សារព័ត៌មានរដ្ឋ បានរាយការណ៍ថា ឧបនាយករដ្ឋមន្ត្រីចិន គឺលោកស្រីលាវ យ៉ាទុង បានធ្វើដំណើរទៅសួរសុខទុក្ខ ជនរងគ្រោះនៅក្នុងមន្ទីរពេទ្យក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បន្ទាប់ពីមានឧប្បត្តិហេតុផ្ទុះដ៏ធំមួយនៅក្នុងឃ្លាំងស្តុកសារធាតុគីមី ក្នុងទីក្រុងធានជីន ស្ថិតនៅភាគឦសានប្រទេសចិន ដោយបានសម្លាប់មនុស្សយ៉ាងហោច៥០នាក់ ក្នុងនោះរួមទាំងក្រុមភ្នាក់ងារពន្លត់អគ្គីភ័យជាច្រើននាក់ផងដែរ។
ស្ថានីយទូរទស្សន៍ CCTVបានរាយការណ៍ថា លោកស្រីលាវ បានចុះសួរសុខទុក្ខអ្នករងរបួស និងក្រុមបុគ្គលិកនៅក្នុងមន្ទីរពេទ្យ២កន្លែងកាលពីល្ងាចថ្ងៃព្រហស្បតិ៍។
លោកស្រី បានរៀបចំកិច្ចប្រជុំមួយផងដែរជាមួយក្រុមអាជ្ញាធរក្នុងស្រុក ដើម្បីបញ្ជាឲ្យមានប្រតិបត្តិការរុករក និងសង្គ្រោះបន្ទាន់មួយនៅថ្ងៃសុក្រនេះ។
នៅថ្ងៃនេះដែរ ក្រុមជំនាញកំពុងស្វែងរកពន្លឺខ្លះៗ ដើម្បីបញ្ជាក់ពីមូលហេតុដែលនាំឲ្យអគ្គីភ័យនេះកើតឡើង ខណៈដែលក្រុមហ៊ុនបរទេស និងក្នុងស្រុកកំពុងធ្វើការវាយតម្លៃពីផលខូចខាតនៃប្រតិបត្តិការរបស់ពួកគេ។
សូមបញ្ជាក់ថា មនុស្សយ៉ាងហោច៧០០នាក់ បានរងរបួស ក្នុងនោះជាង៧០នាក់ ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ៕
ឧបនាយករដ្ឋមន្ត្រីចិន ចុះសួរសុខទុកជនរងគ្រោះដោយសារការផ្ទុះឃ្លាំងស្តុក
0 Comments