ក្រុមអ្នកសង្គ្រោះ កាលពីថ្ងៃសុក្រនេះ បានទាញយកអ្នកនៅរស់ម្នាក់ ចេញពីគំនរបាក់បែកនៃឃ្លាំងមួយដែលស្ថិតនៅក្រុង Tianjin ភាគឦសាននៃប្រទេសចិន ដែលរងការផ្ទុះដ៏ខ្លាំងក្លាដល់ទៅ២លើក នេះជាការនិយាយប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទកាសែតដ៏ខ្លីមួយធ្វើឡើងដោយមន្ដ្រីមួយរូបនៃទីក្រុងនេះ។
ចំនួនមនុស្សស្លាប់ពីការផ្ទុះនៅក្នុងឃ្លាំងផ្ទុកសារធាតុគីមីមួយកន្លែងនៅភាគឦសាននៃទីក្រុងនោះ បានឡើងដល់៥០នាក់ហើយ។ ដោយឡែកមានមនុស្សជាង៧០០នាក់ រងរបួស ហើយគេមានការភ័យខ្លាចអំពីករណីដែលសារធាតុគីមីពុល អាចសាយភាយចូលទៅក្នុងលំហអាកាស។
បង្អួច និងបំណែកផ្សេងៗនៃអគារទាំងឡាយ ប៉ើងរប៉ាត់រប៉ាយនៅក្នុងក្រុង Tianjin នោះ គឺរយៈពេល១ថ្ងៃ បន្ទាប់ពីមានការផ្ទុះជាបន្ដបន្ទាប់ដែលធ្វើឲ្យរង្គើទូទាំងទីក្រុងទាំងមូលកាលពីថ្ងៃ ពុធកន្លងមក។
រយៈពេលជាច្រើនម៉ោង បន្ទាប់ពីការផ្ទុះដល់ទៅ២លើក បានកើតមានមក ផ្សែងនៅតែហុយ ដែលគេអាចមើលឃើញនៅក្នុងលំហអាកាស។ ប៉ូលិសបាននិយាយថា អាទិភាពរបស់ខ្លួននោះគឺ ការតាមស្វែងរក និងជួយសង្គ្រោះ គឺមិនមែនទៅពន្លត់អគ្គិភ័យដែលកំពុងឆាបឆេះនៅឡើយនោះទេ ដោយគេចង់ឲ្យសារធាតុគីមីទាំងអស់ត្រូវឆេះជាស្ថាពរ។
បណ្ដាញផ្សព្វផ្សាយរបស់រដ្ឋបាននិយាយថា ការផ្ទុះនាពេលនេះ ស្ថិតនៅក្រោមការគ្រប់គ្រងបានហើយ តាំងពីពេលល្ងាចថ្ងៃព្រហស្បតិ៍។ ប៉ុន្ដែអ្នកស្រុកដែលរស់នៅក្នុងក្រុងនោះវិញ នៅតែភ័យខ្លាចក្រែងសារធាតុពុលនៃគីមីទាំងនោះ សាយភាយចូលទៅក្នុងលំហអាកាស។ របាយការណ៍ផ្លូវការរបស់ប្រទេសចិន បានថ្កោលទោសទៅលើការផ្ទុះដែលនាំឲ្យមានការឆាបឆេះនូវសារធាតុគីមីដ៏គ្រោះថ្នាក់កើតមាននៅក្នុងឃ្លាំងមួយកន្លែង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Ruihai International Logistics។ ប៉ុន្ដែប្រមុខនៃការិយាល័យការពារបរិស្ថាននៃក្រុង Tianjin វិញ បាននិយាយថា បើទោះបីជាសារធាតុពុលទាំងអស់នោះសាយភាយទៅក្នុងខ្យល់អាកាសយ៉ាងណាក្ដី ក៏វាមិនមានកម្រិតនិងបរិមាណខ្ពស់នោះទេ។
គួររំលឹកថា ការផ្ទុះនោះត្រូវបានចាត់ទុកថា ជាការផ្ទុះដ៏ធំបំផុត ដែលគេអាចមើលឃើញពីលំហអាកាសមក។ រូបថតនៃផ្កាយរណបដែលផ្សាយដោយទីភ្នាក់ងារឧតុនិយមនៃប្រទេសជប៉ុន បានបង្ហាញឲ្យឃើញចំណុចពណ៌សមួយកាន់តែរីកធំឡើងៗ ដែលនោះគឺជាកន្លែងផ្ទុះនៃឃ្លាំងស្ដុកសារធាតុគីមីនោះតែម្ដង។ ទន្ទឹមនឹងនោះ ការផ្ទុះដល់ទៅ២លើកនេះ បានបណ្ដាលឲ្យអ្នកស្រុកដល់ទៅរាប់ពាន់នាក់បាត់ទីជម្រក ហើយអាជ្ញាធរកំពុងតែស្វះស្វែងរកទីកន្លែងជម្រកជាបណ្ដោះអាសន្នសម្រាប់អ្នកស្រុកទាំងអស់នោះ។
លោកប្រធានាធិបតី Xi Jinping នៃប្រទេសចិន បានមានប្រសាសន៍ថា អ្នកដែលត្រូវទទួលខុសត្រូវចំពោះការផ្ទុះទាំងនោះនឹងត្រូវផ្ដន្ទាទោសយ៉ាងធ្ងន់បំផុត៕
The Guardian/Reuters
កិច្ចខិតខំប្រឹងប្រែង និងសង្គ្រោះមនុស្ស នៅតែធ្វើជាបន្ដនាកន្លែងផ្ទុះ នៅក្រុង Tianjin
0 Comments