្រូវ​តាម​លក្ខន្តិកៈ​បាល់ទាត់​សម័យ​ទំនើប​នេះ។

យោងតាម​វិ​ប​សាយ  fifa.com  សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) បានផ្ដល់​វគ្គ​សិក្សា​ផ្នែក​បាល់ទាត់​មក​កម្ពុជា ចំនួន ១០ ផ្សេងៗគ្នា ក្នុង​ឆ្នាំ ២០១៥ នេះ ហើយ​នេះ​ជា​វគ្គ​ចុងក្រោយ​ក្រោម​ការបង្ហាត់បង្ហាញ​ដោយ​មន្ត្រី​ជំនាញ​របស់ FIFA មកពី​ជនជាតិ​ឥណ្ឌា៕


គ្រូបាល់ទាត់ផ្នែកកាយសម្បទាក្នុងស្រុក ២៥ នាក់បញ្ចប់វគ្គសិក្សាកម្រិត FIFA

Post a Comment

0 Comments

Close Menu