Ad Code

ផលិតកម្ម​Diamond ច្រានចោល​រឿង​ដាក់​បម្រាម​តារា​ចម្រៀង​មិន​ឲ្យ​ជួប​សម្ភាសន៍​ជាមួយ​អ្នកកាសែត​

ភ្នំពេញ ៖ បន្ទាប់ពី​មានការ​ចុះផ្សាយ​ព័ត៌មាន​ថា ផលិតកម្ម​Diamond Music​ បាន​ដាក់​លក្ខខ័ណ្ឌ​ដល់​តារា​ចម្រៀង​របស់​ខ្លួន​មុននឹង​ផ្ដល់​សម្ភាសន៍​ឲ្យ​អ្នកកាសែត ​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ខាង​ផលិតកម្ម​ជា​មុន​សិន​មក​នោះ ​ឥឡូវ​មានការ​ចេញមុខ​បំភ្លឺ​ពី​ភាគី​ខាង​ផលិតកម្ម​មួយ​នេះ​ថា​ នេះ​គ្រាន់តែ​ជា​ការ​យល់​ច្រឡំ​តែប៉ុណ្ណោះ ​ធាតុ​ពិត​វា​មិន​ដូច​ការ​លើក​ឡើង​ទាំង​នោះ​ទេ។​

បើ​ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​កាលពី​ថ្មីៗ​នេះ​បាន​លើក​ឡើង​ថា បើ​អ្នកសារព័ត៌មាន​ចង់​ជួប​សម្ភាសន៍​តារា​ចម្រៀង​ណាមួយ​នៅ​ក្នុង​ផលិតកម្ម​មួយ​នេះ​គឺ​ត្រូវ​ទូរស័ព្ទ​ទៅ​ខាង​ផលិតកម្ម​ ឬ​អាច​សួរ​ព័ត៌មាន​ពី​អ្នកគ្រប់គ្រង​ផលិតកម្ម​Diamond Music​ដោយ​ផ្ទាល់​ជុំវិញ​រឿងរ៉ាវ​តារា​ចម្រៀង​របស់​ខ្លួន​ មិន​ថា​ការងារ​សិល្បៈ ឬ​ជីវិត​ឯកជន​ផ្ទាល់ខ្លួន​នោះ​ទេ។​

អ្នកចាត់ការ​ទូទៅ​ប្រចាំ​ផលិតកម្ម Diamond កញ្ញា សឿន សុខ​លីន បាន​និយាយ​ប្រាប់​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៥​នេះ​ថា ចាស បង​! បើ​តាម​ពិត​ទៅ ​គឺ​ខាង​ផលិតកម្ម​អត់​មាន​ដាក់​កំហិត ​ឬ​បិទ​សិទ្ធិ​ពួកគាត់​ទេ​ជុំវិញ​ការ​ផ្តល់​សម្ភាសន៍​ជាមួយ​អ្នកកាសែត ​គ្រាន់តែ​ពេល​ខ្លះ​ទំនង​មកពី​សាមី​ខ្លួន​របស់​គាត់​ផ្ទាល់​មិន​ចង់​និយាយ​ក៏​ថា​បាន ​ដោយ​ពេលខ្លះ​គាត់​រវល់ ​ឬ​មកពី​បញ្ហា​អ្វីមួយ​ក៏​មិន​ដឹង។​

អ្នកចាត់ការ​ទូទៅ​ប្រចាំ​ផលិតកម្ម Diamond​វ័យក្មេង​រូប​នេះ​បាន​បញ្ជាក់​ថា កន្លងមក​ក្រុមហ៊ុន​ធ្លាប់​ណែនាំ​ប្រាប់​ដល់​ពួកគាត់​មែន​ចំពោះ​រឿង​នេះ ​ប៉ុន្តែ​មិនបាន​ហាម​ពុំ​ឲ្យ​ពួកគាត់​ផ្ដាច់ការ​ទាក់ទង​ជាមួយ​បងៗ​អ្នកសារព័ត៌មាន​ទេ ​គឺ​បើ​សួរនាំ​រឿង​ណា​ដែល​មាន​ពាក់ព័ន្ធ​ជាមួយ​ផលិតកម្ម​ហើយ​មិន​អាច​ឆ្លើយ​បាន​ ត្រូវ​បង្វែរ​មក​ខាង​ក្រុមហ៊ុន​វិញ​។​

ដោយឡែក​ សម្រាប់​រឿង​ជាប់​ពាក់ព័ន្ធ​ជីវិត​ឯកជន​ខាងក្រៅ​ផ្ទាល់ខ្លួន​វិញ​ សាមី​ខ្លួន​មាន​សិទ្ធិ​និយាយ​ផ្ដល់​សម្ភាសន៍​ឲ្យ​អ្នក​ព័ត៌មាន​បាន​ ផលិតកម្ម​គ្មាន​សិទ្ធ​ដឹង ​ឬ​ជំនួស​តារា​ណាមួយ​ឡើយ។​

កញ្ញា សឿន សុខ​លីន បាន​បន្ថែម​ថា ក្រុមហ៊ុន​អត់​មានបាន​ហាម​អី​ដល់​តារា​ចម្រៀង​របស់​យើង​ទេ ​បើកទូលាយ​ក្នុង​ការ​និយាយ​ស្តី​រឿង​ផ្ទាល់ខ្លួន​ឯកជន​ខាងក្រៅ។ ​ខុស​តែ​រឿង​របស់​ក្រុមហ៊ុន​ទេ ​គឺ​ពួកគាត់​ពេល​ខ្វះ​មិន​អាច​ចេញមុខ​និយាយ​ជំនួយ​ទេ​ ដោយសារ​រឿង​របស់​ផលិតកម្ម​ គឺ​ផលិត​កម្ម​ជា​ដឹង​ច្បាស់។​

បើ​តាម​ការ​កត់​សម្គាល់​ ក្រោយពី​បាន​ដំណើរ​ការផលិត និង​ចេញ​លក់​អាល់​ប៊ុ​ម​បទ​ចម្រៀង​របស់​ខ្លួន​លើ​ទីផ្សារ​បាន​ប៉ុន្មាន​ឆ្នាំ​មកនេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ក្នុង​អំឡុង​រយៈពេល​ជាង​មួយ​ឆ្នាំ​ចុងក្រោយ​នេះ​ហាក់​មាន​ភាព​រីកចម្រើន និង​មានការ​គាំទ្រ​គួរសម។

ខណៈ​ដែល​បច្ចុប្បន្ន​ផលិតកម្ម​មួយ​នេះ​ត្រូវ​បាន​ជ្រើសរើស​បញ្ចូល​តារា​ចម្រៀង​ប្រុស/ស្រី​ល្បី​ឈ្មោះ​មួយ​ចំនួន​ចូល​ក្នុង​ដំបូល​ខ្លួន​ដូចជា​អតីត​តារា​ចម្រៀង​ធ្លាប់​មាន​ឈ្មោះ​ល្បី​នៅ​សាន់​ដេ​ លោក ជុំ លី​ណូ​ជាដើម៕
Pisey-215-07-29-full-J

Pisey-215-07-29-full-J1

Pisey-215-07-29-full-J5

Pisey-215-07-29-full-J7
ផលិតកម្ម​Diamond ច្រានចោល​រឿង​ដាក់​បម្រាម​តារា​ចម្រៀង​មិន​ឲ្យ​ជួប​សម្ភាសន៍​ជាមួយ​អ្នកកាសែត​

Post a Comment

0 Comments

Close Menu