Ad Code

ទស្សនៈ កម្ពុ​ជា​សូម​ថ្លែង​អំណរគុណ​ចំពោះ​កាយ​វិការ​អង្គការ​សហប្រជាជាតិ

អត្ថាធិប្បាយ ៖ កម្ពុជា​សូម​ថ្លែងអំណរគុណ​ចំពោះ​កាយវិការ​របស់​អង្គការសហប្រជាជាតិ​ពាក្យពេចន៍​ដែល​គួរ​ឲ្យ​កត់សម្គាល់​ជាច្រើន​ត្រូវ​បាន​មើលឃើញ ក្នុង​លិខិតឆ្លើយតប​ជា​វិជ្ជមាន​របស់​ឯកឧត្តម បាន គី​មូ​ន អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ​ផ្ញើ​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ចំពោះ​ការសុំ​ខ្ចី​ផែនទី ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាននឹង​កំពុង​ប្រើប្រាស់​សម្រាប់​កំណត់ព្រំដែន​គោក និង​ព្រំ​ដែនទឹក​រវាង​ព្រះរាជាណាចក្រកម្ពុជា​ជាមួយនឹង​ប្រទេសជិតខាង។

ឯកឧត្តម បាន គី​មូ​ន មានប្រសាសន៍ថា ខណៈ​ដែល​យើង​មិនអាច​រក ​ឃើញ​ផែនទី​ទាំងឡាយ​ដូច​បាន​រៀបរាប់​ក្នុង​លិខិត​របស់​ឯកឧត្តម យើង​បាន​រក​ឃើញ​ផែនទី​មួយចំនួន​ពី​ក្នុង​កន្លែង​ផ្ទុក​ឯកសារ​របស់​បណ្ណាល័យ ដាក ហា​ម៉ា​ស្កូ ហ្សូ​ល​របស់​អង្គការសហប្រជាជាតិ (United National Dag Hammarskold Library) ​ទាំង​ក្នុង​ប្រព័ន្ធ​អេឡិចត្រូនិក និង​ច្បាប់​ចម្លង​បោះពុម្ព​រួច ដែល​អាច​មាន

​ប្រយោជន៍​ចំពោះ​រដ្ឋាភិបាល​ឯកឧត្តម។ ជាគោលការណ៍ United National Dag Hammarskold Library មិន​អនុញ្ញាត​ឲ្យ​ខ្ចី​ផែនទី ដែល​ស្ថិត​ក្រោម​ការ​ថែរក្សា ​របស់​ខ្លួន​នោះ​ទេ។ ប៉ុន្តែ​បន្ទាប់ពី​ការពិគ្រោះ​យោបល់​ជាមួយ​ស្ថាន​តំណាង អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី​២៥​ខែកក្កដា ឆ្នាំ​២០១៥​គឺមាន​ការ ព្រមព្រៀង​ថា ដោយ​ឈរ​ករណី​លើកលែង បណ្ណាល័យ​អាច​ឲ្យ​ខ្ចី​ផែនទី​ដូច​បាន ពណ៌នា​ខាងលើ​នេះ​ដល់​រដ្ឋាភិបាល​របស់​ឯក​ឧ​ត្ត​ម សម្រាប់​រយៈពេល​មានកំណត់​មួយ ដោយ​ផ្អែកលើ​លក្ខខណ្ឌ និង​ការយោគយល់​នានា ដែល​នឹង​មាន​ចែង ក្នុង​លិខិត​ផ្លាស់​ប្តូរ​គ្នា​រវាង​អង្គការសហប្រជាជាតិ និង​រដ្ឋាភិបាល​ឯកឧត្តម។ បញ្ហា​ផែនទី ដែល​ប្រើប្រាស់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន បាន​នឹង​កំពុង​ក្លាយទៅជា​ចំណុច​ដ៏​រសើប​បំផុត នៅ​ពេល​ដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ព្យាយាម​ដុត​រោល​សភាពការណ៍​ព្រំដែន ជាមួយ​ប្រទេសជិតខាង​ប៉ែក​ខាង កើត​តាមរយៈ​រាជរដ្ឋាភិបាល​បាន​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី រាជរដ្ឋាភិបាល​ប្រើប្រាស់ ផែនទី​ក្លែងក្លាយ​ជាដើម។

កាន់តែ​សំខាន់​ជាង​នេះ​ទៀត ស្រប​ពេល​ដែល​ប្រមុខ រាជរដ្ឋាភិបាល បាន​នឹង​កំពុងតែ​ស្វះ​ស្វែងរក​ភស្តុតាង​ពិតប្រាកដ​ដើម្បី​មក បង្ហាញ​ឲ្យ​សាធារណមតិ​ជាតិ​និង​អន្តរជាតិ​ឲ្យ​បាន​ឃើញច្បាស់ តាមរយៈ​ការ​ស្នើ សុំ​ខ្ចី​ផែនទី​ពី​អង្គការសហប្រជាជាតិ​និង​មហាអំណាច​ដទៃទៀត មាន​បារាំង អាមេរិក និង​អង់គ្លេស​នោះ លោក សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បែរ ជា​លេងល្ខោន​នយោបាយ​ដ៏​មិន​គួរ​ឲ្យ​ជឿ​តាមរយៈ​ការ​បង្ហាញ​ផែនទី​នៅក្នុង facebook ផ្ទាល់ខ្លួន ដែល​លោក​បាន​អះអាង​ថា ​ទិញ​នៅក្នុង​ផ្សារ​ប្រទេស​បារាំង ដែល​មាន​តម្លៃ​ត្រឹមតែ​១៦៨​ដុល្លារ​តែប៉ុណ្ណោះ។

ជា​ការ​ពិត ​សម្រាប់​លោក​ប្រ ធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឆាកល្ខោន​នយោបាយ ដែល​ខ្លួន​បាន​សម្តែង​នោះ បាន​ទទួល​ត្រឹមតែ​ភាព​អាម៉ាស់​តែប៉ុណ្ណោះ ព្រោះថា នៅ​ពេល​ដែល​រដ្ឋាភិបាល បារាំង ដែល​ជា​អ្នក​ផលិត​ផែនទី​របស់​ប្រទេស​មួយ ដែល​ខ្លួន​ធ្លាប់ធ្វើ​អាណានិគម ជិត​១០០​ឆ្នាំ​មិនទាន់​ទាំង​ប្រកាស​អំពី​វត្តមាន​របស់​ផែនទី​ផង បែរជា​លោក សម រង្ស៊ី បាន​បង្ហាញ​នូវ​ផែនទី​ដែល​ខ្លួន​ទិញ​នៅក្នុង​ផ្សារ​ប្រទេស​បារាំង ដែល​មាន តម្លៃ​ត្រឹមតែ​១៦៨​ដុល្លារ​ប៉ុណ្ណោះ។

សម្រាប់​អង្គការសហប្រជាជាតិ ការប្រកាស​អំពី​ការ​ប្រគល់​ផែនទី​មួយ​ចំនួន​ពី​ក្នុង​កន្លែង​ផ្ទុក​ឯកសារ​របស់​បណ្ណាល័យ ដាក ហា​ម៉ា​ស្កូ​ហ្សូ​ល របស់​អង្គការ សហប្រជាជាតិ ដែល​ជា​គោលការណ៍​បណ្ណាល័យ ដាក ហា​ម៉ា​ស្កូ​ហ្សូ​ល មិន​អនុញ្ញាត​ឲ្យ​ខ្ចី​ផែនទី ដែល​ស្ថិត​ក្រោម​ការ​ថែរក្សា​រប​ស់​ខ្លួន​នោះ គឺជា​កាយវិការ ប្រកបដោយ​ភាព​វិជ្ជមាន​មិនមែន​សម្រាប់​តែ​រាជរដ្ឋាភិបាល​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ប្រជាជន និង​ប្រទេស​កម្ពុជា​ទាំងមូល​ផង​ដែរ។

វា​ដូចដែល​ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន បាន​លើក​ឡើង​ថា កាយវិការ​ដ៏​ថ្លៃថ្លា​នេះ ពិត​ជា​ចូលរួម​វិភាគទាន​ដ៏​សំខាន់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក្នុង​ការ​បញ្ចៀស ​និង​បញ្ចប់​នូវ​ការ​ញុះញង់​បង្កើត​ស្មារតី​ជាតិ និយម​ជ្រុល ហើយ​ធ្វើ​ឲ្យមាន​ការ​ភ័ន្តច្រឡំ​នៅក្នុង​ចំណោម​សាធារណមតិ​ជាតិ និង​អន្តរជាតិ ដើម្បី​កេង ចំណេញ​ខាង​នយោបាយ​ដោយ​មជ្ឈដ្ឋាន​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា និង ដល់​ការ​ប្តេជ្ញា​អនុវត្តន៍​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា សំដៅ កសាង​ខ្សែបន្ទាត់​ព្រំដែន​មួយ​ច្បាស់លាស់ មិត្តភាព សន្តិភាព សហប្រតិបត្តិការ​និង​ការអភិវឌ្ឍន៍​នោះ​ឯង៕


ទស្សនៈ កម្ពុ​ជា​សូម​ថ្លែង​អំណរគុណ​ចំពោះ​កាយ​វិការ​អង្គការ​សហប្រជាជាតិ

Post a Comment

0 Comments

Close Menu