Ad Code

ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​មក​ប្រទេស​កម្ពុជា តែងតែ​មិន​រំលង​ផ្សារ​ធំ​ថ្មី

ភ្នំពេញ ៖ សព្វថ្ងៃ​គេ​សង្កេតឃើញ​ភ្ញៀវ​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​នៅ​ពេល​បាន​ធ្វើ​ដំណើរ​មក​ដល់​រាជធានី​ភ្នំពេញ​ហើយ គឺ​ពួកគេ​មិនដែល​រំលង​ផ្សារ​ធំ​ថ្មី​នោះ​ទេ ពីព្រោះ​នៅ​ទីនោះ​មាន​ដាក់​តាំង​លក់​នូវ​ផលិតផល​ និង​ទំនិញ​សព្វសារពើ ជាពិសេស​វត្ថុ​អនុស្សាវរីយ៍ ​និង​ខាង​គ្រឿងមាស​ប្រាក់​យ៉ាង​សំបូរ​បែប។​

ផ្សារ​ធំ​ថ្មី ត្រូវ​បាន​គេ​ចាត់ទុកថា ជា​សំណង់​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​របស់​ទីក្រុង​ភ្នំពេញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ដោយសារ​តែ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​នោះ​ ផ្សារ​ធំ​ថ្មី​ក៏​ត្រូវ​បាន​ធ្វើ​ការ​ជួសជុល​ឲ្យ​មាន​សោភ័ណភាព​ឡើងវិញ ​ស្ថិត​ក្នុង​គម្រោង​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​(AFD)​ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​៤,៥​លាន​អឺរ៉ូ​ ដោយ​ប្រើ​រយៈពេល​នៃ​ការ​ជួសជុល​ចាប់ពី​ខែ​មករា ​ឆ្នាំ​២០០៩​រហូតដល់​ឆ្នាំ​២០១១​ ទើប​រួចរាល់​ជា​ស្ថាពរ​ និង​បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ កាលពី​ថ្ងៃ​ទី​២៥ ​ខែ​ឧសភា ឆ្នាំ​២០០១​ ក្រោម​អធិបតីភាព​របស់​លោក​ កែប ជុតិមា​ និង​លោក Christian Connan ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា។​

មន្ត្រី​អភិបាល​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំ​ថ្មី​បាន​ឲ្យ​ដឹង​ថា ផ្សារ​ធំ​ថ្មី​ត្រូវ​បាន​សាងសង់​ឡើង​តាំងពី​ខែ​សីហា​ ឆ្នាំ​១៩៣៥​មក​ម្ល៉េះ ​និង​បាន​បញ្ច​បើក​ការស្ថាបនា​នៅ​ខែ​មិថុនា ​ឆ្នាំ​១៩៣៧ ដែល​មាន​លោក Jean duboir ជា​ជនជាតិ​បារាំង​ ជា​អ្នក​គូរ​ប្លង់​ និង​សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន​ឥណ្ឌូចិន​សាយ​ហ្ក​ន។ ចាប់​តាំង​ពី​ពេលនោះ​មក ​ផ្សារ​ធំ​ថ្មី​ក៏​ចាប់​ផ្ដើម​ប្រែ​ក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​មាន​សារៈសំខាន់​សម្រាប់​ទីក្រុង​ភ្នំពេញ ​ក្នុង​អំឡុង​ទសវត្ស​៣០​ ដល់​ទសវត្ស​៧០។ ជា​បន្តបន្ទាប់​ ផ្សារ​ធំ​ថ្មី​ក៏​ត្រូវ​បាន​ចាត់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​នៃ​រាជធានី​ភ្នំពេញ​ ដោយ​បាន​រួមចំណែក​ជា​ពិសេស​ក្នុង​ការ​លើកស្ទួយ​នូវ​សោភ័ណភាព​ទីក្រុង បង្កើត​មុខរបរ​ជូន​ប្រជាជន ជាទី​កន្លែង​សម្រាប់​ដោះដូរ​ផ្នែក​សេដ្ឋកិច្ច ក៏ដូចជា​ចូលរួម​ដល់​វិស័យ​ទេសចរណ៍​ជាតិ​ផង​ដែរ។

លោក​ តាំង សុចិត្រ​គ្រឹ​ស្នា​ ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​ផ្សារ​ធំថ្មី​បាន​ក្លាយ​ទៅជា​កន្លែង​បណ្ដុំ​នៃ​វិស័យ​សេដ្ឋកិច្ច​ និង​វិស័យ​ទេសចរណ៍​ជាតិ ហើយ​ជា​រៀងរាល់ថ្ងៃ​គេ​សង្កេតឃើញ​មាន​ប្រជាពលរដ្ឋ ក្រុម​អាជីវករ និង​ភ្ញៀវ​ទេសចរ​បរទេស​ចេញចូល​ផ្សារ​ដែល​ជា​សរសៃឈាម​ដ៏​សំខាន់​នៃ​ទី​ក្រុម​ភ្នំពេញ​នេះ​ជា​ហូរហែ​ តាំងពី​ព្រលឹម​ទល់​យប់។ នៅ​ទីនោះ​(​ផ្សារ​ធំថ្មី​)​គេ​ឃើញ​មាន​ដាក់​តាំង​លក់​នូវ​មុខទំនិញ​គ្រប់​ប្រភេទ​ប្រកប​ទៅ​ដោយ​ភាព​ទាក់ទាញ ​និង​មាន​របៀបរៀបរយ​មាន​ដូចជា សំលៀកបំពាក់ ផលិតផល​ធ្វើ​អំពី​សូត្រ​ខ្មែរ វត្ថុ​អនុស្សាវរីយ៍​ធ្វើ​អំពី​ឈើ​ ឬ​លោហធាតុ​ផ្សេងៗ គ្រឿងមាស ប្រាក់ គ្រឿង​អេឡិចត្រូនិក រួម​ទាំង​របស់របរ​ប្រើប្រាស់​ផ្សេងៗ​ទៀត..​។​ល​..។ ហើយ​ដោយសារតែ​ផ្សារ​នេះ​មាន​ដាក់​លក់​នូវ​ទំនិញ​សព្វសារពើ​យ៉ាង​ដូច្នេះ​ទើបបាន​ធ្វើ​ឲ្យ​ជនបរទេស​មាន​ចំណូលចិត្ត​ និង​មិន​អាច​រំលង​បាន​នៃ​ការ​មក​ទស្សនា​ ក៏ដូចជា​រក​ទិញ​ទំនិញ​នៅ​ផ្សារ​ធំ​ថ្មី​នោះ។

ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ផ្សារ​ធំ​ថ្មី​ គឺជា​ជម្រើស​ទី​១​របស់​ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ធ្វើ​ដំណើរ​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា បន្ទាប់ពី​ផ្សារ​ទួល​ទំពូង និង​ផ្សារ​រាត្រី​ មាត់ទន្លេ​នោះ ដូច្នេះ​ហើយ​ ដើម្បី​ផ្ដល់​នូវ​ភាព​កក់ក្ដៅ​សម្រាប់​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ចូល​មក​ទស្សនា​ និង​រក​ទិញ​ឥវ៉ាន់​ផ្សេងៗ​នៅ​ផ្សារ​ធំ​ថ្មី​ទីក្រុង​ភ្នំពេញ​នោះ​ ខាង​មន្ទីរ​ពាក់ព័ន្ធ ជាពិសេស​គណៈ​គ្រប់គ្រង​ផ្សារ​សហការ​ជាមួយ​អភិបាល​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំ​ថ្មី​ដាក់​ឲ្យ​មាន​កម្លាំង​សន្តិសុខ ប៉ូលិស​ជួយ​សម្រួល​សណ្ដាប់ធ្នាប់​របៀប​រៀបរយ ​និង​ការពារ​សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ឋ អាជីវករ ជាពិសេស​ជនបរទេស​ដែល​ជា​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ និង​ទិញ​ផលិតផល​ផ្សេងៗ​នៅ​ផ្សារ​ធំ​ថ្មី​នេះ​យ៉ាង​យកចិត្តទុកដាក់​បំផុត។​

សូម​បញ្ជាក់​ជូន​ដែរ​ថា គំនូស​ប្លង់​មេ​ផ្សារ​ធំ​ថ្មី​សាងសង់​ឡើង​តាម​ម៉ូដ Art Deco សម័យ​អាណា​និគម ដែល​មាន​ទីតាំងនៅ​ចំ​កណ្ដាល​ទីក្រុង​ភ្នំពេញ​នៅ​ក្នុង​ឆ្នាំ​១៩៣៧ ដូច្នេះ​ទើប​បាន​ជា​ធ្វើ​ឲ្យ​ផ្សារ​មួយ​នេះ​មាន​សភាព​លេចធ្លោ​ជាង​សំណង់​នានា​ ដែល​មាននៅ​ទីក្រុង​ភ្នំពេញ។ ផ្សារ​ធំ​ថ្មី​ត្រូវ​បាន​សង់​ឡើង​មាន​រំលេច​ចេញ​ជា​ស្លាប​បួន​ គ្រប​ដោយ​ដោម​នៅ​ចំ​កណ្ដាល​ដោយ​នៅ​ក្នុង​ស្លាប​ទាំង​បួន​នេះ យើង​ឃើញ​មានការ​ដាក់​តាំង​លក់​នូវ​របស់របរ​មាន​ដូចជា​ឧបករណ៍​អេឡិចត្រូនិក​សំលៀកបំពាក់ នាឡិកា កាបូប វត្ថុ​បុរាណ ក្រមា​ និង​សូត្រ​ខ្មែរ គ្រឿងមាស​គ្រឿងប្រាក់​ជាដើម៕

Pisey-215-07-29-full-G

Pisey-215-07-29-full-G1


ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​មក​ប្រទេស​កម្ពុជា តែងតែ​មិន​រំលង​ផ្សារ​ធំ​ថ្មី

Post a Comment

0 Comments

Close Menu