Ad Code

៦​ខែ​ឆ្នាំនេះ​មាន​អ្នករងគ្រោះ​ដោយសារ​គ្រាប់មីន​ចំនួន ៦៤​នាក់​ថយ​ចុះ​ជាង​ឆ្នាំមុន

ភ្នំពេញ ៖ នៅក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០១៥ នេះ មាន​អ្នក​រងរបួស និង​ស្លាប់​ដោយសារតែ​គ្រាប់មីន មាន​ចំនួន​៦៤​នាក់។ ចំនួន​នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ថយ​ចុះ​ប្រហែល ៣៧ ភាគរយ ដែល​មាន​អ្នករបួស​និង​ស្លាប់​ចំនួន​១០១​នាក់។

លោក​ឡេង​ជ្រាង​ប្រធាន​នាយកដ្ឋាន​អប់រំ​ផ្សព្វផ្សាយ​ជួយ​ជនរងគ្រោះ​ដោយសារ​មីន​និង​អភិវឌ្ឍន៍​ក្រោយ​ការ​សំអាត​មីន​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា បាន​ប្រាប់ ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៦​ខែ​នេះ​ករណី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន​៥៥​ករណី​ក្នុង​នោះ​មាន​គ្រោះថ្នាក់​ដោយ​គ្រាប់មីន​ចំនួន​១៩​ករណី​និង​គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន​៣៦​ករណី​បណ្តាល​ឲ្យ​ស្លាប់​និង​របួស​ចំនួន​៦៤​នាក់​ក្នុង​នោះ​ដោយសារ​គ្រាប់មីន​១៧​នាក់​និង​គ្រាប់​មិនទាន់​ផ្ទុះ​៤៧​នាក់។ក្នុងចំណោម​នោះ មាន​មនុស្ស​១១​នាក់​បាន​ស្លាប់​ពិការ​១១​នាក់​និង​របួស​៤២​នាក់។

លោក​បាន​បន្ត​ថា ចំនួន​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៤​ឃើញថា​មានការ​ថយ​ចុះ​៣៧​ភាគរយ​ដែល​នៅក្នុង៦​ខែ​ឆ្នាំមុន​មាន​ករណី​រងគ្រោះ​ដោយសារ​គ្រាប់មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន ៦៥​ករណី​ក្នុង​នោះ​គ្រាប់មីន​៣៥​ករណី​និង​គ្រាប់​មិនទាន់​ផ្ទុះ​៣០​ករណី​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​និង​របួស​១០១​នាក់​ដោយសារ​គ្រាប់មីន​ចំនួន​៤២​នាក់​និង​គ្រាប់​មិនទាន​ផ្ទុះ​ចំនួន​៥៩​នាក់។

ក្នុងចំណោម​អ្នករងគ្រោះ​១០១​នាក់​នោះ​មាន​អ្នក​ស្លាប់​ចំនួន​១៤​នាក់​ពិការ​២៥​នាក់​និង​រង​របួស​ចំនួន​៦២​នាក់​។ ក្នុងចំណោម​អ្នក​រងរបួស​ទាំងនោះ គឺ​ភាគច្រើន​៩១​ភាគរយ​ជា​បុរស។

លោក​ឡេង​ជ្រាង​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា តាម​ផែនការ​នៅ​ឆ្នាំ​២០១៥​នេះ មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ហៅ​កាត់ ស៊ីម៉ាក់ គ្រោង​នឹង​បង្កើន​ទំហំ​ផ្ទៃដី​ក្នុង​ការ​បោសសម្អាត​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដល់​ទៅ​ជាង ២០០​គីឡូម៉ែត្រ​ក្រឡា ដោយ​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ ១៤​លាន​ដុល្លា​អាមេរិក​ដែល​កាលពី​ឆ្នាំ​២០១៤ ផ្ទៃដី​ដែល​មជ្ឈមណ្ឌល​ត្រូវ​រំដោះ និង​បោសសម្អាត​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ មាន​ទំហំ​ត្រឹម​ជាង ៨០​គីឡូ​ម៉ែត្រ​ក្រឡា​ប៉ុណ្ណោះ។

ប្រទេស​កម្ពុជា​គឺជា​ប្រទេស​មួយ ដែល​រង​ផល​ប៉ះពាល់​ដោយសារ​គ្រាប់មីន​ច្រើនជាង​គេ​នៅ​លើ​ពិភពលោក ដែល​តាម​ការ​ប៉ាន់ស្មាន​មាន​ចំនួន​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ប្រមាណ​ជា​៤​ទៅ​៦​លាន​គ្រាប់​កប់​ក្រោម​ដី នៅសល់​ពី​សង្គ្រាម និង​ជម្លោះផ្ទៃក្នុង​៣ ទសវត្ស​កន្លងមក​នេះ។

កាលពី​ខែមេសា​កន្លងមក អង្គការក្រៅរដ្ឋាភិបាល​របស់​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ដោយ​បាន​នាំ​សត្វ​កណ្ដុរ​ដោះ​មីន​ពី​អាហ្វ្រិក​ចំនួន​១៥​ក្បាល​មក​កម្ពុជា ដើម្បី​ជួយ​ដោះ​មីន​ក្នុង​ប្រទេស​កម្ពុជា។

គួរ​បញ្ជាក់​ថា រហូតមកដល់​ពេលនេះ ផ្ទៃដី​ដែល​រំដោះ​ពេញលេញ​បាន​ចំនួន​ជាង ៦០០​គីឡូម៉ែត្រ​ក្រឡា និង​ផ្ទៃដី​សង្ស័យ​បាន​រំដោះ​ជូន​ប្រជា​ជា​ពលរដ្ឋ បាន​ប្រមាណ​ជិត ២​ពាន់​គីឡូ​ម៉ែត្រក្រឡា​។ ស៊ី​ម៉ាក់​បាន​ធ្វើ​ការ​ស្រាវជ្រាវ​លើ​ផ្ទៃដី ដែល​នៅ​សេស សល់​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ មាន​ចំនួន​ប្រមាណ​ជាង ២​ពាន់​គីឡូ​ម៉ែត្រក្រឡា នៅក្នុង​ប្រទេស​កម្ពុជា ហើយ​តាម​ពង្រាង​ផែនការ​របស់​អង្គភាព​ស៊ីម៉ាក់ នឹង​ធ្វើ​ការ​ដោះ​បោសសំអាត​មីន​លើ​ផ្ទៃដី​ប្រមាណ​ជាង ១​ពាន់​គីឡូម៉ែត្រ ក្រឡា​ទៀត ក្នុង​រយៈពេល ៥​ឆ្នាំ​ខាងមុខនេះ មានន័យថា គឺ​ប្រមាណ ៥០​ភាគរយ នៃ​ផែនការ​លើ​ផ្ទៃដី​មាន​មីន​ប្រមាណ ២​ពាន់​គីឡូ​ម៉ែត្រក្រឡា។ ក្រៅពី​នេ​ស៊ីម៉ាក់​បាន​ធ្វើ​សកម្មភាព​បោសសំអាត​មីន​គ្រាប់​មិនទាន់​ផ្ទុះ និង​កម្ទេច​ចោល បាន​ប្រមាណ​ជាង ២​លាន ៧​សែន​គ្រាប់​ផងដែរ៕


៦​ខែ​ឆ្នាំនេះ​មាន​អ្នករងគ្រោះ​ដោយសារ​គ្រាប់មីន​ចំនួន ៦៤​នាក់​ថយ​ចុះ​ជាង​ឆ្នាំមុន

Post a Comment

0 Comments

Close Menu