ក្តីសង្ឃឹមនៃការស្វែងរកអ្នកដែលនៅរស់រានមានជីវិតក្នុងហេតុការណ៍លិចនាវា កាលពីថ្ងៃព្រហស្បតិ៍ បានបាត់បង់ដែលក្នុងនោះជនចំណាកស្រុកប្រមាណ២០០នាក់ ត្រូវបានគេបារម្ភថា បានលង់ទឹកស្លាប់នៅពេលនាវាជួយសង្គ្រោះបានអំពាវនាវឲ្យមានជំនួយដល់ទូកជនចំណាកស្រុកជាច្រើនទៀតនៅក្នុងតំបន់ដូចគ្នានៃសមុទ្រមេឌីទែរ៉ាណេ។
អភិបាលក្រុង Palermo លោក Leoluca Orlando បានថ្លែងថា “យើងកំពុងមើលឃើញពីអំពើប្រល័យពូជសាសន៍ដែលបង្កឡើងដោយភាពអាត្មានិយមរបស់អឺរ៉ុប”។ លោកបានលើកឡើងបែបនេះខណៈនាវាកងទ័ពជើងទឹកអៀរឡង់ LE Niamh បានចូលចតនៅកំពង់ផែដោយបានដឹកមនុស្សប្រមាណ៣៧០នាក់ ដែលបានរស់រានមានជីវិតពីគ្រោះមហន្តរាយនេះ និងសពចំនួន២៥នាក់ រួមទាំងក្មេងបីនាក់ផងដែរ។
លោក Orlando បានអំពាវនាវដល់មេដឹកនាំអឺរ៉ុបឲ្យធ្វើអ្វីបន្ថែមទៀតដើម្បីទប់ស្កាត់គ្រោះមហន្តរាយដូចនេះ និងដើម្បីអនុញ្ញាតឲ្យជនភៀសខ្លួនបន្ថែមទៀតក្នុងការតាំងទីលំនៅឡើងវិញ នៅក្នុងប្រទេសរបស់ពួកគេ។
ប៉ូលិសបាននិយាយថា ពួកគេបានចាប់ខ្លួនបុរសប្រាំនាក់ដោយសង្ស័យថា បានធ្វើឲ្យទូកនេះក្រឡាប់នៅថ្ងៃពុធ និងមានតួនាទីក្នុងការជួញដូរជនចំណាកស្រុក។
នាវាកងទ័ពជើងទឹកមកពីអ៊ីតាលី និងអៀរឡង់និងទីភ្នាក់ងារមនុស្សធម៌ Medecins Sans Frontieres (MSF) បានជួយសង្គ្រោះមនុស្សប្រហែល៤០០នាក់ ពីទូកនេសាទនោះ ដែលត្រូវបានគេគិតថា បានដឹកមនុស្សរហូតដល់ ៦០០នាក់ ដែលភាគច្រើនជាជនជាតិស៊ីរី ភៀសខ្លួនចេញពីសង្គ្រាមស៊ីវិលក្នុងប្រទេសរបស់ខ្លួន។
ពួកគេមិនបានរកឃើញអ្នកនៅរស់រានមានជីវិតទេ បន្ទាប់ពីស្វែងរកពេញមួយយប់។ អ្នកនាំពាក្យឆ្មាំសមុទ្របាននិយាយថា នាវារបស់ប្រទេសអុីតាលី បានបន្តស្វែងរកតំបន់នោះកាលពីថ្ងៃព្រហស្បតិ៍។
សោកនាដកម្មកាលពីថ្ងៃពុធនេះបានកើតឡើងនៅពេលដែលទូកបានក្រឡាប់នៅពេលនាវា LE Niamh បានចូលជិតដោយសារអ្នកដំណើរបានធ្វើឲ្យទូកម្ខាងផ្អៀងនៅពេលឃើញនាវានោះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិអៀរឡង់ Simon Coveney ប្រាប់វិទ្យុរដ្ឋ RTE កាលពីថ្ងៃព្រហស្បតិ៍ថា អ្វីដែលបានកើតឡើងនៅទីនេះគឺដោយសារតែទូកនោះបានផ្ទុកលើសចំណុះ ដូច្នេះហើយលក្ខខណ្ឌនេះបានធ្វើឲ្យទូកចាប់ផ្តើមចូលទឹក ហើយផ្អៀងទៅមួយចំហៀងរួចក៏ក្រឡាប់ និងលិចទាំងស្រុងនៅក្នុងចន្លោះពេលពីរនាទី។
នាវាអៀរឡង់ គឺជាផ្នែកមួយនៃបេសកកម្ម Triton របស់សហភាពអឺរ៉ុប ដែលត្រូវបានពង្រីក បន្ទាប់ពីជនចំណាកស្រុករហូតដល់៨០០នាក់ បានលង់ទឹកស្លាប់ក្នុងការលិចនាវាមួយនៅក្នុងខែមេសា។
*តំបន់ព្រំដែនដែលពោពេញដោយសេចក្តីស្លាប់
សមុទ្រមេឌីទែរ៉ាណេ គឺជាតំបន់ព្រំដែនដែលពោរពេញដោយសេចក្តីស្លាប់ខ្លាំងជាងគេបំផុតក្នុងពិភពលោកសម្រាប់ជនចំណាកស្រុក។ អង្គការអន្តោប្រវេសន៍អន្តរជាតិបានឲ្យដឹងកាលពីថ្ងៃអង្គារថា នៅក្នុងឆ្នាំនេះ ជនអន្តោប្រវេសន៍និងជនភៀសខ្លួនជាង២,០០០នាក់បានស្លាប់ខណៈពេលកំពុងព្យាយាមទៅកាន់អឺរ៉ុបតាមទូក នេះបើធៀបនឹងចំនួន៣,២៧៩នាក់ក្នុងអំឡុងពេលពេញមួយឆ្នាំកាលពីឆ្នាំមុន។
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយថា អ្នករត់ពន្ធមនុស្សដែលភាគច្រើនមានមូលដ្ឋាននៅក្នុងប្រទេសលីប៊ី និងទទួលបានប្រាក់រាប់ពាន់ដុល្លារសម្រាប់ការធ្វើដំណើរបានបញ្ជូនជនអន្តោប្រវេសន៍ជាង ៩០,០០០នាក់តាមសមុទ្រទៅកាន់ប្រទេសអុីតាលី នៅឆ្នាំនេះ។
ការមកដល់ដ៏ធំទាំងនៅក្នុងប្រទេសអ៊ីតាលី និងក្រិក នៅរដូវក្តៅនេះបានបង្ហាញថា វិបត្តិនេះ កាន់តែអាក្រក់៕
មនុស្សជាង២០០នាក់ ត្រូវបានគេរំពឹងថានឹងស្លាប់ ក្នុងហេតុការណ៍លិចទូកដឹកជនអន្តោប្រវេសន៍

0 Comments