ភ្នំពេញ ៖ លោកជំទាវ ម៉ែន សំអន បានផ្ដល់អនុសាសន៍ល្អៗដើម្បីឲ្យនារី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបន្ដពង្រឹង បង្កើនសមត្ថភាព ចូលរួមអភិវឌ្ឍន៍សង្គមជាតិ ព្រោះនារីជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់មិនអាចខ្វះបាន រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិឲ្យនារីចូលរួមជាកម្លាំងចលករ ដ៏សំខាន់ ក្នុងការរួមចំណែក ជំរុញ ប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍន៍ សេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ប្រកបដោយនិរន្តរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា លោកជំទាវម៉ែន សំអន បានផ្តល់អនុសាសន៍ដ៏មានតម្លៃបែបនេះ ក្នុងខណៈដែលលោកជំទាវ បានចូលរួមជាអធិបតី ក្នុងពីធីប្រកាសទទួលស្គាល់ សាខាគណៈកម្មការសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ចំនួន៥៤១រូប និងសមាជិកចំនួន៥៥៤រូប របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីវេលាម៉ោង១៥និង២០ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥នៅទីស្ដីការក្រសួង។ ដោយឡែកលោកឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មាធិការសាខាសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ បានបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បច្ចុប្បន្ន មានស្ដ្រី បម្រើការងារលើវិស័យសិល្បៈចំនួន៥៥៤នាក់ ហើយបានដើរតួនាទី ដ៏សំខាន់ក្នុងការចូលរួមផ្សព្វផ្សាយវប្បធម៌ និងវិចិត្រសិល្បៈទៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដើម្បីចូលរួមលើកកម្ពស់សីលធម៌សង្គមជាតិទាំងមូល។
លោកបន្ដថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំបង្កើតសមាជិក សមាគមនារីកកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍នេះឡើង គឺក្នុងគោលបំណង ដើម្បីចូលរួមចំណែកធ្វើ ឲ្យនារីយល់ដឹងអំពីសិទ្ធិ និងតួនាទីភារកិច្ច របស់ខ្លួននៅក្នុងសង្គម និងដើម្បីឈានទៅលុបបំបាត់ចោល នូវទស្សនៈ ការមើលស្រាលខ្វះជំនឿ ជឿជាក់លើខ្លួនឯង ហើយខិតខំបង្កើនសមត្ថភាព និងយកអស់លទ្ធភាព ចូលរួមចំណែក ឲ្យបានទូលំទូលាយ ក្នុងការសម្រេចឲ្យបាន នូវផែនការទាំងឡាយ ស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល។
លោកជំទាវម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ថា ស្ត្រីគឺជាឆ្អឹងខ្នងសេដ្ឋកិច្ច របស់ប្រទេសជាតិ ជាមួយនេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីលោកក៏បានគាំទ្រ និងលើកកម្ពស់តួនាទីស្ត្រី ឲ្យកាន់តែមានតម្លៃ ដោយយល់ឃើញថា ស្រី្ដកំពុងត្រូវបានចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមជាតិ និងចាត់ទុកស្ត្រីជាត្បូងពេជ្រ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ លោកជំទាវបន្ដថា កន្លងមកក៏ដូចបច្ចុប្បន្ន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកិតិ្ដយស សមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ លោកតែងតែផ្តល់ជំនួយស្មារតី និងសម្ភារៈដល់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីខ្មែរ និងគ្រួសារខ្មែរ ព្រមទាំងលើកទឹកចិត្ដដល់នារី នៅគ្រប់បណ្ដាក្រសួង មន្ទីរ អង្គភាព ពាក់ព័ន្ធនានា ឲ្យមានតម្លៃ និងមានលទ្ធភាពបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះសម្តេចកិតិ្ដព្រឹទ្ធបណ្ឌិត បានដើរតួយ៉ាងសំខាន់ និងសកម្មបំផុត ក្នុងការងារអភិវឌ្ឍន៍ស្ត្រីរួមមានការបង្កើតតំបន់អភិវឌ្ឍន៍ស្ត្រីខ្មែរជាច្រើន ដើម្បីបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈ ការថែរទាំសុខភាព ការផ្តល់កិច្ចការគាំពារ និងការជួយដោះស្រាយទុកលំបាកផ្សេងៗទៀត ដល់ស្ត្រីទីទាល់ក្រ និងស្ដ្រីងាយរងគ្រោះ ហើយលើសពីនេះ ទៅទៀតសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ក៍បានលើកតម្កើងផ្តល់កិត្តិយស ដល់ស្ត្រីកាន់តែខ្ពស់នៅក្នុងកិច្ចការងារនយោបាយ, សេដ្ឋកិច្ច, វប្បធម៌, ពាណិជ្ជកម្ម, ឧស្សាហកម្ម, កសិសកម្ម និងទេសចរណ៍៕
លោកជំទាវម៉ែន សំអន ៖ សមាសភាពនារីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបង្កើនសមត្ថភាពចូលរួមអភិវឌ្ឍន៍ប្រទេស
0 Comments