Ad Code

ការ​បញ្ចាំងភាពយន្ត​ឯកសារ “​វាលពិឃាត​របស់​វេជ្ជបណ្ឌិត​ហាំង​ង៉ោ​

ភ្នំពេញ ៖ ស្ថានទូត​អាមេរិក​នៅ​រាជធានី​ភ្នំពេញ​ដោយ​សហការ​ជាមួយ​មជ្ឈមណ្ឌល​បុប្ផា​ណា នឹង​បញ្ចាំង​ជា​អន្តរជាតិ​លើកដំបូង​នូវ​ភាពយន្ត​ឯកសារ​ថ្មី ដែល​មាន​ចំណងជើង​ថា “​វាល​ពិឃាត​របស់​វេជ្ជបណ្ឌិត​ហាំង​ង៉ោ​” ដែល​ផលិត​ដោយ​អ្នក​ផលិតភាព​យន្ត​ឯកសារ​អាមេរិក​ឈ្មោះ Arthur Dong នេះ​បើ​តាម​សេចក្ដីប្រកាស​របស់​ស្ថានទូត​អាមេរិក​ចុះ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៥។


សេចក្ដីប្រកាស​របស់​ស្ថានទូត បាន​ឲ្យ​ដឹង​ថា ការ​បញ្ចាំង​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សុក្រ​ទី​២១ ខែសីហា ឆ្នាំ​២០១៥ វេលា​ម៉ោង​៥ និង​៣០ ល្ងាច​នៅ​រោង Major Cineplex by Cellcard ជាន់​ទី​២ ក្នុង​ផ្សា​ទំនើប​អី​អន​។ ការ​បញ្ចាំង​នេះ គឺ​សំរាប់​តែ​អ្នក​ដែល​មាន​សំបុត្រ​អញ្ជើញ​តែប៉ុណ្ណោះ​។ ការ​បញ្ចាំង​ជា​បន្ថែមទៀត នឹង​បើក​អោយ​សាធារណជន​ចូល​មើល​តាម​ពេលវេលា និង​ទីកន្លែង​មួយចំនួន​រួមមាន ថ្ងៃទី ២២ សីហា​ម៉ោង  ៦:៣០ ល្ងាច​នៅ​សាលាបឋមសិក្សា​ស្មៅ​ខ្ញី​ហាំង​ង៉ោ​ខេត្តតាកែវ​, ថ្ងៃទី​២៥ សីហា ម៉ោង​៦ និង​៣០ ល្ងាច​នៅ​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ​ខេត្តបាត់ដំបង​, ថ្ងៃទី​២៦ សីហា ម៉ោង​៦ និង​៣០​នាទី ល្ងាច​នៅ​មជ្ឈមណ្ឌល​ខេ​មរ​សិក្សា (CKS) វត្ត​ដំណាក់ ខេត្តសៀមរាប​, ថ្ងៃទី​២៨ ខែសីហា ម៉ោង​៣ រសៀល​នៅ​រោងភាពយន្ត Major Cineplex by Cellcard ជាន់​ទី​២ ក្នុង​ផ្សា​ទំនើប​អី​អន​ភ្នំពេញ​។​


​តាម​សេចក្តីប្រកាស​របស់​ស្ថានទូត​ដដែល​បាន​ឲ្យ​ដឹង​ថា ភាពយន្ត​ឯកសារ​ស្តីពី​វាល​ពី​ឃាត​នេះ​របស់​វេជ្ជបណ្ឌិត​ហាំង​ង៉ោ រៀបរាប់​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​តាមរយៈ​ពាក្យសំដី និង​រឿងរ៉ាវ​របស់​មនុស្សម្នា​ក់​ក្នុងចំណោម​មនុស្ស​ល្បីៗ​ជាច្រើន​នាក់​ដែល​បាន​រួច​ជីវិត​។ លោក​ហាំង​ង៉ោ​គឺជា​វេជ្ជបណ្ឌិត​និង​ជា​អ្នក​សំដែង​ភាពយន្ត ដែល​មនុស្ស​ជាច្រើន​បាន​ស្គាល់​លោកតា​មរយៈ​ការដើរ​តួ​ជា​អ្នកសារព័ត៌មាន​ឈ្មោះ ឌិ​ត​ប្រ​ន​នៅក្នុង​ភាពយន្ត​វាលពិឃាត​ដែល​ផលិត​ក្នុង​ឆ្នាំ ១៩៨៤ ដោយ​ការសំដែង​របស់​លោក​ក្នុង​ភាពយន្ត​នេះ​ធ្វើអោយ​លោក​ទទួលបាន​រង្វាន់ Academy Award ក្នុង​ឆ្នាំ ១៩៨៥ ចំពោះ​ការសំដែង​បាន​ល្អ​បំផុត​ជា​តួរង។ លោក​ហាំង​ង៉ោ​បាន​ទៅ​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក​បន្ទាប់​ពី​បាន​រួច​ជីវិត​ពីរ​បប​ខ្មែរក្រហម​ហើយ​បាន​ស្លាប់​នៅក្នុង​ឆ្នាំ ១៩៩៦។


អ្នកសារព័ត៌មាន​ដែល​ចង់​យក​ព័ត៌មាន​ពី​ការ​បញ្ចាំងភាពយន្ត​ឯកសារ​នេះ​ត្រូវ​ចុះឈ្មោះ​ជាមួយ​ផ្នែក​កិច្ចការ​សាធារណៈ​របស់​ស្ថានទូត​អាមេរិក​តាម​ទូរស័ព្ទ​លេខ ០២៣ ៧២៨ ២៥៨ ឬ​តាម​អី​ម៉េ​ល Chreav@state.gov ត្រឹម​ថ្ងៃ​ពុធ​ទី​១៩ ខែសីហា វេលា​ម៉ោង​៥ រសៀល​៕



ការ​បញ្ចាំងភាពយន្ត​ឯកសារ “​វាលពិឃាត​របស់​វេជ្ជបណ្ឌិត​ហាំង​ង៉ោ​

Post a Comment

0 Comments

Close Menu