Ad Code

ឆ្មាំ​សមុទ្រ​សហរដ្ឋអាមេរិក​រឹបអូស​យក​បាន​កូកាអ៊ីន​ មានតម្លៃ​១៨១លាន​ដុល្លារ

ក្រុមឆ្មាំ​សមុទ្រ​សហរដ្ឋ​អាមេរិក និយាយថា បាន​រឹបអូស​យក​ថ្នាំ​កូកាអ៊ីន​ ដែលមានតម្លៃ​ដល់​ទៅ​១៨១​លាន​ដុល្លារ​ពីនាវា​មុជទឹក​​មួយ​គ្រឿង​ដូច​ទៅនឹង​នាវា​នៅតំបន់​ភាគ​ខាងកើត​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ប៉ុន្ដែ​បើ​ទោះ​ជា​យ៉ាង​​នេះ​ក្ដី ក៏មាន​ថ្នាំញៀន​ប្រភេទ​នេះ​មួយ​ចំនួន​បាន​លិច​​​ទៅក្នុង​សមុទ្រ​នៅពេល​កម្ទេច​វា​ចោល។

ក្រុមឆ្មាំ​សមុទ្រ​បាន​រឹបអូស​យកកូកាអីុន​មាន​ទម្ងន់​១២,០០០ផោន (៥,៤០០គីឡូក្រាម) ពី​អ្នក​រត់ពន្ធ​៤នាក់​ស្ថិតនៅ​លើ​នាវា​មួយ​គ្រឿង​​ ដែល​អណ្ដែត​នៅ​លើ​ផ្ទៃ​ទឹក​តែ​ត្រឹម​ពាក់កណ្ដាល​​នៃ តួ​នាវា​ទាំងមូល នេះជាការលើកឡើង​ដោយទី​ភ្នាក់​ងារ​នេះ​កាលពីថ្ងៃពុធ។

នាវា​ដែលលេច​អណ្ដែត​ឡើង​ជា​លើក​ដំបូង​ចម្ងាយ​ប្រមាណ​២០០​ម៉ៃល៍ (៣២០គីឡូ​ម៉ែត្រ) នៅភាគ​ខាង​ត្បូង​ម៉ិកស៊ីកូ ផ្ទុកទៅ​ដោយ​ថ្នាំ​ញៀន​ប្រភេទ​នេះ​មាន​ទម្ងន់​ដល់ទៅ​១៦,០០០​ផោន ប៉ុន្ដែ​ខណៈពេល​ដែលនាវា​នោះ​កំពុង​ត្រូវ​បាន​​សណ្ដោងនោះ បែរ​ជា​លិច​ស្រឹម​ទៅវិញ។ នៅ​ពេលនោះ ក៏មាន​ថ្នាំញៀន​ប្រមាណ​៤,០០០​ផោន​ត្រូវ​បាត់បង់​ទៅដែរ។ ការរឹបអូស​ត្រូវ​បាន​ធ្វើ​ឡើង​កាលពីថ្ងៃ​ទី១៨ ខែ​កក្កដា គឺជាការ​ដឹក​ជញ្ជូន​តាមប្រភេទ​នាវា​ពាក់កណ្ដាល​ខ្លួន​​អណ្ដែត​​លើ​ផ្ទៃទឹក​ដ៏ធំ​ជាង​គេបង្អស់​ត្រូវ​ចាប់​បាន​នៅ​ក្នុង​ប្រវត្ដិ​សាស្ដ្រ​របស់ឆ្មាំ​សមុទ្រ។

នាវា​នោះ​មានបណ្ដោយ​ប្រវែង​៤០​ហ្វូត (១២​ម៉ែត្រ) ត្រូវបាន​ចាត់​ទុក​ថា មិន​អាច​ទាញយក​ឡើង​មកវិញបានទេ បន្ទាប់ពីរង​ការ​លិច​លង់។ អង្គភាព​ឆ្មាំ​សមុទ្រ​បាននិយាយ​ថា ធ្លាប់​មាន​ការ​ហាម​ប្រាម​នាវា​ធុននេះ ដល់ទៅ​២៥​គ្រឿង​មក​ហើយនៅតំបន់​ភាគខាង​កើត​មហា​សមុទ្រ​ប៉ា​សីុ​ហ្វិក ចាប់តាំងពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៦មក។

ប្រភេទនាវា​មុជទឹកទាំង​នេះ​ត្រូវ​បាន​គេ​រចនា​ឌីហ្សាញ​សម្រាប់តែ​ការ​រត់ពន្ធ​ថ្នាំញៀន​ពេល​ដែលវា​ពន្លិច​ខ្លួន​ទៅក្នុង​ទឹកនោះ វា​ជា​រឿយៗ​​គ្រាន់​តែ​ឲ្យឃើញ​ត្រឹមតែ​កន្លែងអ្នក​បញ្ជា​បើកបរ​ និងបំពង់​កែវ​ឆ្លុះ​ ដែល​បន្លឹម​ពីលើ​ផ្ទៃ​ទឹក​តែ​ប៉ុណ្ណោះ។ នាវា​ប្រភេទ​ទាំង​នោះ​មាន​ការ​​​ពិបាក​​ ជា​ពិសេស​ក្នុងការ​រកឃើញ​ និង​ហាម​ឃាត់​ផង​ទៅទៀត។ នេះ​ជាការលើកឡើង​ពី​ក្រុម​ឆ្មាំ​សមុទ្រ៕

AFP


ឆ្មាំ​សមុទ្រ​សហរដ្ឋអាមេរិក​រឹបអូស​យក​បាន​កូកាអ៊ីន​ មានតម្លៃ​១៨១លាន​ដុល្លារ

Post a Comment

0 Comments

Close Menu